វិបត្តិសុខភាពបង្ខំចិត្ត! ស្រ្តីខ្លាំងប្រធានផ្នែក AGI របស់ OpenAI ប្រកាសលាលែងពីតំណែង ទាំងសោកស្តាយ

10-07-2026 16:16

(បរទេស)៖ លោកស្រី Fidji Simo នាយិកាប្រតិបត្តិជាន់ខ្ពស់ទទួលបន្ទុកផ្នែកដាក់ពង្រាយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ (AGI Deployment) នៃក្រុមហ៊ុន OpenAI ដែលជាម្ចាស់បង្កើតកម្មវិធី ChatGPT បានប្រកាសលាលែងពីតំណែងពេញម៉ោងរបស់ខ្លួនហើយ ដើម្បីប្តូរមកធ្វើជាទីប្រឹក្សាផ្នែកខ្លះវិញ បន្ទាប់ពីជំងឺរ៉ាំរ៉ៃទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទ (POTS) បានរើឡើងវិញយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

លោកស្រី Simo ដែលជាបុគ្គលមានឥទ្ធិពលម្នាក់ក្នុងវិស័យបច្ចេកវិទ្យា និងជាអតីតមេធំគ្រប់គ្រងកម្មវិធី Facebook របស់ក្រុមហ៊ុន Meta ផងនោះ បានរៀបរាប់ទាំងសោកស្តាយនៅលើបណ្តាញសង្គម X ថា៖ «វាបានបង្ហាញច្បាស់ថា ផ្លូវឆ្ពោះទៅរកការជាសះស្បើយឡើងវិញ គឺមានភាពវែងឆ្ងាយ និងស្មុគស្មាញជាងអ្វីដែលខ្ញុំបានរំពឹងទុកឆ្ងាយណាស់ ហើយខ្ញុំចាំបាច់ត្រូវតែផ្តោតអារម្មណ៍លើវាឱ្យបានពេញលេញ»

ជុំវិញការបាត់បង់ថ្នាក់ដឹកនាំដ៏សំខាន់នេះ លោក Sam Altman នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន OpenAI បានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងបានបង្ហោះសារថា៖ «ខ្ញុំពិតជាមានទុក្ខក្រៀមក្រំចំពោះរឿងនេះ និងមានសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្វីៗគ្រប់យ៉ាងដែល Fidji បានធ្វើសម្រាប់ OpenAI ហើយកាន់តែដឹងគុណចំពោះមិត្តភាពរបស់នាង ក៏ដូចជាអត្តចរិតផ្ទាល់ខ្លួនរបស់នាង»។ តាមប្រភពផ្ទៃក្នុងពី Bloomberg ភារកិច្ចរបស់លោកស្រី នឹងត្រូវបែងចែកគ្រប់គ្រងដោយថ្នាក់ដឹកនាំកំពូល ៣ រូបផ្សេងទៀត រួមទាំងប្រធានក្រុមហ៊ុនលោក Greg Brockman ផងដែរ។

ការដើរចេញពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ កើតឡើងចំពេលដែល OpenAI កំពុងតែសម្រុកល្បឿនរៀបចំខ្លួនបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) និងទើបតែបានដាក់បង្ហាញ «Super-app» ថ្មីមួយ ដែលរួមបញ្ចូលភ្នាក់ងារ AI (AI agent) ទំនើបដើម្បីជួយសម្រាលការងារការិយាល័យ និងការសរសេរកូដ។ នេះជាយុទ្ធសាស្ត្រថ្មីដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់ក្រុមហ៊ុន ពីការផ្តោតលើកម្មវិធីធម្មតា មកជាការដាក់ពង្រាយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ដែលមានសមត្ថភាពឆ្លាតវៃដូចខួរក្បាលមនុស្ស (Artificial General Intelligence - AGI) ទាំងស្រុង។

គួរជម្រាបថា ជំងឺ POTS ដែលលោកស្រី Simo កំពុងប្រឈមមុខ គឺជាស្ថានភាពជំងឺប្រព័ន្ធសរសៃប្រសាទស្វ័យប្រវត្តិដ៏កម្រមួយដែលមិនទាន់មានថ្នាំព្យាបាលឱ្យជាសះស្បើយនៅឡើយ ដែលធ្វើឱ្យអ្នកជំងឺងាយវិលមុខ សន្លប់ និងចង្វាក់បេះដូងកើនឡើងខុសប្រក្រតី។ ទោះជាយ៉ាងណា ស្រ្តីខ្លាំងរូបនេះនៅតែបង្ហាញក្តីសង្ឃឹមខ្ពស់លើវិស័យបច្ចេកវិទ្យា ដោយលោកស្រីបានគូសបញ្ជាក់នៅចុងបញ្ចប់ថា៖ «សម្រាប់ពេលនេះ ការផ្តោតអារម្មណ៍របស់ខ្ញុំគឺការស្តារសុខភាពឡើងវិញ។ ប៉ុន្តែជំនឿរបស់ខ្ញុំលើសក្តានុពលនៃបច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហាដ៏ជ្រាលជ្រៅរបស់មនុស្សជាតិ គឺមិនដែលប្រែប្រួលឡើយ»