នាយកប្រតិបត្តិ SK Hynix ព្រមានពីវិបត្តិកង្វះខាត «បន្ទះឈីប AI» ធ្ងន់ធ្ងរបំផុតនៅឆ្នាំ២០២៧ ខណៈតម្រូវការហក់ហួសសមត្ថភាពផលិតរហូតដល់ក្រោយឆ្នាំ២០៣០

11-07-2026 14:06

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់កូរ៉េខាងត្បូង SK Hynix បានចេញការព្រមានថា ឧស្សាហកម្មផលិតបន្ទះឈីបអង្គចងចាំ (Memory Chip) សកលលោក កំពុងឆ្ពោះទៅរកវិបត្តិកង្វះខាតការផ្គត់ផ្គង់ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងឆ្នាំ២០២៧ ខាងមុខ។ ការព្រមាននេះធ្វើឡើងស្របពេលដែលតម្រូវការបច្ចេកវិទ្យា AI កំពុងហក់ឡើងខ្ពស់កប់ពពក ដែលធ្វើឱ្យសមត្ថភាពផលិតរបស់ក្រុមហ៊ុនមិនអាចរត់ទាន់តម្រូវការទីផ្សារឡើយ ទោះបីជាមានការខិតខំពង្រីកចង្វាក់ផលិតកម្ម និងរោងចក្រទាំងនៅក្នុងស្រុក និងក្រៅប្រទេសយ៉ាងខ្លាំងក្លាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ចំថ្ងៃដែលក្រុមហ៊ុនចាប់ផ្តើមជួញដូរភាគហ៊ុននៅលើទីផ្សារ Nasdaq របស់អាមេរិក លោក Kwak Noh-jung នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន SK Hynix បានថ្លែងដោយត្រង់ថា៖ «យើងព្យាករណ៍ថា ឆ្នាំក្រោយនឹងក្លាយជាឆ្នាំដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មនេះ បើគិតពីទិដ្ឋភាពនៃការផ្គត់ផ្គង់»។ លោកបានបន្ថែមទៀតថា៖ «តម្រូវការរបស់អតិថិជនយើងបន្តកើនឡើងខ្ពស់ ខណៈសមត្ថភាពផលិតរបស់យើងមានកម្រិត។ យើងនៅតែព្យាករណ៍ថា តម្រូវការអតិថិជននឹងបន្តមានកម្រិតខ្ពស់ជាងសមត្ថភាពផ្គត់ផ្គង់របស់យើង សូម្បីតែឆ្លងផុតឆ្នាំ២០៣០ ទៅហើយក្តី»។

ទោះបីជាមានការបារម្ភមួយចំនួនថា វដ្តនៃការវិនិយោគលើវិស័យ AI អាចនឹងខិតជិតដល់ចំណុចរបត់ និងថមថយទៅវិញក្តី ប៉ុន្តែក្រុមអ្នកវិភាគ និងថ្នាក់ដឹកនាំកំពូលៗក្នុងវិស័យបច្ចេកវិទ្យានៅតែបង្ហាញទស្សនៈវិជ្ជមានយ៉ាងខ្លាំង។ ជាក់ស្តែង លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia ដែលជាស្តេចត្រាញ់ក្នុងពិភពឈីប AI បានអះអាងថា កង្វះខាតអង្គចងចាំ AI នឹងបន្តមានរយៈពេលជាច្រើនឆ្នាំទៀត ដោយសារតែតម្រូវការខ្លាំង ហើយលោកបានសង្កត់ធ្ងន់ថា SK Hynix នឹងនៅតែជាអ្នកផ្គត់ផ្គង់អង្គចងចាំកម្រិតខ្ពស់ (HBM) ដ៏ធំបំផុតរបស់ក្រុមហ៊ុន Nvidia ដដែល។

គួរជម្រាបថា ការផ្ទុះឡើងនៃយុគសម័យ AI នេះ បានធ្វើឱ្យ SK Hynix ក្លាយជាក្រុមហ៊ុនប្រមូលផលចំណេញដំកុំភួន ដោយសារការសម្រេចចិត្តដ៏ឈ្លាសវៃក្នុងការដៅទាយត្រូវលើបច្ចេកវិទ្យាឈីបអង្គចងចាំកម្រិតខ្ពស់ (High-Bandwidth Memory ឬ HBM) ដែលដើរតួជាបេះដូងរបស់ឈីប AI។ ភាពជោគជ័យនេះ បានរុញច្រានឱ្យប្រាក់ចំណេញពីប្រតិបត្តិការរបស់ក្រុមហ៊ុនហក់ឡើងដល់កម្រិតកំណត់ត្រា ៤៧ ទ្រីលានវ៉ុន (ប្រហែល ៣១ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៥ កន្លងទៅ ដែលជាចំនួនកើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន ហើយសន្ទុះដ៏ខ្លាំងក្លានេះត្រូវបានព្យាករណ៍ថានឹងបន្តរីកលូតលាស់កាន់តែអស្ចារ្យនៅក្នុងឆ្នាំ២០២៦ នេះ៕