ស្វីសបើកការស៊ើបអង្កេតលើ Google ជុំវិញការលុបចោលជម្រើស Search Engine លើទូរស័ព្ទ Android
14-07-2026 15:24
(បរទេស)៖ គណៈកម្មការប្រកួតប្រជែងរបស់ប្រទេសស្វីស (COMCO) បានប្រកាសបើកការស៊ើបអង្កេតបឋមទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ពាក់ព័ន្ធនឹងការលុបចោលមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូរស័ព្ទចល័ត អាចបដិសេធមិនប្រើប្រាស់ប្រព័ន្ធស្វែងរក (Search Engine) របស់ខ្លួនជាជម្រើសដើម (Default)។ ការស៊ើបអង្កេតនេះ ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរស្វីស មុខងារដែលមានឈ្មោះថា «Choice Screen» គឺជាមុខងារដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានសិទ្ធិសម្រេចចិត្តជ្រើសរើស Search Engine ណាមួយធ្វើជាជម្រើសដើម ក្នុងកំឡុងពេលដំឡើងទូរស័ព្ទ Android ថ្មីដំបូង។ COMCO បានអះអាងថា Google បានលុបចោលមុខងារនេះនៅក្នុងប្រទេសស្វីស ខណៈដែលមុខងារនេះនៅតែបន្តមានវត្តមាន និងអាចប្រើប្រាស់បាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៃតំបន់សេដ្ឋកិច្ចអឺរ៉ុប។
ផលវិបាកនៃការលុបចោលនេះ គឺប្រព័ន្ធស្វែងរករបស់ Google ត្រូវបានកំណត់ដាក់បញ្ចូលជាកាតព្វកិច្ចទុកជាជម្រើសដើមតែម្តងសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសស្វីស។ ជុំវិញបញ្ហានេះ COMCO បានគូសបញ្ជាក់ថា នៅក្នុងទីផ្សារឌីជីថល ការកំណត់មុខងារដើម (Default Settings) គឺដើរតួនាទីយ៉ាងសំខាន់ និងមានឥទ្ធិពលបំផុត។ ការដកចេញនូវជម្រើសនេះ បានកម្រិតភាពមើលឃើញរបស់ក្រុមហ៊ុនផ្តល់សេវា Search Engine ផ្សេងទៀតដែលជាដៃគូប្រកួតប្រជែងជាមួយ Google នៅពេលដែលអតិថិជនរៀបចំទូរស័ព្ទរបស់ពួកគេជាលើកដំបូង។
ស្ថាប័នដដែលបានបន្ថែមថា៖ «ការអនុវត្តថ្មីដោយក្រុមហ៊ុន Google នេះ អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់សមត្ថភាពប្រកួតប្រជែងរបស់អ្នកផ្តល់សេវាស្វែងរក និងអ្នកផ្តល់សេវាឌីជីថលផ្សេងទៀត»។ អាជ្ញាធរក៏បានសង្កត់ធ្ងន់ផងដែរថា៖ «វាក៏បានបង្កើតឱ្យមានការរើសអើង និងការប្រព្រឹត្តមិនស្មើភាពគ្នា រវាងអ្នកប្រើប្រាស់ស្វីស និងអ្នកប្រើប្រាស់នៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុបផងដែរ»។
ឆ្លើយតបទៅនឹងចំណាត់ការនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បានបញ្ជាក់ថា ក្រុមហ៊ុនបានដឹងពីការស៊ើបអង្កេតនេះហើយ ដោយបានលើកឡើងថា៖ «យើងទន្ទឹងរង់ចាំក្នុងការសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ពួកគេ»។
គួរជម្រាបថា ការស៊ើបអង្កេតបឋមនេះ នឹងធ្វើការវាយតម្លៃ និងកំណត់ថាតើទង្វើរបស់ Google មានសញ្ញាណនៃការបំពានច្បាប់ប្រកួតប្រជែងមិនស្មោះត្រង់ ក្រោមច្បាប់ប្រឆាំងការជួញដូរផ្តាច់មុខរបស់ស្វីស ដែរឬយ៉ាងណា។ ផ្អែកតាមទិន្នន័យពីក្រុមហ៊ុនវិភាគគេហទំព័រ Statcounter បច្ចុប្បន្ន Google កំពុងក្តោបក្តាប់ទីផ្សារអនឡាញយ៉ាងធំធេងនៅក្នុងប្រទេសស្វីស ដោយកាន់កាប់ចំណែកទីផ្សារ Search Engine រហូតដល់ទៅ ៨២ ភាគរយ៕







