ក្រុមហ៊ុន Apple ដាក់ពាក្យប្ដឹង OpenAI ពីបទលួចការសម្ងាត់ពាណិជ្ជកម្ម ដើម្បីផលិតឧបករណ៍ Hardware AI
11-07-2026 09:58
(សហរដ្ឋអាមេរិក)៖ ក្រុមហ៊ុន Apple បានដាក់ពាក្យប្ដឹងក្រុមហ៊ុន OpenAI ដែលជាម្ចាស់កម្មវិធី ChatGPT រួមទាំងអតីតបុគ្គលិករបស់ Apple ចំនួនពីររូប ទៅកាន់តុលាការសហព័ន្ធអាមេរិកនៅរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយចោទប្រកាន់ពីបទលួច និងកេងប្រវ័ញ្ចលើ «ការសម្ងាត់ពាណិជ្ជកម្ម» របស់ខ្លួន ដើម្បីយកទៅជួយពន្លឿនការផលិតឧបករណ៍បច្ចេកវិទ្យា (Hardware) ផ្ទាល់ខ្លួនរបស់ OpenAI។
យោងតាមពាក្យបណ្ដឹង ក្រុមហ៊ុន Apple បានចោទ ក្រុមហ៊ុន OpenAI ថាបានរៀបចំយុទ្ធនាការជាប្រព័ន្ធក្នុងការអូសទាញបុគ្គលិក និងលួចយកព័ត៌មានសម្ងាត់របស់ Apple រួមមាន ប្លង់រចនាផលិតផល, ដំណើរការសង្វាក់ផលិតកម្ម និងយុទ្ធសាស្ត្រខ្សែសង្វាក់ផ្គត់ផ្គង់។ ជនជាប់ចោទដែលជាអតីតបុគ្គលិកសំខាន់ៗពីររូបរួមមាន លោក Tang Yew Tan អតីតអនុប្រធានផ្នែករចនាផលិតផល iPhone និង Apple Watch ដែលបច្ចុប្បន្នជាប្រធានផ្នែក Hardware របស់ OpenAI។ Apple ចោទថា លោកបានផ្ញើឯកសារសម្ងាត់របស់ Apple ទៅកាន់អ៊ីមែលផ្ទាល់ខ្លួន និងបានណែនាំបេក្ខជនដែលមកសម្ភាសន៍ការងារនៅ OpenAI ឱ្យយកគ្រឿងបន្លាស់សម្ងាត់របស់ Apple មកបង្ហាញក្នុងម៉ោងសម្ភាសន៍។ ទី២ គឺលោក Chang Liu ជាអតីតវិស្វករអគ្គិសនីជាន់ខ្ពស់របស់ Apple។ គាត់ត្រូវបានចោទប្រកាន់ថា មិនបានប្រគល់កុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុនវិញ និងបានលួចចូលប្រព័ន្ធផ្ទៃក្នុងរបស់ Apple ដើម្បីទាញយកឯកសារសម្ងាត់រាប់សិបច្បាប់ទាក់ទងនឹងផលិតផលដែលមិនទាន់ប្រកាសជាផ្លូវការ។
បន្ថែមពីនេះ Apple បានទម្លាយថា កាលពីខែកុម្ភៈ ខ្លួនធ្លាប់បានទាក់ទងទៅសួរនាំ OpenAI ជុំវិញការសង្ស័យលើការលេចធ្លាយព័ត៌មានសម្ងាត់នេះដែរ ប៉ុន្តែមិនទទួលបានការឆ្លើយតបណាមួយឡើយ ទើបឈានដល់ការសម្រេចចិត្តដាក់ពាក្យប្ដឹងដើម្បីទាមទារសំណង និងសុំដីកាហាមឃាត់មិនឱ្យ OpenAI ប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនបន្តទៀត។ ការប្ដឹងផ្ដល់ដ៏ក្ដៅគគុកនេះ បានធ្វើឱ្យទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរ ដែលធ្លាប់ជាដៃគូសហការគ្នាក្នុងការដាក់បញ្ចូល ChatGPT ទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ Apple កាលពីឆ្នាំ២០២៤ បានប្រេះឆាទាំងស្រុង ហើយវាក៏អាចប៉ះពាល់ដល់គម្រោងចូលផ្សារ (IPO) របស់ OpenAI នាពេលខាងមុខផងដែរ៕









