ក្លិបបាល់ទាត់វិសាខា ប្រារព្ធខួប ១០ឆ្នាំ នៃការបង្កើត ជាមួយកម្មវិធី Football Clinic នៅ៣ខេត្ត

11-07-2026 16:36

(បន្ទាយមានជ័យ)៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ រួមជាមួយលោក សូរ មុនីរតន៍ អនុប្រធានក្លិបកីឡាបាល់ទាត់វិសាខា និងថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចូលរួមអបអរសាទរខួប ១០ឆ្នាំ នៃការបង្កើតក្លិបកីឡាបាល់ទាត់វិសាខា ក្នុងកម្មវិធី Football Clinic ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅ៣ខេត្ត រួមមានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តព្រៃវែង។

ពិធីដ៏អធិកអធមនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅតារាងបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់កីឡាករ គ្រូបង្វឹក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១.០០០នាក់។

លោក សូរ មុនីរតន៍ បានថ្លែងក្នុងឱកាសនោះថា ឆ្នាំ២០២៦ នេះគឺជាឆ្នាំដ៏សំខាន់សម្រាប់ក្លិបកីឡាបាល់ទាត់វិសាខា ក្នុងការប្រារព្ធខួបមួយទសវត្សរ៍នៃការបង្កើតក្លិប។ ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ក្លិបវិសាខា បានបន្តខិតខំអភិវឌ្ឍខ្លួនទាំងលើទីលានប្រកួត និងក្រៅទីលាន តាមរយៈការកសាងប្រព័ន្ធអភិវឌ្ឍយុវជន ការលើកកម្ពស់វិស័យបាល់ទាត់ និងការចលនាបម្រើសហគមន៍តាមរយៈសកម្មភាពសង្គមជាច្រើន។

កម្មវិធី Football Clinic នាពេលនេះ គឺជាសកម្មភាពមួយដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្លិប ក្នុងការនាំយកឱកាស និងចំណេះដឹងផ្នែកបាល់ទាត់ទៅដល់កុមារ និងយុវជននៅតាមបណ្តាខេត្ត ដើម្បីឲ្យពួកគេមានឱកាសរៀនសូត្រ អភិវឌ្ឍជំនាញ និងបន្តក្តីស្រមៃរបស់ខ្លួនក្នុងវិស័យកីឡា។ លោកបានសង្កត់ធ្ងន់ថា បាល់ទាត់មិនត្រឹមតែជាកីឡាប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយដ៏ល្អសម្រាប់បណ្តុះវិន័យ ទំនួលខុសត្រូវ ស្មារតីការងារជាក្រុម ការគោរពគ្នាទៅវិញទៅមក និងភាពជាអ្នកដឹកនាំ ដែលជាគុណតម្លៃសំខាន់សម្រាប់ការរស់នៅក្នុងសង្គម។

ជាការឆ្លើយតប លោក ហុឹល រ៉ាយ៉ា បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់របស់ក្លិបកីឡាបាល់ទាត់វិសាខា នេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យកីឡា ក្នុងខេត្តឲ្យមានភាពរីកចម្រើនទាំង ធនធានមនុស្ស និងបច្ចេកទេស។

លោកបានបន្ថែមថា ការប្រមូលផ្តុំអ្នកមានបទពិសោធន៍ និងចំណេះដឹងផ្នែកកីឡាបាល់ទាត់ នឹងជួយឲ្យកីឡាករវ័យក្មេងអាចរៀនសូត្រពីគ្នាទៅវិញទៅមក ពិសេសការទទួលបាននូវមតិណែនាំពីគ្រូបង្វឹកដែលធ្លាប់ចូលរួម ប្រឡូកក្នុងការប្រកួតថ្នាក់ជាតិ។ ម្យ៉ាងវិញទៀត ការលេងកីឡាកាន់តែច្រើន នឹងផ្តល់ឱកាសឲ្យយុវជនយើងយកពេលវេលាទំនេរពីការងារ និងការរៀនសូត្រ មកចូលរួមលេងកីឡា ជាជាងយកពេលវេលាទៅ ប្រព្រឹត្តសកម្មភាពដែលសង្គមស្អប់ខ្ពើម ដូចជាល្បែងអបាយមុខ ឬការសេពគ្រឿងញៀនជាដើម។

លោកអភិបាលរងខេត្តក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលតែងតែផ្តល់ការលើកទឹកចិត្តដល់កីឡាករ ដើម្បីឲ្យវិស័យកីឡាមានភាពរីកចម្រើនជាលំដាប់។ សម្រាប់ខេត្តបន្ទាយមានជ័យផ្ទាល់ ក៏បាននិងកំពុងខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីបណ្តាស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល និងវិស័យឯកជនមួយចំនួន ក្នុងការកសាងគ្រូបង្វឹក និងក្រុមកីឡាករ ថែមទាំងបានចូលរួមក្នុងការប្រកួតជម្រើសជាតិផងដែរ។ លោកបានបញ្ជាក់ថា ក្នុងការប្រកួតកីឡា ការចាញ់ឈ្នះមិនមែនជារឿងសំខាន់បំផុតនោះទេ អ្វីដែលសំខាន់គឺស្មារតីនៃការរាប់អាន និងសាមគ្គីភាពរវាងកីឡាករ និងកីឡាករ៕