រត់១ជំហាន បន្តក្តីសង្ឃឹម១ជីវិត! កម្មវិធី «រត់ដើម្បីការអប់រំកុមារព្រំដែន» រួមគ្នាបង្កើតក្តីសង្ឃឹមថ្មី និងធានាសមភាពក្នុងការទទួលបានការអប់រំសម្រាប់កុមារគ្រប់រូប
14-07-2026 10:05
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានចូលរួមក្នុងការបើកកម្មវិធីសប្បរសធម៌ រត់ដើម្បីការអប់រំកុមារព្រំដែន ក្នុងគោលបំណងបំផុសស្មារតី សាមគ្គីភាព និងរៃអង្គាសថវិកា ដើម្បីរួមចំណែកស្ដារឱកាសសិក្សា និងជួយដល់កុមារដែលរងផលប៉ះពាល់ ពីស្ថានភាពតានតឹងនៅតាមតំបន់ព្រំដែន អាចបន្តការសិក្សាប្រកបដោយសមភាព ដែលកម្មវិធីនេះប្រព្រឹត្តិទៅនៅ ជីប ម៉ុង លែន គម្រោង២៧១។
ក្រុមហ៊ុន ជីប ម៉ុង បានគាំទ្រឧបត្ថម្ភក្នុងកម្មវិធី «រត់ដើម្បីការអប់រំកុមារព្រំដែន» ដែលត្រូវបានផ្តួចផ្តើមដោយសហព័ន្ធសេវាអប់រំនៅកម្ពុជា ក្នុងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយកម្មវិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំង លោកបណ្ឌិត ហុង លីម ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា។
លើសពីកម្មវិធីរត់ធម្មតា ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីការរួបរួម សាមគ្គីភាព និងឯកភាពជាតិ ក្នុងនាមជាប្រជាជាតិខ្មែរតែមួយ ក្នុងការគាំទ្រដល់កុមារដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន ឱ្យមានឱកាសបន្តការសិក្សារៀនសូត្រ ព្រោះការអប់រំជាគ្រឹះដ៏សំខាន់សម្រាប់អនាគតរបស់កុមារគ្រប់រូប ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល សម្រាប់រួមចំណែកអភិវឌ្ឍជាតិ។
ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមឧបត្ថម្ភ និងគាំទ្រវិស័យអប់រំ និងកីឡា តាមរយៈសកម្មភាពសង្គមជាច្រើន ដូចជាការឧបត្ថម្ភព្រឹត្តិការណ៍កីឡា ការសហការជាមួយស្ថាប័នពាក់ព័ន្ធ ការកសាង និងជួសជុលសាលារៀន ការផ្តល់ជំនួយ និងសម្ភារៈសិក្សា ការផ្តល់អាហារូបករណ៍ ព្រមទាំងការបង្កើតឱកាសការងារដល់យុវជនជាដើម។ ការចូលរួមទាំងនេះ បានសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ជីប ម៉ុង ក្នុងការវិនិយោគលើធនធានមនុស្ស លើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍវិស័យកីឡា ដើម្បីរួមចំណែកកសាងមូលធនមនុស្សប្រកបដោយសមត្ថភាព គុណភាព និងសីលធម៌ ក្នុងការធានាបាននូវសុខសុវត្ថិភាព សន្តិភាព និងស្ថិរភាពសង្គម ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងកសាងអនាគតដ៏ភ្លឺស្វាងនៃទំពាំងស្នងឫស្សីរបស់កម្ពុជា៕







