ក្រុមហ៊ុន WorldBridge Group និង SEMMARIS ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្ម ដើម្បីចាប់ផ្តើមការសិក្សាលទ្ធភាពសម្រាប់គម្រោងទីផ្សារលក់ដុំអន្តរជាតិនៅរាជធានីភ្នំពេញ

11-07-2026 10:53

(ភ្នំពេញ)៖ ក្រុមហ៊ុន WorldBridge Group និង SEMMARIS ជាក្រុមហ៊ុនបារាំង ដែលបានគ្រប់គ្រង និងដំណើរការ Marché International de Rungis នៅទីក្រុងប៉ារីស ដែលជាទីផ្សារលក់ដុំអាហារស្រស់ធំជាងគេបំផុតមួយលើពិភពលោកអស់រយៈពេលជាងហុកសិបឆ្នាំមកហើយ នាថ្ងៃពេលនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មមួយ ដែលបង្ហាញពីការចាប់ផ្តើមនៃការសិក្សាលទ្ធភាព និងផែនការមេសម្រាប់ទីផ្សារលក់ដុំកសិ-អាហារអន្តរជាតិ ដែលបានស្នើឡើងនៅភ្នំពេញ ដោយយកគំរូតាមទីផ្សារ Rungis ដ៏ល្បីល្បាញ។

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ Shangri-La ភ្នំពេញ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក Bertrand Ambroise នាយកអភិវឌ្ឍន៍អន្តរជាតិនៃក្រុមហ៊ុន SEMMARIS និងអ្នកឧកញ៉ា សៀ ដានីញ៉ែល នាយកប្រតិបត្តិនៃក្រុមហ៊ុន WorldBridge Group។ ពិធីនេះក៏មានការចូលរួមពីលោក Nicolas Forissier រដ្ឋមន្ត្រីប្រតិភូបារាំងទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ពិធីនេះក៏មានការចូលរួមពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់កម្ពុជាមួយចំនួនផងដែរ រួមមានលោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប៉ែន វិបុលសក្តិ នាយកអភិវឌ្ឍន៍គម្រោងនៅអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន (GDPPP) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានគូសបញ្ជាក់ពីកម្រិតនៃការចាប់អារម្មណ៍របស់រដ្ឋាភិបាលចំពោះគម្រោងនេះ។

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន SEMMARIS នឹងផ្តល់ជំនួយបច្ចេកទេសដល់ក្រុមហ៊ុន WorldBridge Group លើការសិក្សាលទ្ធភាព ដោយប្រើប្រាស់ជំនាញរាប់ទសវត្សរ៍របស់ខ្លួនក្នុងការប្រតិបត្តិការផ្សារ Rungis។ ការសិក្សានេះនឹងវាយតម្លៃលើទីផ្សារម្ហូបអាហារ អចលនទ្រព្យ ឃ្លាំង និងតម្រូវការភស្តុភារកម្មរបស់ទីផ្សារលក់ដុំនៅភ្នំពេញ រួមជាមួយនឹងការធ្វើផែនការបច្ចេកទេស និងទីតាំងដែលត្រូវការដើម្បីអភិវឌ្ឍបង្កើតផែនការមេ។

កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីក្រុមហ៊ុន WorldBridge Group បានបន្តប្តេជ្ញាចិត្តក្នុងការនាំយកហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក និងជំនាញអន្តរជាតិមកកាន់វិស័យកសិកម្ម និងចែកចាយចំណីអាហារនៅកម្ពុជា ស្របពេលជាមួយនឹងការធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំងកាន់តែស៊ីជម្រៅ។ ទីផ្សារដែលបានស្នើឡើងនេះមានបំណងពង្រឹងការតភ្ជាប់រវាងកសិករ អ្នកលក់ដុំ និងអ្នកចែកចាយកម្ពុជា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្សារទំនើបៗ ដែលត្រូវបានបង្កើតឡើងចំគោលដៅដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៃខ្សែសង្វាក់ផ្គត់ផ្គង់ចំណីអាហាររបស់ព្រះរាជាណាចក្រកម្ពុជា។

គូសរម្លឹកថាក្រុមហ៊ុន WorldBridge Group គឺជាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេមួយរបស់កម្ពុជា ដែលមានការវិនិយោគ ចម្រុះ រួមមាន ភស្តុភារកម្ម អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងវិស័យជាច្រើនទៀត។ ដោយមានការប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ ក្រុមហ៊ុនបានសហការជាមួយនឹងភាគីពាក់ព័ន្ធទាំងក្នុងតំបន់ និងសកលលោក ដើម្បីផ្តល់ជូននូវដំណោះស្រាយប្រកបដោយសក្តានុពលសម្រាប់ឧស្សាហកម្មនានា៕