ក្រុមហ៊ុន Calypso Motors ប្រកាសសម្ពោធម៉ូដែលម៉ូតូ Calypso Xplorer កំពូលរបស់ខ្លួន ដែលជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មផលិតកម្មរបស់ប្រទេសកម្ពុជា

11-07-2026 12:08

(ភ្នំពេញ)៖ ក្រុមហ៊ុន Calypso Motors នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញម៉ូដែលម៉ូតូកំពូលថ្មីរបស់ខ្លួនគឺ Calypso Xplorer ក្នុងពិធីសម្ពោធជាផ្លូវការដែលមានរៀបចំឡើងនៅផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល ដោយមានការចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំឧស្សាហកម្ម ដៃគូពាណិជ្ជកម្ម តំណាងចែកចាយធំៗ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា។

លើសពីការប្រកាសសម្ពោធម៉ូតូថ្មី ព្រឹត្តិការណ៍នាថ្ងៃនោះជាការសាទរទៅលើចក្ខុវិស័យ ការស្រាវជ្រាវ ការធ្វើវិស្វកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Calypso Motors អស់រយៈពេលជិតប្រាំឆ្នាំ ដើម្បីបង្ហាញថា ម៉ូតូដែលត្រូវបានបង្កើត ធ្វើវិស្វកម្ម និងផលិតនៅក្នុងប្រទេសកម្ពុជា អាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។

ពិធីប្រកាសសម្ពោធនេះ គឺជាសមិទ្ធផលដ៏សំខាន់មិនមែនសម្រាប់តែក្រុមហ៊ុន Calypso Motors ប៉ុណ្ណោះទេ តែជាមហិច្ឆតានៃភាពរីកចម្រើនឧស្សាហកម្មរបស់ប្រទេសកម្ពុជា ដែលបង្ហាញឲ្យឃើញពីសមត្ថភាពរបស់ប្រទេសលើសពីការផ្គុំដំឡើង តែជាការធ្វើវិស្វកម្មដែលមានតម្លៃខ្ពស់ នវានុវត្តន៍ និងផលិតកម្មបែបទំនើប។

ម៉ូតូ Calypso Xplorer ត្រូវបានបង្កើតឡើងតាំងពីដំណាក់កាលដំបូង នៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Calypso Motors ក្នុងរាជធានីភ្នំពេញ ដែលលទ្ធផលចេញពីការអភិវឌ្ឍន៍ផលិតផលឥតឈប់ឈរជាច្រើនឆ្នាំដោយវិស្វករ អ្នករចនាម៉ូត និងអ្នកជំនាញបច្ចេកទេសខ្មែរ និងអន្តរជាតិ។ ពេញមួយដំណើរនេះក្រុមហ៊ុន Calypso Motors បានវិនិយោគលើការអភិវឌ្ឍបច្ចេកវិទ្យាផ្ទាល់ខ្លួន ពង្រឹងសមត្ថភាពវិស្វកម្មក្នុងស្រុក និងបង្កើតផលិតផលដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់បំពេញតម្រូវការអ្នកបើកបរនៅអាស៊ីអាគ្នេយ៍ និងស្របទៅតាមស្តង់ដារអន្តរជាតិ។

សម្រាប់ប្រទេសដែលអាស្រ័យជាមួយនឹងផលិតកម្មសម្លៀកបំពាក់ និងផលិតកម្មស្រាលៗជាយូរកន្លងមក សមិទ្ធផលថ្មីនេះតំណាងឲ្យការបោះជំហានទៅមុខយ៉ាងសំខាន់ និងបានផ្ងើសារយ៉ាងច្បាស់ទៅកាន់ដៃគូក្នុងតំបន់ និងវិនិយោគិនសកលថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចមិនមែនសម្រាប់តែការផលិតនោះទេ តែជាការរចនាម៉ូត វិស្វកម្ម និងនវានុវត្តន៍។

លោក Ivan Ting នាយកប្រតិបត្តិក្រុមហ៊ុន Calypso Motors បានមានប្រសាសន៍ថា ម៉ូតូ Calypso Xplorer នេះវាលើសពីការសម្ពោធផលិតផលថ្មីសម្រាប់យើង។ វាតំណាងឲ្យជំនឿទៅលើសមត្ថភាពរបស់ជនជាតិខ្មែរ ជំនឿទៅលើផលិតកម្មក្នុងស្រុក និងជំនឿដែលប្រទេសកម្ពុជា អាចផ្លាស់ប្តូរពីទីផ្សារដែលនាំចូលផលិតផល ទៅជាអ្នកផលិតគ្រឿងម៉ាស៊ីនលំដាប់ពិភពលោក។ ដំណើររបស់យើងពីរាជធានីភ្នំពេញទៅកាន់ទីក្រុងមីឡាន គឺជាមធ្យោបាយដែលយើងសបញ្ជាក់អំពីជំនឿនេះទៅកាន់ពិភពលោក។”

ម៉ូតូ Calypso Xplorer ត្រូវបានរចនាឡើងឱ្យស័ក្ដិសមទៅនឹងការបើកបរក្នុងទីក្រុង នៅតំបន់អាស៊ីអាគ្នេយ៍ និងការធ្វើដំណើរផ្លូវគោកដ៏វែងឆ្ងាយ ដោយវាមានរួមបញ្ចូលនូវដំណើរការមេកានិចដ៏ខ្លាំងក្លា ជាមួយនឹងប្រព័ន្ធសុវត្ថិភាពដែលផ្តោតលើសុវត្ថិភាពអ្នកបើកបរ ការភ្ជាប់ប្រព័ន្ធទំនាក់ទំនងឆ្លាតវៃ និងបច្ចេកវិទ្យាដែលបង្កើតឡើងដោយក្រុមហ៊ុន Calypso Motors ដោយផ្ទាល់ដើម្បីពង្រឹងសុវត្ថិភាពបន្ថែម និងធ្វើឲ្យបទពិសោធន៍នៃការបើកបរកាន់តែប្រសើរឡើង។

គ្រប់ផ្នែក និងលក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបានធ្វើតេស្តលើគ្រប់ស្ថានភាពផ្លូវនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់នូវម៉ូតូមួយ ដែលគួរជាទីទុកចិត្ត និងសមស្របសម្រាប់ការបើកបរប្រចាំថ្ងៃ ក៏ដូចជាការធ្វើដំណើរបែបផ្សងព្រេងដ៏អស្ចារ្យ។ លក្ខណៈពិសេសៗនៃម៉ូតូនេះរួមមាន៖
ទី១៖ បច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់៖ បំពាក់ដោយមុខងារសុវត្ថិភាពឆ្លាតវៃ Startec រួមមានប្រព័ន្ធជូនដំណឹងអពីគ្រោះថ្នាក់ និងប្រព័ន្ធប្រឆាំងចោរកម្ម ជាមួយនឹងសោរដែលមានសមត្ថភាពពន្លត់ម៉ាស៊ីនម៉ូតូពីចម្ងាយ។
ទី២៖ កម្លាំងម៉ាស៊ីនខ្លាំង៖ ដំណើរការដោយម៉ាស៊ីនភ្ជាប់ជាមួយធុងទឹកស្អុំបញ្ចុះកម្ដៅ ដែលមានទំហំស៊ីឡាំង 180cc កម្លាំងម៉ាស៊ីន១៨ សេះ (18 hp / 13.6 Kw, 8,500 rpm) និងកម្លាំងរមួលរហូតដល់ ១៧.២ ញូវតុនម៉ែត ( 17.2 N·m, 6,500 rpm) និងអាចបើកបរក្នុងល្បឿនអតិបរមា 103 គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ទី៣៖ ផ្ទាំងអេក្រង់ឆ្លាតវៃ៖ ភ្ជាប់ជាមួយមុខងារ Apple CarPlayនិង Android Auto ដែលអ្នកបើកបរអាចមើល Google Map តេទូរសព្ទ ស្ដាប់តន្រ្ដី និងប្រើមុខងារផ្សេងទៀតនៅលើអេក្រង់ឆ្លាតវៃដោយមិនបាច់កាន់ទូរសព្ទ ។
ទី៤៖ ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS – ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព និងការគ្រប់គ្រងលំនឹង ដែលធ្វើឱ្យការបើកបរកាន់តែមានទំនុកចិត្ដជាងមុន។

