ចក្រភពអង់គ្លេស ប្រកាសគ្រប់គ្រងក្រុមហ៊ុនផ្តល់សេវាកម្ម Cloud ធំៗមានដូចជា Microsoft និង Google ដើម្បីការពារស្ថិរភាពហិរញ្ញវត្ថុជាតិ
11-07-2026 11:54
(ឡុងដ៍)៖ រដ្ឋាភិបាលចក្រភពអង់គ្លេស នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសចាត់ទុកក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន៤ រួមមាន Microsoft, Google, Amazon និង Oracle ជា «ដៃគូផ្គត់ផ្គង់ទីបីកម្រិតសំខាន់» ទៅឱ្យវិស័យហិរញ្ញវត្ថុរបស់ខ្លួន ដែលការសម្រេចចិត្តនេះនឹងដាក់ក្រុមហ៊ុនទាំងនេះឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ និងគ្រប់គ្រងតាមផ្លូវច្បាប់ដោយផ្ទាល់ពីរដ្ឋ។ វិធានការថ្មីនេះ នឹងត្រូវចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ តទៅ ក្នុងគោលបំណងចម្បងពង្រឹងភាពធន់ និងសុវត្ថិភាពនៃប្រព័ន្ធហិរញ្ញវត្ថុជាតិ ដោយកាត់បន្ថយហានិភ័យទាំងឡាយណាដែលបង្កឡើងដោយការវាយប្រហារតាមអ៊ីនធឺណិត (Cyberattacks) ឬការគាំងប្រព័ន្ធបច្ចេកវិទ្យាទ្រង់ទ្រាយធំ។
រដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «នៅពេលដែលបណ្តាធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងរចនាសម្ព័ន្ធទីផ្សារហិរញ្ញវត្ថុនានា កាន់តែពឹងផ្អែកខ្លាំងទៅលើសេវាកម្ម Cloud នោះរាល់ការរំខាន ឬការគាំងប្រព័ន្ធណាមួយដែលកើតឡើងលើក្រុមហ៊ុនផ្គត់ផ្គង់ធំៗទាំងនេះ នឹងជះឥទ្ធិពលអាក្រក់ដល់ស្ថាប័នជាច្រើនក្នុងពេលតែមួយ ហើយអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេវាកម្មដែលប្រជាពលរដ្ឋ និងអាជីវកម្មកំពុងប្រើប្រាស់រាល់ថ្ងៃ»។
យោងតាមគោលការណ៍ថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាទាំង ៤ នឹងត្រូវគ្រប់គ្រងរួមគ្នាដោយស្ថាប័នហិរញ្ញវត្ថុជាតិធំៗចំនួន៣គឺ ធគារកណ្តាលអង់គ្លេស (Bank of England), អាជ្ញាធរត្រួតពិនិត្យការប្រុងប្រយ័ត្ន (Prudential Regulation Authority - PRA) និង អាជ្ញាធរគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ (Financial Conduct Authority - FCA)
ក្រោមច្បាប់ថ្មីនេះ ក្រុមហ៊ុន Cloud ទាំងនោះត្រូវតែ៖
ចូលរួមការធ្វើតេស្តសាកល្បងភាពធន់នៃប្រព័ន្ធ (Resilience testing)
ធ្វើការវាយតម្លៃលើខ្លួនឯងជាទៀងទាត់ (Regular self-assessments)
រាយការណ៍ជាបន្ទាន់នូវរាល់ព្រឹត្តិការណ៍ ឬបញ្ហាបច្ចេកវិទ្យាធំៗដែលបានកើតឡើង។
គួរជម្រាបថា ជុំវិញការសម្រេចចិត្តនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google Cloud បានបង្ហាញការគាំទ្រ និងលើកឡើងថា ក្របខ័ណ្ឌច្បាប់ថ្មីនេះនឹងជួយពង្រឹងភាពធន់រយៈពេលវែងដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស ព្រមទាំងបង្កើនតម្លាភាព និងភាពជឿជាក់រវាងគ្រប់ភាគីពាក់ព័ន្ធផងដែរ៕








