TSMC សម្រេចបន្ថែមរោងចក្រវេចខ្ចប់បន្ទះឈីបកម្រិតខ្ពស់ចំនួន ២ទីតាំងទៀត នៅក្នុងតំបន់ Chiayi នៃកោះតៃវ៉ាន់

14-07-2026 10:09

(តៃប៉ិ)៖ ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់ពិភពលោក Taiwan Semiconductor Manufacturing (TSMC) បានសម្រេចពង្រីកឥទ្ធិពលឧស្សាហកម្មរបស់ខ្លួនបន្ថែមទៀត ដោយគ្រោងសាងសង់រោងចក្រវេចខ្ចប់បន្ទះឈីបកម្រិតខ្ពស់ ចំនួនពីរទីតាំងបន្ថែមទៀត នៅក្នុងតំបន់ឧទ្យានវិទ្យាសាស្ត្រ Chiayi នៃដែនកោះតៃវ៉ាន់។ នេះបើយោងតាមការប្រកាសជាផ្លូវការពីសំណាក់ប្រធានស្ថាប័នទទួលបន្ទុកកិច្ចការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរដ្ឋបាលកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

តំបន់ឧទ្យានវិទ្យាសាស្ត្រ Chiayi ដែនដីភាគខាងត្បូងនៃកោះតៃវ៉ាន់ ត្រូវបានបង្កើតឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ប្រែក្លាយទៅជាមជ្ឈមណ្ឌលស្នូលសម្រាប់ការដំឡើង និងវេចខ្ចប់បន្ទះឈីបកម្រិតខ្ពស់បំផុតរបស់ក្រុមហ៊ុនជំនាញ TSMC ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារសកល។

លោក Wu Cheng-wen ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរដ្ឋបាលកោះតៃវ៉ាន់ បានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់យ៉ាងដូច្នេះថា រោងចក្រវេចខ្ចប់បន្ទះឈីបកម្រិតខ្ពស់ដំបូងបង្អស់របស់ TSMC នៅក្នុងឧទ្យានវិទ្យាសាស្ត្រ Chiayi បានឈានចូលដល់ដំណាក់កាលប្រតិបត្តិការផលិតកម្មទ្រង់ទ្រាយធំរួចរាល់ហើយ ខណៈដែលរោងចក្រទីពីរកំពុងជម្រុញការដំឡើងចុងក្រោយ និងរំពឹងថានឹងចាប់ផ្តើមដំណើរការផលិតក្នុងពេលឆាប់ៗខាងមុខនេះ។

លោក Wu Cheng-wen បានគូសបញ្ជាក់បន្ថែមថា នៅពេលដែលគម្រោងរោងចក្រទាំងបួនដំណើរការពេញលេញ ឧទ្យានវិទ្យាសាស្ត្រមួយនេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតតម្លៃផលិតកម្មប្រចាំឆ្នាំបានរហូតដល់ទៅជាង ៣០០ ពាន់លានដុល្លារតៃវ៉ាន់ (ឬប្រមាណ ៩.៣៥ ពាន់លានដុល្លារអាមេរិក) ព្រមទាំងបង្កើតឱកាសការងារបច្ចេកវិទ្យាកម្រិតខ្ពស់បានច្រើនជាង ៩,០០០ កន្លែង សម្រាប់ប្រជាជននៅក្នុងតំបន់។

គួររំលឹកផងដែរថា បច្ចុប្បន្ន ក្រុមហ៊ុន TSMC កំពុងសម្រុកពង្រីកសមត្ថភាពផ្នែកវេចខ្ចប់បន្ទះឈីបកម្រិតខ្ពស់របស់ខ្លួនយ៉ាងគំហក ជាពិសេសលើបច្ចេកវិទ្យាស្នូល Chip-on-Wafer-on-Substrate (CoWoS)។ ការសម្រេចចិត្តពង្រីករោងចក្រជាបន្តបន្ទាប់នេះ គឺធ្វើឡើងដោយសារតែសម្ពាធនៃតម្រូវការពីសំណាក់ក្រុមហ៊ុនរចនាបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) យក្សៗរបស់សហរដ្ឋអាមេរិក ដូចជាក្រុមហ៊ុន Nvidia និង AMD ជាដើម នៅតែបន្តមានកម្រិតខ្ពស់ខ្លាំងហួសពីសមត្ថភាពផ្គត់ផ្គង់បច្ចុប្បន្នរបស់ទីផ្សារ៕