បុរី មេគង្គ លែន ឧបត្ថម្ភកម្មវិធី ពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក ដោយឥតគិតថ្លៃ ប្រគេនព្រះសង្ឃ និងប្រជាពលរដ្ឋជាង ១,៥០០អង្គ/នាក់ នៅ «ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា»
12-07-2026 12:00
(ភ្នំពេញ)៖ ក្រោមការផ្ដួចផ្ដើមរបស់ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយក បុរី មេគង្គ លែន (Mekong Land) និងលោកជំទាវ ហេង ចិន្ដា បានឧបត្ថម្ភជូនអង្គការផ្ដល់នូវក្ដីសង្ឃឹម កម្ពុជា (H.O.P.E Cambodia) ដើម្បីរៀបចំកម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក ដោយមិនគិតកម្រៃ ប្រគេនព្រះសង្ឃ និងតាអាចារ្យ ដូនជី ព្រមទាំងប្រជាពលរដ្ឋជាង ១,៥០០អង្គ/នាក់ នៅ «ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា» ដែលមានទីតាំងស្ថិតនៅឃុំខាងលិចជាប់ជើងភ្នំព្រះរាជទព្យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្ដកណ្ដាល។
ព្រះទេពវិចិត្រ ប៉ាច សុផុន អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿនធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកា៖ «នេះជាចក្ខុវិស័យមួយដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា ជាម ឃុនណាតអគ្គនាយក បុរី មេគង្គ លែន និងអង្គការផ្ដល់នូវក្ដីសង្ឃឹមកម្ពុជា ដែលមានសទ្ធាជ្រះថ្លា បានផ្ដល់នូវសេវាកម្មពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក ដោយមិនគិតកម្រៃ សម្រាប់ព្រះសង្ឃ សីលវ័ន សីលវតី ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំផ្សារដែក។ ជាក់ស្ដែង ព្រះសង្ឃ យោគាវចរ សីលវ័ន សីលវតី ដែលគង់ និងស្នាក់នៅទីនេះ ភាគច្រើនគឺសុទ្ធតែចាស់ជរា ដែលមានបញ្ហា ត្រចៀកច្រមុះ បំពង់ក ច្រើន ធ្វើឱ្យជំនួយមួយនេះមានតម្លៃខ្ពង់ខ្ពស់ ព្រោះសុខភាពផ្លូវកាយល្អ និងសុខភាពផ្លូវចិត្តល្អ ជាលាភដ៏ឧដុង្គឧត្ដមសម្រាប់មនុស្សជាតិធ្វើឱ្យគ្រប់កិច្ចការងាររមែងប្រព្រឹត្ដទៅបានគ្រប់វិស័យ»។
ថ្លែងសំណេះសំណាលមុនពេលពិនិត្យនិងព្យាបាលប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋ, លោក គឹម ពុទ្ធី អនុប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាល នៃ បុរី មេគង្គ លែន បានសួរសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋ និងបានបង្ហាញពីគោលជំហរស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការយកចិត្តទុកដាក់លើសុខុមាលភាពសហគមន៍ របស់ បុរី មេគង្គ លែន។ ជាក់ស្ដែង នេះមិនមែនជាលើកទី១ឡើយដែល បុរី មេគង្គ លែន បានសហការឧបត្ថម្ភជូន អង្គការផ្ដល់នូវក្ដីសង្ឃឹម កម្ពុជា ក្នុងការរៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក ដោយឥតគិតថ្លៃ។
ជាមួយគ្នានេះ លោកស្រី កែប ច័ន្ទសមា នាយិការរង អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា បានលើកឡើងថាជារឿយៗ បុរី មេគង្គ លែន ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ជាម ឃុនណាត តែងឧបត្ថម្ភមកកាន់ អង្គការផ្ដល់នូវក្ដីសង្ឃឹមកម្ពុជា ទៅលើការពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក ដោយមិនគិតកម្រៃ។
លោកស្រីបានបន្ដទៀតថា ក្នុងនាមលោកស្រីជាពលរដ្ឋម្នាក់ ជាគ្រូពេទ្យម្នាក់ មានភាពរីករាយជាខ្លាំង ដែលមាន បុរី មេគង្គ លែន ជាដៃគូសហការឧបត្ថម្ភដ៏រឹងមាំផ្ដល់ជូនសេវាពិនិត្យ និងព្យាបាល ប្រគេនដល់ព្រះសង្ឃ និងដល់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការការពិនិត្យ និងព្យាបាល។
ក្នុងកម្មវិធីនេះដែរ បានប្រព្រឹត្ដទៅក្នុងរយៈពេល១ថ្ងៃពេញ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច ដើម្បីប្រគេន និងផ្ដល់ជូនការពិនិត្យ ពិគ្រោះ និងព្យាបាល ពីក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាជំនាញៗចំនួន ៣០រូប ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីធានាថាព្រះសង្ឃ និងប្រជាពលរដ្ឋដែលបានមក ទទួលបាននូវសេវាថែទាំសុខភាពប្រកបដោយគុណភាព វីជ្ជាជីវៈ និងទាន់ពេលវេលា។
អង្គការផ្ដល់នូវក្ដីសង្ឃឹម កម្ពុជា (H.O.P.E Cambodia) គឺជាអង្គការដែលផ្តោតលើការផ្តល់ជំនួយមនុស្សធម៌ ការពិនិត្យសុខភាព និងការគាំទ្រប្រកបដោយនិរន្តរភាពដល់ប្រជាជនដែលងាយរងគ្រោះ សហគមន៍ដាច់ស្រយាល និងស្ថាប័នសាសនានានានៅទូទាំងប្រទេសកម្ពុជា៕
ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
ហ្វេសប៊ុកផេកផ្លូវការ HOPE Cambodia - អង្គការហូប កម្ពុជា៖ https://www.facebook.com/profile.php?id=100064552734928




















