មោទនភាពផលិតផលជាតិ៖ ក្រុមហ៊ុន សាបារាបេសហ្វូដ ចុះ MOU ជាមួយក្រុមហ៊ុន ពន្លឺអលង្ការ (PAK) ដើម្បីពង្រីកវិសាលភាពចែកចាយផលិតផលខ្មែរទូទាំងប្រទេស
14-07-2026 10:48
(ភ្នំពេញ)៖ នៅក្នុងឱកាសនៃកម្មវិធី «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ឆ្នាំ២០២៦» ដែលបានប្រារព្ធឡើងនៅឯសណ្ឋាគារ Shangri-La Phnom Penh ក្រុមហ៊ុនផលិតគ្រឿងទេសអាហារ សាបារាបេសហ្វូដ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុនចែកចាយគ្រឿងឧបភោគបរិភោគ ពន្លឺអលង្កា (PAK)ដែលជាក្រុមហ៊ុនចែកចាយធំមួយនៅក្នុងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខាដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមផ្ទាល់ពី លោកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អគ្គនាយិកាក្រុមហ៊ុន សាបារាបេសហ្វូដ និង លោក ថៃ ហ្វីលីប អគ្គនាយកក្រុមហ៊ុន ពន្លឺអលង្ការ (PAK)។
តាមរយៈកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រនេះ ក្រុមហ៊ុន ពន្លឺអលង្ការ (PAK) ដែលជាក្រុមហ៊ុនចែកចាយគ្រឿងឧបភោគបរិភោគដ៏ធំ និងឈានមុខគេមួយនៅកម្ពុជា ជាមួយនឹងបទពិសោធន៍ប្រតិបត្តិការយ៉ាងរឹងមាំអស់រយៈពេលជាង ៣០ឆ្នាំ បានសម្រេចចិត្តក្លាយជា «ក្រុមហ៊ុនចែកចាយផ្តាច់មុខទូទាំងប្រទេសកម្ពុជា» សម្រាប់ផលិតផល «ម្សៅស៊ុបមាន់គ្រឿងហ្លួងសាបារា» របស់ក្រុមហ៊ុន សាបារាបេសហ្វូដ។
គួរកត់សម្គាល់ផងដែរថា ក្រុមហ៊ុន សាបារាបេសហ្វូដ ជាសហគ្រាសឈានមុខមួយក្នុងការផលិតគ្រឿងទេសអាហារនៅក្នុងប្រទេសកម្ពុជា ដែលមានសហគ្រាសស្ថិតនៅក្នុងខេត្ត សៀមរាប។ ជាមួយពាក្យស្លោក «ឆ្ងាញ់ ស្រស់ ងាយស្រួល» ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយប្រជាកសិករនិងអ្នកផ្គត់ផ្គង់ នៅក្នុងស្រុកផ្ទាល់តាមបណ្ដាខេត្ត ដូចជា សៀមរាប កំពង់ស្ពឺ កំពង់ចាម កំពត ជាដើម ដើម្បីប្រមូលទិញវត្ថុធាតុដើមនិងបន្លែស្រស់ៗ ដូចជា ស្លឹកគ្រៃ រំដេង រមៀត ខ្ជាយ ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម សម្រាប់យកមកផលិតជាម្សៅស៊ុបមាន់គ្រឿងហ្លូង។
ក្រៅពីផលិតផលម្សៅស៊ុបមាន់ គ្រឿងហ្លួងក៏មានជាប្រភេទ ម្សៅស៊ុបបន្លែ ម្សៅស៊ុបជូរហិរ និងផលិតផលគ្រឿងទេសម្ហូបជាច្រើនទៀតផងដែរដូចជា គ្រឿងបុកខ្មែរ មានគ្រឿងការី គ្រឿងអាម៉ុក គ្រឿងម្ជូរគ្រឿង គ្រឿងកកូរ គ្រឿងសម្លនំបញ្ចុក និងគ្រឿងប្រលាក់ គ្រឿងឆា គ្រឿងខគោ យ៉ាងសម្បូរបែបដូចគ្នា។ ក្រៅពីនេះ ក្រុមហ៊ុន សាបារាបេសហ្វូដ ក៏បានផលិតនូវផលិតផល គ្រាប់ស្វាយចន្ទីលីងជាមួយរសជាតិច្នៃប្រឌិតជាច្រើនរសជាតិ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាបារាបេសហ្វូដ ផលិតផលិតផលទាំងអស់ក្រោម ម៉ាកសញ្ញា គ្រឿងហ្លួងសាបារា ដែលបងប្អូនភាគច្រើនស្គាល់ជាយូរមកហើយ។ ក្រៅពីចែកចាយលក់សម្រាប់ទីផ្សារក្នុងស្រុក ក្រុមហ៊ុនក៏មានដៃគូសហការនាំចេញដោយស្របច្បាប់ចំនួន៦ប្រទេសធំៗដូចជា សហរដ្ឋអាមេរិច ប្រទេសអូស្រ្តាលី ប្រទេសណូវែលហ្សេឡង់ ប្រទេសកូរ៉េ ប្រទេសជប៉ុន និងប្រទេសបារាំងទៀតផង។
កិច្ចសហការនេះត្រូវបានបង្កើតឡើងក្នុងគោលដៅរួមតែមួយ គឺការនាំយកផលិតផលដែលមានគុណភាពខ្ពស់ ផលិតឡើងដោយស្នាដៃកូនខ្មែរពិតៗ ទៅដល់ដៃប្រជាជនខ្មែរនៅគ្រប់ខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា។
តំណាងក្រុមហ៊ុនទាំងពីរ បានសម្តែងនូវភាពរីករាយជាខ្លាំងចំពោះសមិទ្ធិផលដ៏គួរឱ្យរំភើបមួយនេះ។ លោកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អគ្គនាយិកាក្រុមហ៊ុន សាបារាបេសហ្វូដ មានប្រសាសន៍ថា «នេះជាជំហានដ៏សំខាន់មួយក្នុងការតភ្ជាប់រវាងសហគ្រាសផលិតក្នុងស្រុក និងក្រុមហ៊ុនដៃគូចែកចាយខ្នាតធំ។ យើងសង្ឃឹមយ៉ាងមុតមាំថា ផលិតផលខ្មែរដែលមានស្តង់ដារ និងគុណភាពខ្ពស់មួយនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស»។
ការចាប់ដៃគ្នារវាង លោកស្រី សម្បត្តិ អមរៈ វិប្បស្សិនី និង លោក ថៃ ហ្វីលីប នៅក្នុងបរិវេណសណ្ឋាគារ Shangri-La Phnom Penh នាព្រឹត្តិការណ៍ទិវាជាតិ MSME ឆ្នាំ២០២៦ នេះ មិនត្រឹមតែជាជោគជ័យដ៏ធំធេងរបស់ក្រុមហ៊ុនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំរូដ៏ល្អស្របតាមការលើកកម្ពស់សហគ្រាសក្នុងស្រុក និងការជម្រុញសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕











