ព្រះខ័នរាជ និងវិសាខា ធ្វើឲ្យកក្រើកទីផ្សារដោះដូរកីឡាករ ត្រៀមរដូវកាលថ្មី ទាំងពានក្នុងស្រុក និងអន្ដរជាតិ
14-07-2026 11:40
(ភ្នំពេញ)៖ បន្ទាប់ពីភ្នំពេញក្រោន និង ISI ដង្កោសែនជ័យ ដែលបានធ្វើការរុះរើរៀបចំក្រុមគួរឲ្យកត់សម្គាល់ ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្លិបព្រះខ័នរាជស្វាយរៀង និង វិសាខា បាននឹងកំពុងធ្វើឲ្យទីផ្សារដោះដូរកីឡាករកក្រើកយ៉ាងខ្លាំង ទាំងការបន្ដកុងត្រា ក៏ដូចជាការនាំចូលកីឡាករថ្មី មកពង្រឹងក្រុមត្រៀមប្រកួតប្រជែងពានរង្វាន់ ទាំងក្នុង និងក្រៅស្រុក សម្រានប់រដូវកាលឆ្នាំ២០២៦/២៧ ខាងមុខ។
សម្រាប់ម្ចាស់ជើងឯកពានធំៗក្នុងស្រុកទាំងពីរ ព្រះខ័នរាជស្វាយរៀង ហាក់លេចធ្លោរក្នុងការចូលកីឡាករអន្ដរជាតិមកពង្រឹងក្រុមបន្ថែមលើកីឡាករឆ្នើមៗ ដែលពួកគេបានបន្ដកុងត្រា ដូចជាម្ចាស់ស្បែកជើងមាស Kwame Peprah និង Connor Shields បន្ដកុងត្រាដល់ឆ្នាំ២០២៨ ព្រមទាំង Takashi Odawara, Faris Hammouti, Ryo Fujii និងTiago Alves ដែលត្រូវបានក្លិបបន្ដកុងត្រាថ្មីរយៈពេល ១ឆ្នាំទៀត។
ចំណែកសមាជិកថ្មី ដែលព្រះខ័នរាជ ទើបប្រកាសនាំចូលថ្មី រួមមានកីឡាករ Rui Pires អតីតជម្រើសជាតិ U18 ដល់ U20 របស់ព័រទុយហ្គាល់ និងក្លិប Porto Rui Pires ដែលទើបផ្ទេរមកពីក្លិប Lion City Sailors របស់សិង្ហបុរី និងខ្សែបម្រើសញ្ជាតិហូឡង់ Silvester van der Water ដែលផ្ទេរមកពីក្លិប Panionios FF ប្រទេសក្រិក ព្រមទាំងការវិលត្រឡប់របស់កីឡាករប្រេស៊ីល Breninho បន្ថែមលើការនាំចូលកីឡាករជប៉ុនសញ្ជាតិខ្មែរ Takaki Ose រួមជាមួយកីឡាករវ័យក្មេង គី រីណា និងអ្នកចាំទី លន់ វឌ្ឍនា នាពេលកន្លងមក។
បច្ចុប្បន្នក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ មានកីឡាករបរទេស ៩រូប តែមាន ៦រូប ត្រូវលេងពាន ទាំងក្នុង និងក្រៅស្រុក គ្រាដែល ៣រូបទៀត លេងបានតែពានរង្វាន់អន្ដរជាតិ គឺមានកីឡាករជប៉ុន Ryo Fujii, Silvester van der Water និង Breninho ដែលត្រូវបង្ហាញខ្លួនក្នុងពានរង្វាន់ AFC Champions League 2 និង ASEAN Club Championship Shopee Cup។ ហេតុនេះ ព្រះខ័នរាជនៅសល់កូតាកីឡាករបរទេសម្នាក់ទៀត ដែលអាចនាំចូលលេងពានក្នុងស្រុក ស្របតាមគោលការណ៍ថ្មីរបស់ CPL ដែលអនុញ្ញាតឲ្យចុះឈ្មោះកីឡាករបរទេស ៧រូប នារដូវកាលថ្មីខាងមុខ។
