បំបែកភាពភ័យខ្លាច! ជប៉ុន និងអាមេរិក សហការគ្នាបង្កើត «រ៉ូបូតត្រីបាឡែនហោះ» ដ៏គួរឱ្យស្រឡាញ់ និងមានសុវត្ថិភាពបំផុតសម្រាប់មនុស្ស
14-07-2026 09:11
(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោក Mingyang Xu មកពីសាកលវិទ្យាល័យ Keio នៃប្រទេសជប៉ុន រួមជាមួយមន្ទីរពិសោធន៍ MIT Media Lab របស់សហរដ្ឋអាមេរិក បានបញ្ចេញវីដេអូបង្ហាញពីសមត្ថភាពនៃ «រ៉ូបូតហោះ» (Floating Robot) ជំនាន់ថ្មីមួយ។ រ៉ូបូតនេះត្រូវបានរចនាឡើងដោយទទួលបានការបំផុសគំនិតពីតួអង្គហោះហើរក្នុងគំនូរជីវចលល្បីៗ ដូចជា Tinker Bell និង Mew ដើម្បីដើរតួជាមិត្តភក្តិ និងជាជំនួយការដ៏មានសុវត្ថិភាពនៅក្នុងផ្ទះរបស់មនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានបច្ចេកវិទ្យា CNET នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
រ៉ូបូតដែលមានទម្ងន់ស្រាលជាងខ្យល់នេះ ត្រូវបានរចនាឡើងមានព្រុយសម្រាប់បញ្ជាទិសដៅ ដែលមើលទៅដូចជាត្រីបាឡែនពណ៌សកំពុងហោះហើរយ៉ាងទន់ភ្លន់នៅលើអាកាស និងគ្មានសំឡេងរំខានទ្រហឹងដូចដ្រូនទូទៅឡើយ។ ដោយសារតែការរចនារូបរាងដ៏ស្រាល មានផ្ទៃទន់បត់បែនបាន និងគ្មានជ្រុងមុតស្រួច វាអាចប្រស្រ័យទាក់ទង និងប៉ះពាល់ជាមួយមនុស្សបានយ៉ាងជិតស្និទ្ធ ដោយគ្មានហានិភ័យបង្ករបួសស្នាមអ្វីទាំងអស់។
កន្លងមក ក្រុមហ៊ុនបច្ចេកវិទ្យាតែងតែជួបការលំបាកក្នុងការបង្កើតរ៉ូបូតដែលមានភាពស្និទ្ធស្នាលខាងផ្លូវចិត្ត ព្រោះរូបរាងរឹងកំព្រឹង និងមុខមាត់បែបម៉ាស៊ីន អាចធ្វើឱ្យមនុស្សមានអារម្មណ៍ព្រឺក្បាល ឬមិនស្រួលក្នុងចិត្ត (ដែលវិទ្យាសាស្ត្រហៅថា Uncanny Valley)។ ប៉ុន្តែ រ៉ូបូតហោះជំនាន់ថ្មីនេះ បានជម្នះឧបសគ្គនោះទាំងស្រុង ដោយវាជំនួសមកវិញនូវចលនារាងកាយទាំងមូលដ៏ទន់ភ្លន់ និងរូបរាងដ៏ទន់ល្មើយ ដែលធ្វើឱ្យមនុស្សមានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាពខ្ពស់។
គូសបញ្ជាក់ដែរថា តាមរយៈវីដេអូបង្ហាញសមត្ថភាព រ៉ូបូតហោះដ៏ទន់ភ្លន់នេះ អាចបំពេញតួនាទីយ៉ាងសម្បូរបែបនៅក្នុងជីវភាពប្រចាំថ្ងៃ ដូចជាដើរតួជាដៃគូរាំលេង ដៃគូជួយជម្រុញការសិក្សា ជាម៉ោងរោទ៍ដាស់ពីគេង ជាអ្នកជួយរំលឹកកិច្ចការងារ និងជាប្រភពបង្កើតភាពរីករាយកម្សាន្តនៅក្នុងគ្រួសារផងដែរ៕














