ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានប្រកាសទទួលស្គាល់សមាសភាពកីឡាករផ្លូវការ ក្រោមគោលបំណង «កីឡា មិត្តភាព សប្បុរស»
14-07-2026 22:22
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ (UYFC All Star FT) បានរៀបចំពិធីប្រកាសទទួលស្គាល់កីឡាកររបស់ខ្លួនជាផ្លូវការ និងការបង្ហាញឯកសណ្ឋានថ្មីរបស់ខ្លួន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅអាគារ The Kampus។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ជាមួយគោលបំណងធំៗចំនួន ៣ ដែលជាស្មារតីស្នូលរបស់ក្រុម គឺ «កីឡា មិត្តភាព សប្បុរស»។
បន្ទាប់ពីបានស្ដាប់នូវសេចក្ដីសម្រេចទទួលស្គាលសមាសភាពកីឡាករផ្លូវការ និងរបាយការណ៍សង្ខេបសកម្មភាពក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នាពេលកន្លងមក លោក ហ៊ុន ម៉ានី បានអបអរសាទរ និងស្វាគមន៍ ចំពោះសមាសភាពកីឡាករទាំងអស់ ដែលមានសមាជិកសរុបចំនួន ៨៧នាក់ ហើយបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រូបង្វឹក និងកីឡាករគ្រប់រូប ដែលបានស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មនាពេលកន្លងមក ពិសេសក្នុងសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ ដើម្បីជួយដល់សង្គមជាតិ។
ក្នុងនាមប្រធាន ស.ស.យ.ក និងជាប្រធានក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ផ្ទាល់ លោកបានគូសរំលេចពីសារៈសំខាន់ នៃកីឡា ដែលនាំឲ្យមានការជួបជុំ និងកសាងមិត្តភាព ដ្បិតភាពរឹងមាំ និងការរីកចម្រើននៃសង្គមជាតិមួយ គឺពិតជាត្រូវចាប់ផ្តើមចេញពីការកសាងស្មារតីមិត្តភាព និងសាមគ្គីភាព។ ការណ៍នេះ ទើបថ្នាក់ដឹកនាំក្រុម សម្រេចជ្រើសរើសយកពាក្យទាំង ៣ គឺ កីឡា មិត្តភាព និងសប្បុរស ជាស្មារតីស្នូល នៃការបង្កើតក្រុមឡើង ដែលលើសពីការជួបជុំលេងកីឡា ដើម្បីសុខភាព មិត្តភាព តែក៏កិច្ចការដែលសមាជិកក្រុមត្រូវរួបរួម និងចូលរួមក្នុងការងារសង្គមផ្សេងៗផងដែរ។
លោក ហ៊ុន ម៉ានី បានពន្យល់នូវពាក្យ «កីឡា» សម្រាប់ ស.ស.យ.ក ប្រៀបបានជា DNA មួយ ដ្បិតកាលពីឆ្នាំ២០១១ ស.ស.យ.ក ធ្លាប់បានបង្កើតក្រុមបាល់ទាត់ម្ដងមកហើយ ព្រមទាំងរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ និងការលេងកីឡាដើម្បីសុខភាព ស្របតាមចលនា «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» និងចុងក្រោយការបង្កើតនូវក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ដើម្បីចូលរួមប្រកួតអបអរសាទរ ខួបលើកទី១ នៃទិវាសន្ដិភាពនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ហើយក្រុមនេះ ក៏បានចងក្រងជាធ្លុងមួយ ហើយបន្ដជំរុញបន្ថែម អមជាមួយសកម្មភាពហ្វឹកហាត់ ប្រកួត និងចូលរួមកម្មវិធីជាច្រើន។
ចំពោះពាក្យ «មិត្តភាព» លោកថា បាល់ទាត់ គឺជាក្ដីស្រលាញ់របស់មនុស្សគ្រប់គ្នា និងបានផ្ដល់ឱកាសឲ្យមានការជួបជុំ រហូតបង្កើតបាននូវមិត្តភាព ។ លើសពីចំណងមិត្តភាពរវាងបុគ្គល និងបុគ្គល តែអ្វីដែលធ្វើឲ្យសង្គមមួយខ្លាំង គឺចំណងមិត្តភាពនេះហើយ តាមរយៈកីឡាក្ដី វប្បធម៌ក្ដី ប្រវត្តិសាស្ដ្រក្ដី ឬតាមរយៈរូបភាពផ្សេងៗក្ដី ដែលមានភាពចាំបាច់ក្នុងការកសាងឲ្យបានរឹងមាំ ដើម្បីធ្វើយ៉ាងណាកុំឲ្យប្រទេសនានា ជាពិសេសដូចបទពិសោធនៅឆ្នាំ២០២៥ អាចមើលងាយអ្វីដែលជាខ្មែរបាន ដោយចាប់ផ្ដើមពីការកសាងនូវចំណុចរួម នៃចំណងមិត្តភាពក្នុងនាមជាខ្មែរ ត្រូវតែពង្រឹងនូវស្មារតី ការបង្កើននូវការស្រលាញ់ មោទនភាព ស្ញប់ស្ញែង ចំពោះអ្វីដែលជាខ្មែរ។
រីឯពាក្យ «សប្បុរស» ក្រៅពីកីឡា ការជួបជុំកសាង និងពង្រឹងមិត្តភាព ក៏ជាចលនាមួយ រួមចំណែករំលឹកនូវអ្វីដែលជាទិវាប្រវត្តិសាស្ដ្ររបស់ជាតិ ឬតួអង្គប្រវត្តិសាស្ដ្ររបស់ជាតិ មិនត្រឹមតែជាការកៀរគរពីចលនាអ្វីមួយ ជួយដល់គោលដៅមួយនោះទេ ជាក់ស្ដែងការចូលរួមអបអរខួប ១ឆ្នាំ នៃទិវាសន្ដិភាពនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ និងកម្មវិធីតូចធំជាបន្ដបន្ទាប់ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ថ្មីៗ ដែលមានការជួបជុំដើរចម្ងាយ ១០គីឡូម៉ែត្រ ដើម្បីអបអរខួប ៤៩ឆ្នាំ នៃការផ្ដាច់ខ្លួនរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកការគាំទ្រ ដើម្បីរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ជាដើម។
ក្រឡេកមកចាប់អារម្មណ៍សមាសភាពកីឡាករក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ ដែលទើបត្រូវបានប្រកាសទទួលស្គាល់ គឺមានសមាជិកសរុបចំនួន ៨៧នាក់ ដែលមកពីគ្រប់មជ្ឈដ្ឋាន ទាំងថ្នាក់ដឹកនាំ និងសមាជិក ស.ស.យ.ក, មន្ត្រីរាជការ, ពាណិជ្ជករ, សិល្បករ, កីឡាករអាជីព អតីតកីឡាករអាជីព និងកីឡាករមកពីក្រុមផ្សេងៗ ដោយមានលោក ហ៊ុន ម៉ានី ជាប្រធានក្រុម ព្រមទាំងទីប្រឹក្សាក្រុមចំនួន ១០រូប, អនុប្រធាន ៤រូប ព្រមទាំងក្រុមការងារពាក់ព័ន្ធផ្សេងទៀត។ ក្រុមបានចាប់ផ្តើមដំបូង នៅក្នុងខែតុលា ឆ្នាំ២០២៤ ដើម្បីចូលរួមប្រកួតមិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤៕













