Apple ឈ្នះក្តី ក្រោយតុលាការអាមេរិកសម្រេចទាត់ចោលបណ្តឹងជុំវិញករណីរូបភាពអាសអាភាសកុមារលើ iCloud
15-07-2026 09:40
(បរទេស)៖ ចៅក្រមសហព័ន្ធអាមេរិក បានសម្រេចទាត់ចោលការប្តឹងផ្តល់ ជាលក្ខណៈសមូហភាព (Class Action) ប្រឆាំងនឹងក្រុមហ៊ុន Apple ដែលបានចោទប្រកាន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបណ្តោយឱ្យសេវាកម្មរក្សាទុកទិន្នន័យ iCloud របស់ខ្លួន ក្លាយជាកន្លែងផ្ទុកនិងចែកចាយរូបភាព ឬសម្ភារអាសអាភាស ដែលកេងប្រវ័ញ្ចផ្លូវភេទលើកុមារ (CSAM)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
ផ្អែកតាមការសម្រេចរបស់ចៅក្រម ការទាត់ចោលបណ្តឹងនេះគឺផ្អែកលើហេតុផលសំខាន់ៗមួយចំនួនរួមមាន កិច្ចការពារតាមច្បាប់ ពោលចៅក្រមសហព័ន្ធលោកស្រី Noël Wise នៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ា បានសម្រេចគាំទ្រការការពារខ្លួនរបស់ Apple ដោយផ្អែកលើច្បាប់ទំនាក់ទំនង មាត្រា ២៣០ ដែលច្បាប់នេះចែងថា ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតមិនត្រូវទទួលខុសត្រូវចំពោះខ្លឹមសារ ឬទិន្នន័យដែលបង្កើត ឬបង្ហោះឡើងដោយអ្នកប្រើប្រាស់នោះទេ។ ចំណុចបន្ទាប់ គឺ មិនទាន់មានច្បាប់បង្ខំ ដោយនៅក្នុងសាលក្រម ចៅក្រមបានបញ្ជាក់ថា បច្ចុប្បន្នមិនទាន់មានច្បាប់ណាមួយតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យា ត្រូវតែធ្វើការស្កែន ឬស្វែងរក និងរាយការណ៍អំពីសម្ភារអាសអាភាសកុមារដោយសកម្មនោះទេ។ ចុងក្រោយ គឺបន្ទុកលើអ្នកតាក់តែងច្បាប់ ដោយចៅក្រមបានសង្កត់ធ្ងន់ថា ភារកិច្ចក្នុងការដោះស្រាយបញ្ហានេះ គឺស្ថិតនៅលើអ្នកតាក់តែងច្បាប់ (រដ្ឋសភា/ព្រឹទ្ធសភា) ក្នុងការបង្កើតច្បាប់ដើម្បីការពារកុមារ និងដោះស្រាយបញ្ហាកេងប្រវ័ញ្ចនេះ មិនមែនជាតួនាទីរបស់តុលាការក្នុងការបង្កើតច្បាប់ថ្មីនោះឡើយ ទោះបីជាការបង្កើតច្បាប់នោះអាចនឹងប៉ះពាល់ដល់ឯកជនភាពរបស់អ្នកប្រើប្រាស់ខ្លះក៏ដោយ។
គួររំលឹកថា បណ្តឹងនេះត្រូវបានដាក់ដោយជនរងគ្រោះពីររូប (ប្រើឈ្មោះក្រៅថា Amy និង Jessica) ដោយចោទថា Apple មិនព្រមប្រើប្រាស់បច្ចេកវិទ្យាស្កែនរូបភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃរូបភាពអាសអាភាសកុមារ ព្រោះតែបារម្ភពីការរិះគន់រឿងរំលោភសិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់។ តុលាការបានទាត់ចោលបណ្តឹងនេះជាស្ថាពរ ដែលមានន័យថាក្រុមដើមបណ្តឹងមិនអាចដាក់ពាក្យប្តឹងលើករណីដដែលនេះជាថ្មីបានទៀតឡើយ៕