លើសពីម៉ូតូម៉ូដែលកំពូល Calypso Xplorer បង្កប់នូវចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន Calypso Motors ក្នុងការអភិវឌ្ឍន៍មធ្យោបាយធ្វើដំណើរដែលមានភាពច្នៃប្រឌិត ក៏ដូចជាការចូលរួមចំណែកក្នុងការផ្លាស់ប្តូរមុខមាត់វិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជា។ សមិទ្ធផលនេះជាការរួបរួមគ្នានៃសមត្ថភាពអ្នកជំនាញក្នុងស្រុក អ្នកជំនាញអន្តរជាតិ និងបច្ចេកវិទ្យាទំនើបទៅលើផលិតផល ដែលកិច្ចសហការនេះ ជាមោទនភាពរបស់ប្រទេសកម្ពុជា។
ដើម្បីបញ្ជាក់ពីភាពគួរជាទីទុកចិត្ត និងទំនុកចិត្តដែលក្រុមហ៊ុន Calypso Motors មានទៅលើការងារវិស្វកម្មរបស់ខ្លួន ក្រុមហ៊ុនបានបង្កើតនិងផ្តួចផ្តើមនូវការធ្វើដំណើរផ្សងព្រេងឆ្លងទ្វីបដ៏មានមហិច្ឆតាមួយ ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ទីក្រុងមីឡាន។

ជំនួសឱ្យការរំពឹងទាំងស្រង់ទៅលើការធ្វើតេស្តពិសោធន៍ ឬអំណះអំណាងទីផ្សារ ក្រុមហ៊ុន Calypso Motors បានសម្រេចចិត្ដប្រើប្រាស់ម៉ូតូ Calypso Xplorer ដើម្បីបង្ហាញអន្ដរជាតិឱ្យឃើញនឹងភ្នែកពិតៗ ដោយការធ្វើដំណើរជាង ៣០,០០០ គីឡូម៉ែត្រឆ្លងកាត់ ១៥ ប្រទេស ឆ្លងកាត់ភ្នំ វាលខ្សាច់ ទិដ្ឋភាពពិបាកៗ និងស្ថានភាពផ្លូវចម្រុះមុននឹងអាចទៅដល់ទីក្រុងមីឡាន ប្រទេសអ៊ីតាលី។

ដំណើរផ្សងព្រេងនេះនឹងត្រូវបានធ្វើឡើងដោយ លោក វ៉ាន់ ហ្សាកូលីន ដែលជាអ្នកធ្វើដំណើរផ្សងព្រេងដោយម៉ូតូជនជាតិខ្មែរ និងជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន Calypso Motors ដោយលោកមានបទពិសោធន៍ធ្វើដំណើរផ្សងព្រេងបែបអន្តរជាតិជាងមួយទសវត្សរ៍ ដែលធ្វើឲ្យលោកជាបុគ្គលដ៏ឱ្យស័ក្ដិសមក្នុងការទទួលបេសកកម្មឆ្លងកាត់តំបន់អាស៊ី និងអឺរ៉ុបនេះ។ ការធ្វើដំណើរនេះ នឹងបញ្ចប់នៅក្នុងព្រឹត្តិការណ៍ EICMA នៅទីក្រុងមីឡាន ដែលជាព្រឹត្តិការណ៍តាំងពិព័រណ៍ម៉ូតូដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក ដែលក្រុមហ៊ុន Calypso Motors នឹងបង្ហាញម៉ូតូ Calypso Xplorer អមជាមួយក្រុមហ៊ុនផលិតម៉ូតូអន្តរជាតិនានា។

ក្រៅពីការធ្វើតេស្តសមត្ថភាព ដំណើរផ្សងព្រេងនេះ គឺជាការឆ្លុះបញ្ចាំងអំពីការតាំងចិត្តរបស់ក្រុមហ៊ុន Calypso Motors ក្នុងការបង្ហាញថាវិស្វកម្ម នវានុវត្តន៍ និងការផលិតរបស់ប្រជាជនកម្ពុជា គឺមានសមត្ថភាពស្របទៅតាមស្តង់ដាអន្តរជាតិ ក៏ដូចជាបង្ហាញនូវសមត្ថភាពឧស្សាហកម្ម ដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។ វាក៏ជាការគោរពទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រុមហ៊ុន Calypso Motors ទាំងមូលចំពោះការតាំងចិត្ត ភាពអំណត់អត់ធន់ និងឆន្ទៈ អស់រយៈពេលប្រាំឆ្នាំកន្លងមក ដែលបានធ្វើឲ្យសមិទ្ធផលនេះសម្រេចបានជោគជ័យ។

ម៉ូតូ Calypso Xplorer នេះនឹងអាចរកជាវបាននៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ អតិថិជនអាចចុះឈ្មោះទៅក្នុងបញ្ជីរង់ចាំដើម្បីទទួលបានការជូនដំណឹងជាមុននៃការបញ្ជាទិញ ការផ្តល់ជូនពិសេស កាដូ និងប្រូម៉ូសិនពិសេសៗ៕