រឿង «ផ្ទះអាថ៌កំបាំង» ត្រូវបានផលិតករអះអាងថា នឹងបំបែកទីផ្សារភាពយន្តបែបភ័យរន្ធត់ នាពាក់កណ្ដាលឆ្នាំ២០២៦នេះ
14-07-2026 14:53
(ភ្នំពេញ)៖ ផលិតករបានអះអាងថា សម្រាប់ខ្សែភាពយន្តរឿង «ផ្ទះអាថ៌កំបាំង» ដែលបានរៀបចំពិធីបើកសម្ពោធដាក់បញ្ចាំង កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ នឹងក្លាយជាភាពយន្តបែបភ័យរន្ធត់ អភិនិហា ព្រឺព្រួចល្អជាងគេក្នុងឆ្នាំ២០២៦ ព្រោះនេះជាភាពយន្តខ្នាតធំ ដែលត្រូវបានសម្រិតសម្រាំងយ៉ាងល្អពីអ្នកនិពន្ធ និងអ្នកដឹកនាំសម្ដែងមានបទពិសោធយូរឆ្នាំ ដោយមានសាច់រឿងប្រទាក់ក្រឡាគ្នា លាយឡំនឹងសោកនាកម្មស្នេហា និងការលាក់អាថ៌កំបាំងជាច្រើន ធ្វើឲ្យអ្នកទស្សនាចង់ដឹងចង់ឃើញ និងតាមដានទៅលើឈុតឆាកនីមួយៗ ពោលគឺនឹងអាចបំបែកទីផ្សារភាពយន្តបែបភ័យរន្ធត់ នាពាក់កណ្ដាលឆ្នាំ២០២៦នេះ។
លោក ស៊ុំ ភារិន ចាងហ្វាងផលិតកម្ម «បដិហា» និងជាផលិតករភាពយន្ត បានថ្លែងឲ្យដឹងថា ខ្សែភាពយន្តរឿង «ផ្ទះអាថ៌កំបាំង» គឺជាភាពយន្តដែលមានសាច់រឿងបែបរន្ធត់ តក់ស្លុត ព្រឺព្រួច អមដោយសោកនាកម្មស្នេហាក្នុងគ្រួសារ, ការលាក់បង្កប់អាថ៌កំបាំងក្នុងគ្រួសារ និងមានសាច់រឿងដែលនឹកស្មានមិនដល់ជាច្រើនទៀត។ បើប្រៀបធៀបជាមួយនឹងខ្សែភាពយន្តមុនៗ សម្រាប់រឿងនេះ គឺអ្នកនិពន្ធបានសរសេរសាច់រឿងបានយ៉ាងល្អ ធ្វើឲ្យអ្នកទស្សនាចង់តាមដាន ពីមួយឈុតទៅមួយឈុត។ ដោយមើលឃើញពីខ្លឹមសារ និងសាច់រឿងល្អរបស់អ្នកសរសេរ ទើបលោក ស៊ុំ ភារិន សម្រេចចិត្តធ្វើជាតួសម្ដែងក្នុងរឿងនេះដែរ។
ចាងហ្វាងផលិតកម្ម បដិហា ដែលមានបទពិសោធយូរឆ្នាំរូបនេះ បានថ្លែងបន្តថា ចំពោះការផលិតភាពយន្តបែបភ័យរន្ធត់នេះឡើង អាចនិយាយបានថា ផលិតកម្មមានជំនាញ និងបទពិសោធយូរឆ្នាំមកហើយ ដូច្នេះយើងនឹងរំពឹងខ្ពស់ថា នឹងទទួលបានការគាំទ្រច្រើនពីមហាជន ជាពិសេសអាចប្រកួតប្រជែងជាមួយនឹងភាពយន្តបរទេស ដែលកំពុងតែហូរចូលមកក្នុងរោងភាពយន្តនៃប្រទេសកម្ពុជា។ ជាធម្មតាបច្ចប្បន្នមានផលិតករខ្មែរ និងផលិតករបរទេស បានធ្វើរឿងបែបរន្ធត់ដាក់បញ្ចាំងក្នុងរោងកុនដូចគ្នា ប៉ុន្តែតើសម្រាប់ភាពយន្តរបស់យើង មានចំណុចគួរឲ្យចាប់អារម្មណ៍ ប្លែកចម្លែកពីភាពយន្តរបស់គេត្រង់ចំណុចណា? ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ យើងត្រូវអភិវឌ្ឍស្នាដៃរបស់យើងឲ្យបានល្អ ទើបអាចឆក់យកដួងចិត្តរបស់អ្នកទស្សនាបានច្រើន។
