Samsung នឹងបើករោងចក្រផលិតបន្ទះឈីបថ្មីនៅកូរ៉េខាងត្បូង មុនកាលកំណត់

13-07-2026 10:33

(បរទេស)៖ ក្រុមហ៊ុន Samsung Electronics កំពុងជំរុញផែនការបើកដំណើរការរោងចក្រផលិតបន្ទះឈីបដំបូងបង្អស់របស់ខ្លួន នៅក្នុងតំបន់ឧស្សាហកម្មជាតិ Yongin ស្ថិតនៅភាគខាងត្បូងទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង ឱ្យបាននៅត្រឹមឆ្នាំ ២០២៩ ពោលគឺលឿនជាងកាលវិភាគដើមដែលបានកំណត់ទុកនៅឆ្នាំ ២០៣០-២០៣១ ចំនួនពី ១ ទៅ ២ ឆ្នាំ។

ការកែសម្រួលពេលវេលានេះ ធ្វើឡើងក្នុងគោលបំណងចាប់យកឱកាស និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះកំណើនតម្រូវការយ៉ាងគំហុកនៃបន្ទះឈីបអង្គចងចាំ (Memory Chips) ដែលប្រើប្រាស់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Centers)។ គម្រោងមហាសាលនៅទីក្រុង Yongin នេះ គឺជាគម្រោងយុទ្ធសាស្ត្រជាតិរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។ ការពន្លឿនកាលវិភាគរបស់ Samsung គឺធ្វើឡើងស្របគ្នាទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដីធ្លី ការសងសំណង និងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

ទោះជាមានការប្ដេជ្ញាចិត្តខ្ពស់ គម្រោងនេះនៅតែត្រូវប្រឈមមុខនឹងតម្រូវការថាមពលអគ្គិសនីដ៏មហាសាល ដោយរោងចក្រនេះត្រូវការថាមពលរហូតដល់ចន្លោះពី ១៥ ទៅ ១៦ ហ្គីហ្គាវ៉ាត់ (GW) នៅពេលដំណើរការពេញលេញ ខណៈបច្ចុប្បន្នមានត្រឹមតែ ១.៩ ហ្គីហ្គាវ៉ាត់ប៉ុណ្ណោះ។ ដូចនេះ រដ្ឋាភិបាលកំពុងរៀបចំសាងសង់រោងចក្រអគ្គិសនីដើរដោយហ្គាសធម្មជាតិ (LNG) កម្លាំង ៣ ហ្គីហ្គាវ៉ាត់ និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជាបន្ទាន់៕