អាថ៌កំបាំង និងមូលហេតុដែលតំណភ្ជាប់ខ្លី «t.me» របស់ Telegram ត្រូវគាំងដំណើរការទូទាំងពិភពលោក

15-07-2026 07:52

(វ៉ាស៊ីនតោន)៖ តំណភ្ជាប់កូដខ្លី «t.me» ដ៏មានប្រជាប្រិយភាពរបស់កម្មវិធីផ្ញើសារយក្ស Telegram ត្រូវបានធ្លាក់ចូលទៅក្នុងស្ថានភាពគ្មានដំណើរការ (Offline) ជាបណ្តោះអាសន្នទូទាំងពិភពលោក បន្ទាប់ពីស្ថាប័នគ្រប់គ្រងដែន (Domain Registry) បានសម្រេចដាក់ស្ថានភាពដែននេះទៅជា «serverHold»។ វិធានការដ៏ភ្ញាក់ផ្អើលនេះ គឺបង្កឡើងដោយចៃដន្យ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអនុលោមតាមទណ្ឌកម្មរបស់ក្រសួងរតនាភិបាលសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបច្ចេកវិទ្យា PCMag និងសារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ។

ស្ថានភាពអាក់ខាននេះ បានកើតឡើងកាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា កន្លងទៅនេះ ដោយរាល់ការចុចលើតំណភ្ជាប់ចាកចេញទៅកាន់ឆានែល ក្រុមពិភាក្សា ឬគណនីបុគ្គលរបស់ Telegram តាមរយៈកូដ t.me សុទ្ធតែមិនអាចដំណើរការបាន។ តាមរយៈការពិនិត្យទិន្នន័យ WHOIS បានបង្ហាញថា ដែន (Domain) នេះត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាព «serverHold» ដែលជាការកាត់ផ្តាច់ប្រព័ន្ធកំណត់ឈ្មោះដែន (DNS) ចេញពីអ៊ីនធឺណិតទាំងស្រុងពីសំណាក់អាជ្ញាធរចុះបញ្ជី (Registry Operator)។

តើមានរឿងអ្វីកើតឡើងពិតប្រាកដ? យោងតាមការបញ្ជាក់ជាផ្លូវការពីសំណាក់ក្រុមហ៊ុន DomainME ដែលជាអ្នកគ្រប់គ្រងដែនកម្រិតកំពូលប្រទេសម៉ុងតេណេហ្គ្រោ (.ME) បានឱ្យដឹងថា ចំណាត់ការនេះមានការជាប់ពាក់ព័ន្ធនឹងកិច្ចការអនុលោមតាមច្បាប់របស់ការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស (OFAC) របស់សហរដ្ឋអាមេរិក ដែលដើមចមនៃបញ្ហា គឺកាលពីថ្ងៃទី១៣ ខែកក្កដា ក្រសួងរតនាភិបាលអាមេរិក បានដាក់បញ្ចូលសេវាកម្មទិន្នន័យឯកជន «First VPN Service» (1VPNS) ទៅក្នុងបញ្ជីទណ្ឌកម្មខ្មៅ ដោយសារតែសេវាកម្ម VPN មួយនេះត្រូវបានប្រើប្រាស់ដោយក្រុមមេរោគជំរិតទារប្រាក់ (Ransomware)។

នៅក្នុងបញ្ជីហេដ្ឋារចនាសម្ព័ន្ធសម្គាល់របស់ 1VPNS អាជ្ញាធរអាមេរិកបានដាក់បញ្ចូលតំណភ្ជាប់ Telegram មួយគឺ t.me/FirstVPNService។ ជំនួសឱ្យការបិទខ្ទប់ត្រឹមតែគណនីជាក់លាក់មួយនេះ ស្ថាប័នចុះបញ្ជី .ME បែរជាបានសម្រេចចិត្តចាត់វិធានការបិទខ្ទប់ ដែនរួម (Whole Domain) t.me ទាំងមូលតែម្តង ដើម្បីធានាបាននូវភាពអនុលោមតាមច្បាប់ទណ្ឌកម្មរបស់អាមេរិក។

ភ្លាមៗបន្ទាប់ពីមានការកាត់ផ្តាច់នេះ ស្ថាបនិកក្រុមហ៊ុន Telegram លោក Pavel Durov បានទាក់ទងដោយផ្ទាល់ទៅកាន់ដៃគូគ្រប់គ្រងដែន ដើម្បីដោះស្រាយបញ្ហា។ នៅថ្ងៃទី១៤ ខែកក្កដា បន្ទាប់ពី Telegram បានផ្តល់ការបញ្ជាក់ និងការលុបចោលរាល់គណនី និងការផ្សារភ្ជាប់របស់ក្រុមហ៊ុនខុសច្បាប់ 1VPNS ចេញពីប្រព័ន្ធរបស់ខ្លួនរួចរាល់ ក្រុមហ៊ុន DomainME ក៏បានដកស្ថានភាពបិទខ្ទប់ «serverHold» នេះចេញវិញ ដែលអនុញ្ញាតឱ្យតំណភ្ជាប់ t.me រត់ធម្មតាឡើងវិញទូទាំងពិភពលោក។

ទោះជាយ៉ាងណា ព្រឹត្តិការណ៍នេះបានបង្កឱ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងក្នុងវិស័យបច្ចេកវិទ្យា ជុំវិញភាពងាយរងគ្រោះនៃហេដ្ឋារចនាសម្ព័ន្ធអនឡាញ ដែលសូម្បីតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់ដូចជា Telegram ក៏អាចត្រូវគាំងដំណើរការប្រព័ន្ធតំណភ្ជាប់របស់ខ្លួនបានដែរ ដោយសារតែចំណាត់ការផ្នែកច្បាប់លើ URL តែមួយខ្សែប៉ុណ្ណោះ៕