ក្រោយផ្ទុះការរិះគន់រឿងឯកជនភាព Meta សម្រេចលុបចោលមុខងារ AI ថ្មីវិញភ្លាមៗ ក្រោយដាក់ឱ្យប្រើបានត្រឹមប៉ុន្មានថ្ងៃ
11-07-2026 10:43
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta បានប្រកាសបញ្ឈប់មុខងារ AI ថ្មីមួយដែលមានឈ្មោះថា «Muse Image» ភ្លាមៗ ក្រោយដាក់ឱ្យដំណើរការបានត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ការសម្រេចចិត្តដកថយវិញទាំងបង្ខំនេះ ធ្វើឡើងបន្ទាប់ពីមានរលកនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់ និងសហជីពសិល្បករល្បីៗជុំវិញពិភពលោក ដោយសារតែមុខងារនេះបានកំណត់ឱ្យដំណើរការដោយស្វ័យប្រវត្តិ (Automatic Opt-in) ដើម្បីយករូបថតពីគណនី Instagram សាធារណៈរបស់មនុស្សគ្រប់គ្នាមកបង្កើត និងកែច្នៃជាទិន្នន័យ AI។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។
មុខងារ «Muse Image» ត្រូវបានបង្កើតឡើងដោយមន្ទីរពិសោធន៍ Meta Superintelligence Labs និងបានបញ្ជ្រាបចូលទៅក្នុងកម្មវិធី Meta AI Chatbot ដោយវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់យករូបថតមកធ្វើជាទិន្នន័យបញ្ចូល និងកែសម្រួលរូបភាពដែលបង្កើតឡើងនោះដោយផ្ទាល់តាមរយៈការគូរព្រាង។ ភ្លាមៗនោះ តារាសម្តែងល្បីឈ្មោះកញ្ញា Hannah Einbinder រួមទាំងសហជីពតំណាងតួសម្តែងហូលីវូដ SAG-AFTRA បានចេញមុខជម្រុញឱ្យអ្នកប្រើប្រាស់ប្រញាប់បិទមុខងារនេះចេញ ព្រោះវាជាការរំលោភលើសិទ្ធិឯកជនភាពយ៉ាងធ្ងន់ធ្ងរ។
ឆ្លើយតបនឹងការមិនពេញចិត្តនេះ ក្រុមហ៊ុន Meta បានចេញសេចក្តីថ្លែងការណ៍ពន្យល់ថា៖ «បំណងរបស់យើងគឺចង់ផ្តល់នូវឧបករណ៍ច្នៃប្រឌិតដែលមានប្រយោជន៍មួយ និងផ្តល់សិទ្ធិឱ្យមនុស្សគ្រប់គ្រងលើការសម្រេចចិត្តថា តើគួរអនុញ្ញាតឱ្យគេយករូបភាពសាធារណៈរបស់ពួកគេទៅប្រើប្រាស់ក្នុងទម្រង់បែបនេះដែរឬទេ។ ប៉ុន្តែយើងបានទទួលមតិរិះគន់ត្រឡប់មកវិញថា មុខងារនេះមិនបានឆ្លើយតបត្រូវគោលដៅនោះទេ ដូច្នេះហើយទើបវាមិនត្រូវបានដាក់ឱ្យប្រើប្រាស់ទៀតឡើយ»។
ក្រោយពេល Meta ព្រមដកថយ អ្នកនាំពាក្យសហជីព SAG-AFTRA បានសម្តែងការស្វាគមន៍ និងសង្កត់ធ្ងន់ថា៖ «ខណៈដែលគ្រោះថ្នាក់នៃការលួចចម្លងរូបភាពឌីជីថលដោយគ្មានការយល់ព្រម ត្រូវបានគ្រប់គ្នាដឹងឮយ៉ាងច្បាស់ទៅហើយនោះ មុខងារដែលលើកទឹកចិត្តឱ្យមានទង្វើបែបនេះ គឺជារឿងដែលមិនឈ្លាសវៃទាល់តែសោះ។ យើងសូមកោតសរសើរចំពោះការបញ្ឈប់មុខងារនេះ ព្រោះវាជាអ្វីដែលត្រឹមត្រូវ និងទទួលខុសត្រូវដែលគួរធ្វើ»។
គួរជម្រាបថា ព្រឹត្តិការណ៍នេះ បានក្លាយជាមេរៀនថ្មីមួយទៀតដែលឆ្លុះបញ្ចាំងឱ្យឃើញពីសម្ពាធដ៏ធំធេងដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សកំពុងប្រឈមមុខ។ វាជាសារព្រមានថា ទោះបីជាបច្ចេកវិទ្យា AI ទំនើប និងដើរលឿនប៉ុណ្ណាក៏ដោយ ក៏មិនអាចរំលងសិទ្ធិដាច់ខាតរបស់អ្នកប្រើប្រាស់ ក្នុងការគ្រប់គ្រង និងការពារឯកជនភាពលើទិន្នន័យផ្ទាល់ខ្លួនបានឡើយ៕














