World Cup 2026៖ ការសម្រាកតង់ទី១ នៃវគ្គផ្តាច់ព្រ័ត្រថ្ងៃទី១៩-កក្កដា នឹងមានការបន្លាយពេលដល់ទៅ ២៥នាទី
15-07-2026 09:54
(បរទេស)៖ ការសម្រាកក្នុងតង់ទី១ នៃវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2026 នឹងមានការអូសបន្លាយពេលវេលាចាប់ពី ២០-២៥នាទីឯណោះ ដ្បិតតាមធម្មតាមានតែ ១៥នាទីតែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ការអូសបន្លាយពេលវេលាក្រោយបញ្ចប់វគ្គទី១ រយៈពេល ៤៥នាទីនេះដែរ ពោលគឺដើម្បីផ្តល់ឱ្យអ្នកទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន និងនៅជុំវិញពិភពលោកបានកម្សាន្តអារម្មណ៍ជាមួយនឹងការប្រគុំតន្រ្តីដែលត្រៀមសំដែងរួមគ្នារបស់ Madonna, Shakira និងតារា K-pop ពីក្រុម BTS នៅឯកីឡដ្ឋាន New Jersey Stadium ស្ថិតក្នុងរដ្ឋ New York សហរដ្ឋអាមេរិក។
វាជាការឈប់សម្រាករយៈពេលយូរជាលើកទី២ បន្ទាប់ពីផ្តាច់ព្រ័ត្រពាន Club World Cup កាលពីឆ្នាំ២០២៥ ដែលត្រូវបានរៀបចំឡើងដោយ FIFA ដើម្បីរៀបចំការប្រគុំតន្រ្តីនានាផងដែរ។
តារាចម្រៀងល្បីសហរដ្ឋអាមេរិក Justin Bieber បានថ្លែងកាលពីសប្តាហ៍មុនថា រូបគេនឹងចូលរួមសំដែងនៅក្នុងពិធីបិទ World Cup ជំនាន់ទី២៣ នាចុងសប្តាហ៍នេះដែរ អមដោយតារាច្រៀងល្បីជាច្រើនរូបមានដូចជា Tom Cruise, IShowSpeed និង Jennifer Hudson ជាដើម ក្នុងការច្រៀងចម្រៀងភ្លេចជាតិអាមេរិករួមគ្នា។
គួរបញ្ជាក់ផងថា វគ្គផ្តាច់ព្រ័ត្រ World Cup 2026 នឹងចាប់ផ្តើមប្រកួតចាប់ពីវេលាម៉ោង ១៥៖០០នាទីរសៀល ក្រោយពេលពិធីបិទនឹងបន្តរៀបចំឡើងចាប់ពីម៉ោង ១៣៖៣០នាទីតទៅ (ម៉ោងនៅសហរដ្ឋអាមេរិក)៕