ដោយឡែកលោក កែវ រស្មីឧត្តម ដែលជាអ្នកនិពន្ធភាពយន្តរឿង «ផ្ទះអាថ៌កំបាំង» បានថ្លែងថា បន្ទាប់ពីលោកបានសរសេររួចរាល់ហើយ និងបានពិនិត្យរួមគ្នាជាមួយនឹងលោក ស៊ុំ ភារិន រួចមក ឃើញថា យើងមានចំណុចត្រូវកែសម្រូលខ្លះៗ ដើម្បីឲ្យសាច់រឿងនេះកាន់តែល្អ ប្រទាក់ក្រឡាគ្នា និងមើលទៅថ្មីជៀសផុតពីទិដ្ឋភាពច្រំដែលៗ។ នៅពេលនោះលោកបាននឹកឃើញថា កាលពីលោករៀនសរសេរភាពយន្ត ជាមួយនឹងគ្រូជនជាតិនេប៉ាល់, លោកគ្រូតែងតែប្រាប់លោកថា «ភាពយន្ត ឬរូបភាពដដែលៗជាសត្រូវរបស់ទស្សនិកជន» ដូច្នេះផលិតករ និងអ្នកនិពន្ធអត់អាចធ្វើអ្វីដដែលៗបានទេ ត្រូវតែរកអ្វីដែលថ្មីមកជំនួស។
លោកបានសង្កត់ធ្ងន់ថា លោកចង់ឲ្យទស្សនិកជនមកទស្សនារឿង «ផ្ទះអាថ៌កំបាំង» សាកមើល៍ ថាតើបានទទួលអ្វីដែលថ្មី និងប្លែកចម្លែកអារម្មណ៍អ្វីខ្លះ? ជាភាពយន្តភ័យរន្ធត់ដូចគ្នាមែន តែនៅក្នុងសាច់រឿងដែលលោកបានសរសេរ និងថតបញ្ចាំងនៅពេលនេះ មានអ្វីគួរឲ្យកត់សម្គាល់ខ្លះ? វាមិនមែនជារឿងខ្មោចលងបន្លាចតែមួយមុខនោះទេ នេះជារឿងដែលត្រូវជាមួយនឹងតថភាព ក្នុងគ្រួសារមួយចំនួនរស់នៅក្នុងសង្គមសព្វថ្ងៃ។
លោកបានរំលេចថា ភាពយន្តនេះនឹងបង្ហាញពីអត្ថន័យនៃចរិតរបស់មនុស្ស ដែលយើងមិនអាចមើលតែសម្បកក្រៅបាននោះទេ។ មនុស្សដែលមើលឃើញថាល្អ មិនប្រាកដថាល្អ មនុស្សដែលយើងគិតថាអាក្រក់ ចុងក្រោយមិនប្រាកដថាអាក្រក់។ ម្យ៉ាងទៀតភាពយន្តនេះ គឺនឹងឆ្លុះបញ្ចាំងពីភាពរឹងរួសរបស់មនុស្សម្នាក់ៗ ដែលមិនស្ដាប់តាមការណែនាំ ឬពន្យល់ពីអ្នកដទៃ ហើយធ្វើរឿងអ្វីមួយខុសឆ្គង រហូតឈានដល់ការបំផ្លាញអនាគតខ្លួនឯង..!។
សូមបញ្ជាក់ថា រឿង «ផ្ទះអាថ៌កំបាំង» នឹងដាក់បញ្ចាំងជូនទស្សនិកជនទស្សនា នៅតាមបណ្ដារោងភាពយន្តទំនើបនានា ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ តទៅ៕























