ឥណ្ឌាបន្តរឹតបន្តឹងខ្លាំង និងព្រមានអំពីការប្រើប្រាស់កម្មវិធីផ្ញើសារ Telegram នៅក្នុងប្រទេសឥណ្ឌា
10-07-2026 15:18
(បរទេស)៖ រដ្ឋាភិបាលឥណ្ឌាបានបង្កើនការរឹតបន្តឹងកាន់តែខ្លាំងលើប្រព័ន្ធអ៊ីនធឺណិត ដោយបានផ្ញើលិខិតជូនដំណឹងទៅកាន់កម្មវិធីផ្ញើសារល្បីៗ Telegram និង Signal។ ការចាត់វិធានការនេះ ធ្វើឡើងបន្ទាប់ពីមានក្តីបារម្ភថា មុខងារប្រើប្រាស់ឈ្មោះសម្គាល់ ឬ Username (ដែលអនុញ្ញាតឱ្យគេទាក់ទងគ្នាដោយមិនបាច់ប្រាប់លេខទូរសព្ទ) អាចបើកដៃឱ្យមានការបន្លំធ្វើជាគណនីអ្នកដទៃ និងការយកទៅប្រើប្រាស់ក្នុងផ្លូវខុសផ្សេងៗ ដែលប៉ះពាល់ដល់សន្តិសុខឌីជីថល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលដែលសុំមិនបញ្ចេញឈ្មោះបានទម្លាយថា៖ «បណ្តាញផ្ញើសារទាំងនោះ ត្រូវបានតម្រូវឱ្យពន្យល់អំពីវិធានការការពារដែលមានស្រាប់ ដើម្បីការពារអ្នកប្រើប្រាស់ ដែលនេះជាផ្នែកមួយនៃការជំរុញរបស់រដ្ឋាភិបាលក្នុងការពង្រឹងគណនេយ្យភាពនៅលើបណ្តាញឌីជីថល»។
ការវិវត្តចុងក្រោយនេះ បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាក៏បានបញ្ជាឱ្យកម្មវិធី WhatsApp របស់ក្រុមហ៊ុន Meta ផ្អាកការដាក់ឱ្យដំណើរការមុខងារ Username នេះដូចគ្នា ក្នុងគោលបំណងទប់ស្កាត់មិនឱ្យអ្នកប្រើប្រាស់លាក់បាំងអត្តសញ្ញាណ ឬលេខទូរសព្ទរបស់ខ្លួនពេលផ្ញើសារទៅកាន់អ្នកដទៃ ពោលគឺនៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារធំបំផុតរបស់ WhatsApp មានអ្នកប្រើប្រាស់ជាង ៥០០លាននាក់។
គួររំលឹកថា យុទ្ធនាការក្តៅរបស់ប្រទេសឥណ្ឌាទៅលើបណ្តាញអនឡាញអន្តរជាតិ បានឈានដល់ដំណាក់កាលកាន់តែតានតឹងខ្លាំង តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ (Block) កម្មវិធី Telegram ទាំងស្រុងនៅក្នុងប្រទេស ជុំវិញការព្រួយបារម្ភពីការលេចធ្លាយវិញ្ញាសាប្រឡងថ្នាក់ជាតិ និងសកម្មភាពល្បែងស៊ីសងខុសច្បាប់។ ចំណាត់ការបន្តបន្ទាប់នេះ ក៏បានធ្វើឡើងបន្ទាប់ពីមានទំនាស់ជាច្រើនឆ្នាំជាមួយបណ្តាញសង្គម X របស់លោក Elon Musk ជុំវិញបទបញ្ជាឱ្យលុបចោលនូវមាតិកាមិនសមស្របមួយចំនួនផងដែរ៕










