ប្រធានាធិបតីអេហ្ស៊ីប ជួបសំណេះសំណាលជាមួយជម្រើសជាតិ ក្រោយជោគជ័យនៅ World Cup

13-07-2026 13:40

(ខាយរ៉ូ)៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានផ្តល់កិត្តិយសទទួលជួបសន្ទនាជាមួយក្រុមបាល់ទាត់ជម្រើសជាតិ ក្រោយសាងប្រវត្តិសាស្រ្តនៅ World Cup 2026។

នៅក្នុងពិធីជួបសំណេះសំណាលដែលធ្វើឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន មានទាំងក្រុមកីឡាករ ក្រុមគ្រូបង្វឹក និងមន្រ្តីកីឡាជាច្រើនរូបទៀតនៅឯវិមាន ស្ថិតក្នុងទីក្រុង New Alamein។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធអេហ្ស៊ីប និងត្រូវបានដកស្រង់ចេញផ្សាយដោយ Xinhua។

លោក Sisi បានថ្លែងថា "កីឡា មិនផ្តោតសំខាន់តែទៅលើលទ្ធផលឈ្នះចាញ់ឡើយ។ អ្វីដែលសំខាន់ជាងនេះគឺ ទទួលបានការគោរពពីមនុស្សជាតិ តាមរយៈតម្លៃនៃទម្រង់លេងរបស់ក្រុមតែម្តង"។

គួររំលឹកផងថា អេហ្ស៊ីប ក្រុមមកពីតំបន់អាហ្វ្រិកមួយនេះ បានឈានដល់វគ្គ ១៦ក្រុមនៅ World Cup 2026 ជាប្រវត្តិសាស្ត្ររបស់ពួកគេ ក្រោយផ្តួលអូស្រ្តាលី ៤-២ ដោយបាល់ប៉េណាល់ទីកាត់សេចក្តីនៃវគ្គ ៣២ក្រុម។

បេសកកម្មនៅ World Cup ជំនាន់់ទី២៣ របស់ពួកគេត្រូវបានបិទបញ្ចប់នាថ្ងៃទី០៧ ខែកក្កដា ដ្បិតចាញ់ម្ចាស់ការពារតំណែងជើងឯក អាហ្សង់ទីន ៣-២ ទាំងដែលអេហ្ស៊ីបនាំមុខ ២គ្រាប់មុនទៅហើយនោះ ស្ថិតក្នុងទីក្រុង Atlanta សហរដ្ឋអាមេរិក៕