មន្ដ្រីសហព័ន្ធបាល់ទះ បញ្ជាក់ពីកៅអីជម្រើសជាតិ ដែលចេញទៅប្រកួតជើងឯក SEA V-Cup 2026
12-07-2026 12:19
(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅប្រទេសហ្វីលីពីនហើយ ដើម្បីត្រៀមការប្រកួតជើងទី១ ក្នុងពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ (SEA V-Cup) ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥-១៩ ខែកក្កដាខាងមុខ មុនបន្ដបេសកកម្មការប្រកួតជើងទី២ នៅប្រទេសឥណ្ឌូនេស៊ី នៅចុងខែដដែលនេះ។
ដំណាលគ្នានឹងការចេញដំណើរនាល្ងាចថ្ងៃទី១១ ខែកក្កដានេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានបញ្ជាក់ពីកៅអីក្រុមជម្រើសជាតិ ដែលកំពុងបំពេញបេសកកម្មខាងលើ ក្រោយសហព័ន្ធបានបង្ហាញបញ្ជីឈ្មោះកីឡាករផ្លូវការ ១៤រូប ហើយអវត្តមានកីឡាករសំខាន់ៗមួយចំនួន ដែលអ្នកគាំទ្របានផ្ទុះការវែកញែកលើបណ្ដាញសង្គមផងដែរ។
ប្រធានប្រតិភូដឹកនាំខាងលើបន្ដថា កីឡាករម្នាក់ៗ សុទ្ធតែមានអ្នកគាំទ្រស្រលាញ់រៀងៗខ្លួន ហើយថ្នាក់ដឹកនាំសហព័ន្ធ ចាត់ទុកកីឡាករទាំងអស់ សុទ្ធតែជាកូន ដែលទទួលបានការស្រលាញ់ស្មើៗគ្នា។ ពាក់ព័ន្ធនឹងការជ្រើសរើសកីឡាករជម្រើសជាតិ មានអ្នកជាប់ មានអ្នកមិនជាប់ គឺអាស្រ័យលើគណៈគ្រូ ជាអ្នកសម្រេច ដ្បិតគ្រូដឹងច្បាស់ពីកីឡាករ និងតួនាទីលេងរបស់កីឡាករម្នាក់ៗ ដែលបានបង្ហាញទម្រង់លេងល្អ ឬមិនល្អ កំឡុងពេលប្រមូលផ្ដុំហ្វឹកហាត់។
លោកបានលើកឧទាហរណ៍កីឡាករមួយចំនួន ដូចជា រុន សុខជា ដែលមិនទាន់ Fit ជាមួយការហ្វឹកហាត់ គ្រាដែល មឿន ម៉េងឡាយ ក្រោយចូលរួមតាមការកោះហៅ តែបានចាកចេញពីជំរុំជម្រើសជាតិ ដោយមិនផ្ដល់ព័ត៌មាន ដែលបង្ហាញពីវិន័យផ្ទាល់ខ្លួន រហូតគ្រូបង្វឹកសម្រេចថា មិនជ្រើសរើសរូបគេ ខណៈលោកក៏សោកស្ដាយដែរ។ រីឯតំណែង Outside Hitter របស់ លឹម ចិត្រ្ដា ជាន់ជាមួយកីឡាកររៀមច្បងជាច្រើន ដូចជា វឿន វាសនា, គួន ម៉ុម, ចាន់ វាសនា និង សឿន ហេង ជាដើម ដែលនាំឲ្យគ្រូវាយតម្លៃ និងសម្រេចចិត្តតាមជាក់ស្ដែង។
បែបនេះក្ដី មន្ដ្រីជាន់ខ្ពស់សហព័ន្ធខាងលើ នៅតែជឿជាក់លើក្រុមការងារគ្រូ ក៏ដូចជាកីឡាករ ដែលត្រូវបានជ្រើសរើសបំពេញបេសកកម្មតំណាងជាតិ រួមទាំងកីឡាករមិនបានជាប់ នឹងគ្មានការខកចិត្ត ហើយផ្ទុយទៅវិញ ពួកគេនឹងកាន់តែខំប្រឹងហ្វឹកហាត់ ព្រោះកីឡាករទាំង ១៤នាក់ គឺជាតំណាងកីឡាករជាង ២០នាក់ ដែលបានចូលរួមប្រមូលផ្ដុំហ្វឹកហាត់ ប្រៀមបានគ្រួសារតែមួយ ដែលនឹងផ្ដល់នូវការលើកទឹកចិត្តគ្នា ក្នុងនាមអត្តពលិកតំណាងជាតិ ឆ្ពោះទៅការបង្ហាញជាក់ស្ដែងលើទីលានប្រកួត ដើម្បីស្វែងរកលទ្ធផលល្អ និងកិត្តិយសជូនជាតិមាតុភូមិ។
គួរដឹងថា ព្រឹត្តិការណ៍បាល់ទះ SEA V-Cup 2026 មានក្រុមខ្លាំងៗក្នុងតំបន់ ៦ក្រុមចូលរួម និងបែងចែកជា ២ពូល ក្នុងនោះក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូលA ជាមួយហ្វីលីពីន និងឥណ្ឌូនេស៊ី គ្រាដែលពូលB មានវៀតណាម មីយ៉ាន់ម៉ា និងថៃ។ ចំពោះការប្រកួតបែងចែកជា ២ជើង ដោយជើងទី១ ធ្វើឡើងនៅហ្វីលីពីន ពីថ្ងៃទី១៥-១៩ ខែកក្កដា និងជើងទី២ ប្រកួតនៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២២-២៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។
ក្រឡេកទៅមើលសមាសភាពកីឡាករ ១៤រូបរបស់ក្រុមជម្រើសជាតិកម្ពុជាវិញ គឺមានអ្នកចែកបាល់(ប៉ះសេ) សួន ចាន់ណារ៉ូ, វឿន វាសនា, គួន ម៉ុម, កែវ ស្រេងលីហួរ, សឿន ហេង, ចាន់ វាសនា, ផុល រតនៈ, មួន និមល, ខេង ថុនា, ឧក រដ្ឋា, ពិន សារុន, ធី ម៉េងហួង, អ៊ុន សុវណ្ណារាជ និង ខឹម សុវណ្ណដារ៉ា ដែលដឹកនាំដោយគ្រូបង្វឹកលោក នៅ សាម៉េត និងលោក Berto Friol Barrios ជាគ្រូជំនួយ៕





