វិនិយោគិនសម្រុកលក់យកលុយ! ភាគហ៊ុនក្រុមហ៊ុនឈីបយក្ស SK Hynix ធ្លាក់ចុះជាង ១០% ភ្លាមៗ ក្រោយបង្ហាញខ្លួនលើផ្សារអាមេរិក

13-07-2026 14:20

(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុន SK Hynix ដែលជាក្រុមហ៊ុនផលិតឈីបអង្គចងចាំ AI ឈានមុខគេរបស់ពិភពលោក បានធ្លាក់ចុះជាង ១០% ភ្លាមៗនៅក្នុងការជួញដូរដំបូងនៅទីក្រុងសេអ៊ូល នាព្រឹកថ្ងៃច័ន្ទនេះ។ ការធ្លាក់ចុះយ៉ាងគំហុកនេះ កើតឡើងបន្ទាប់ពីក្រុមវិនិយោគិនបានសម្រេចចិត្តសម្រុកលក់ចេញដើម្បីដកប្រាក់ចំណេញ (Profit-taking) ភ្លាមៗ ក្រោយពេលដែលក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានបង្ហាញខ្លួនយ៉ាងជោគជ័យនៅលើផ្សារភាគហ៊ុន Nasdaq របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ដោយហក់ឡើងរហូតដល់ ១២.៨% និងប្រមូលទុនបានជាង ២៦ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ក្រៅពីការលក់ដកប្រាក់ចំណេញ ក្តីបារម្ភជុំវិញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទីពីរ ក៏ជាសម្ពាធធ្វើឱ្យតម្លៃភាគហ៊ុនធ្លាក់ចុះផងដែរ។ លោក Ryu Young-ho អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន NH Investment & Securities បានពន្យល់ពីស្ថានភាពនេះថា៖ «វិនិយោគិនធ្លាប់រំពឹងថា ការដឹកជញ្ជូនឈីបជំនាន់ថ្មី HBM4 (ឈីបអង្គចងចាំល្បឿនលឿនសម្រាប់ AI) របស់ SK Hynix នឹងកើនឡើងខ្លាំងចាប់ពីត្រីមាសទីពីរ ប៉ុន្តែការរំពឹងទុកនោះហាក់មិនទាន់លេចចេញជារូបរាងធំដុំនៅឡើយទេ»

ជាងនេះទៅទៀត ក្រុមអ្នកវិភាគបានទម្លាក់ការរំពឹងទុកលើប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយសារតែ SK Hynix បានដាក់ទុននិងផ្តោតខ្លាំងពេកលើទីផ្សារឈីបសម្រាប់ AI (HBM) ដែលធ្វើឱ្យពួកគេទទួលបានផលចំណេញតិចតួចពីការឡើងថ្លៃនៃឈីបកុំព្យូទ័រទូទៅ (DRAM) បើធៀបនឹងក្រុមហ៊ុនគូប្រជែងលំដាប់លេខពីរគឺ Samsung Electronics។

ទោះជាយ៉ាងណា ផ្អែកលើទិន្នន័យពី Counterpoint Research ក្រុមហ៊ុន SK Hynix នៅតែជាអ្នកគ្រប់គ្រង និងដឹកនាំផ្តាច់មុខលើទីផ្សារឈីបល្បឿនលឿន HBM ដដែល ដោយក្តោបក្តាប់ចំណែកទីផ្សាររហូតដល់ ៥៨% ក្នុងត្រីមាសទីមួយ ខណៈដែល Samsung និង Micron មានត្រឹម ២១% ម្នាក់ៗប៉ុណ្ណោះ។ បច្ចុប្បន្ន ឈីបប្រភេទនេះដើរតួជាបេះដូង និងជាសមាសភាគដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍប្រព័ន្ធ AI របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សពិភពលោក រួមមាន Nvidia និង Google ផងដែរ៕