ក្រឡេកទៅចាប់អារម្មណ៍ក្រុមវិសាខាវិញ ក៏មិនធម្មតាដែរ ក្រោយពួកគេខកខានលេង និងប្រជែងជើងឯកលីគ ក្នុងតំបន់ Top-6 នៃលីគរដូវកាលចាស់ ពួកគេបានរុះរើទ្រង់ទ្រាយធំ ដោយកីឡាករចាស់ៗមួយចំនួន ទាំងខ្មែរ និងបរទេស ត្រូវបានក្លិបប្រកាសចែកផ្លូវ ក៏ដូចជាដាក់ឲ្យក្លិបដទៃខ្ចីជើង ហើយបាននាំចូលកីឡាករថ្មីៗ ពោរពេញដោយបទពិសោធន៍ ពិសេសកីឡាករអន្ដរជាតិ ដែលក្លិបមានមូលដ្ឋាននៅតំបន់ហ្គ្រេនភ្នំពេញនេះ បានប្រកាសបង្ហាញជាបន្ដបន្ទាប់ នាប៉ុន្មានថ្ងៃចុងក្រោយ។
អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលបំផុត គឺការនាំចូលខ្សែបម្រើកូឡុំប៊ីសញ្ជាតិខ្មែរ Andres Neito ពីភ្នំពេញក្រោន និងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cristian Roque ពីព្រះខ័នរាជស្វាយរៀង។ វត្តមានកីឡាករដ៏លេចធ្លោរទាំងពីរ ត្រូវបានអ្នកគាំទ្រមើលឃើញពីមហិច្ឆតាដ៏ធំរបស់វិសាខា សម្រាប់រដូវកាលថ្មី ក្នុងការប្រកួតជើងឯកពានធំៗក្នុងស្រុក និងឱកាសបានលេងពានរង្វាន់អន្ដរជាតិជាថ្មី។
ក្រៅពីការនាំចូលកីឡាករមានបទពិសោធន៍ជោគជ័យក្នុងស្រុកខាងលើ វិសាខា ក៏បាននាំចូលកីឡាករអន្ដរជាតិជាច្រើនផងដែរ រួមមានខ្សែប្រយុទ្ធសញ្ជាតិកាមេរ៉ូន Owolo Donovan, ខ្សែប្រយុទ្ធសញ្ជាតិហ្គាំប៊ី Ousman Gai, ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Sherwin Seedorf, ខ្សែបម្រើសញ្ជាតិបារាំង Aly Ndom និងខ្សែការពារប្រេស៊ីល Lucas Ambiel បន្ថែមលើកីឡាករខ្មែរ ដែលវិសាខា បាននាំចូលនាពេលកន្លងមក គឺខ្សែប្រយុទ្ធ ហាវ សុខនេត្រ ដែលផ្ទេរមកពីក្លិប ISI ដង្កោសែនជ័យ។
បច្ចុប្បន្នបើបូកកីឡាករបរទេស ដែលវិសាខា មិនទាន់ប្រកាសពីកុងត្រាថ្មី ឬចាកចេញ ពួកគេមានសមាជិកជាកីឡាករបរទេស ៨រូប ទាំងខ្សែការពារឡេតវី Jagodinskis និងបម្រើសញ្ជាតិស្កុតឡែន Scott Allardice។ នេះមានន័យថា វិសាខា មានកូតាកីឡាករបរទេសលើគោលការណ៍រដូវកាលថ្មី ដែល CPL បានកំណត់។ ដូច្នេះបើសិនគ្មានការប្រែប្រួលទេនោះ ក្នុងចំណោមកីឡាករបរទេសទាំង ៨រូប គឺមានតែ ៧រូបប៉ុណ្ណោះ ដែលក្លិបអាចចុះឈ្មោះលេងពានក្នុងស្រុក ហើយអាចនឹងមានម្នាក់ត្រូវចាកចេញរវាង Jagodinskis និង Scott Allardice តែអ្វីៗត្រូវរង់ចាំការប្រកាសផ្លូវពីក្លិប។
យ៉ាងណាមិញ ស្របពេលក្លិបធំៗ និងបណ្ដាក្លិបមួយចំនួន កំពុងធ្វើការរុះរើស និងត្រៀមខ្លួនសម្រាប់រដូវកាលថ្មី គេឃើញក្លិបមួយចំនួន ហាក់នៅមានភាពស្ងប់ស្ងាត់នៅឡើយ ស្របពេលក្រុមហ៊ុនខេមបូឌានីព្រីមៀរលីគ (CPL) បានជូនដំណឹងជាផ្លូវការ កាលពីថ្មីៗថា សមាជិកលីគរដូវកាលចាស់ទាំង ១១ក្លិប នឹងបន្ដប្រកួតប្រជែងជើងឯកលីគ ឆ្នាំ២០២៦/២៧ ខាងមុខ៕















