ធនាគារ ខេប៊ីប្រាសាក់ បន្តរួមចំណែកលើកកម្ពស់ការងារ និងការអភិវឌ្ឍជំនាញនៅកម្ពុជា

10-07-2026 17:55

(ភ្នំពេញ)៖ គណៈគ្រប់គ្រងរបស់ធនាគារ ខេប៊ីប្រាសាក់ ដឹកនាំដោយ លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ បានចូលជួបសម្តែងការគួរសមជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនោះ ធនាគារ ខេប៊ីប្រាសាក់ មានកិត្តិយសទទួលបាន លិខិតថ្លែងអំណរគុណ ពីលោករដ្ឋមន្ត្រី ចំពោះការឧបត្ថម្ភ និងការគាំទ្ររបស់ធនាគារ ក្នុងការរៀបចំ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ 2026

ការទទួលបានលិខិតនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈការគាំទ្រដល់ការបង្កើតឱកាសការងារ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មកម្ពុជា។ ធនាគារជឿជាក់ថា ការវិនិយោគលើធនធានមនុស្ស គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាងសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព។

ធនាគារ ខេប៊ីប្រាសាក់ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងភាគីពាក់ព័ន្ធនានា ដើម្បីគាំទ្រដល់ការបង្កើតការងារ ការអភិវឌ្ឍជំនាញ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព។
គួរបញ្ជាក់ថា ធនាគារ ខេប៊ីប្រាសាក់ សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យប្រើប្រាស់សេវាទូទាត់វិក្កយបត្ររបស់ក្រសួងប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងមិនគិតកម្រៃសេវាសម្រាប់អតិថិជន។ បន្ថែមពីនេះ ធនាគារ ខេប៊ីប្រាសាក់ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់កម្ចីគ្មានទ្រព្យធានាដល់ពលករ និងសិក្ខាកាមទៅធ្វើការនៅបរទេស ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចសហការនេះមានគោលបំណងជួយគាំទ្រក្នុងការផ្ដល់ឱកាសការងារដល់ពលករកម្ពុជា៕