ក្លឹបសិក្សាធនាគារ និងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន (PBAFC) នឹងរៀបចំកម្មវិធី BAF Forum 3.0 ក្រោមប្រធានបទ «កសាងទ្រព្យសម្បត្តិរបស់អ្នកក្នុងវ័យ ២០ ឆ្នាំ»
10-07-2026 17:01
(ភ្នំពេញ)៖ ក្លឹបសិក្សាធនាគារ និងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន (Paragon.U Banking and Finance Club – PBAFC) នឹងរៀបចំកម្មវិធី BAF Forum 3.0 ក្រោមប្រធានបទ «កសាងទ្រព្យសម្បត្តិរបស់អ្នកក្នុងវ័យ ២០ ឆ្នាំ – Building Your Wealth in Your 20s» នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងបរិវេណសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ដោយមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញឱ្យយុវជនមានការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយប្រសិទ្ធភាព។
BAF Forum 3.0 គឺជាវេទិកាមួយដែលបង្កើតឡើងដើម្បីផ្តល់ឱកាសដល់និស្សិត និងយុវជនក្នុងការសិក្សាពីគោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការសន្សំ ការវិនិយោគ ការបង្កើតអាជីវកម្ម និងការកសាងទ្រព្យសម្បត្តិតាំងពីវ័យក្មេង។ កម្មវិធីនេះក៏មានគោលបំណងជួយឱ្យអ្នកចូលរួមអាចអនុវត្តចំណេះដឹងទាំងនេះក្នុងជីវិតប្រចាំថ្ងៃ និងត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍអាជីពនាពេលអនាគត។
នៅក្នុងកម្មវិធីនេះដែរ នឹងមានវាគ្មិនកិត្តិយស រួមមាន លោក Sovannprina Kiet និង អ្នកនាង Socheata Sueng ដែលសុទ្ធសឹងជាអ្នកមានបទពិសោធន៍ក្នុងវិស័យសហគ្រិនភាព ការវិនិយោគ និងការបង្កើតមាតិកាឌីជីថល (Content Creation)។ វាគ្មិនទាំងពីររូប នឹងចែករំលែកចំណេះដឹង បទពិសោធន៍ផ្ទាល់ខ្លួន ទស្សនៈ និងគន្លឹះសំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងកសាងទ្រព្យសម្បត្តិ ក៏ដូចជាវិធីសាស្ត្រក្នុងការបង្កើតឱកាស និងអភិវឌ្ឍអាជីពនៅក្នុងយុគសម័យឌីជីថល។ លើសពីនេះ អ្នកចូលរួមក៏នឹងមានឱកាសសួរសំណួរ ផ្លាស់ប្តូរទស្សនៈ និងបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ និងនិស្សិតមកពីគ្រឹះស្ថានអប់រំផ្សេងៗផងដែរ។
កម្មវិធី BAF Forum 3.0 ទទួលបានការគាំទ្រនិងអ្នកឧបត្ថម្ភជាទឹកប្រាក់ (Gold Sponsor) ពី ដេប៉ាតឺម៉ង់ធនាគារ និងហិរញ្ញវត្ថុ (Department of Banking and Finance) នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ព្រមទាំង អ្នកឧបត្ថម្ភជាសម្ភារៈ (In-kind Sponsors) រួមមាន Bakeology Phnom Penh និង THE COLLECTOR LOUNGE ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅដោយជោគជ័យ។
PBAFC នៅតែបន្តបេសកកម្មរៀបចំកម្មវិធី BAF Forum លើកទី៣ ជាមួយនិងបំណងក្នុងការផ្សារភ្ជាប់ចំណេះដឹងក្នុងថ្នាក់រៀនទៅនឹងការអនុវត្តជាក់ស្តែង និងលើកកម្ពស់វប្បធម៌នៃការសិក្សាអំពីហិរញ្ញវត្ថុក្នុងចំណោមយុវជនកម្ពុជា។ Paragon.U Banking and Finance ក្លឹបជឿជាក់ថា ការចាប់ផ្តើមស្វែងយល់អំពីការគ្រប់គ្រងហិរញ្ញវត្ថុ និងការកសាងទ្រព្យសម្បត្តិចាប់តាំងពីវ័យ ២០ ឆ្នាំ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ភាពជោគជ័យ និងស្ថិរភាពហិរញ្ញវត្ថុនាពេលអនាគត។
PBAFC សូមអញ្ជើញនិស្សិត យុវជន និងសាធារណជនដែលមានចំណាប់អារម្មណ៍លើការគ្រប់គ្រងហិរញ្ញវត្ថុ ការវិនិយោគ និងការកសាងទ្រព្យសម្បត្តិ ចូលរួមក្នុងកម្មវិធី BAF Forum 3.0 ដើម្បីទទួលបានចំណេះដឹងថ្មីៗ បទពិសោធន៍ពីអ្នកជំនាញ និងបង្កើតបណ្តាញទំនាក់ទំនងដែលអាចជួយដល់ការអភិវឌ្ឍខ្លួន និងអាជីពនាពេលអនាគត៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ គេហទំព័រផ្លូវការ៖ https://www.facebook.com/share/1CffMS6Z4m/?mibextid=wwXIfr និងទូរស័ព្ទលេខ ០១២ ២០០ ៧៧៧ ; ០៩៧ ៣៧២ ១១២៤





