អាមេរិកបើកភ្លើងខៀវឱ្យក្រុមហ៊ុនចិនថ្មីៗ បញ្ជាទិញបន្ទះឈីប AI កម្រិតខ្ពស់ពី Nvidia និង AMD

15-07-2026 10:21

(បរទេស)៖ យោងតាមឯកសារ និងប្រភពជិតស្និទ្ធបានឱ្យដឹងថា ក្រុមហ៊ុនចិនចំនួនបី រួមមានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ZTE និងក្រុមហ៊ុនផលិតម៉ាស៊ីនមេ Maginfra ទទួលបានការអនុញ្ញាតពីសហរដ្ឋអាមេរិកក្នុងការទិញបន្ទះឈីប AI កម្រិតខ្ពស់ H200 របស់ក្រុមហ៊ុន Nvidia។ ជាមួយគ្នានេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Kingsoft ក៏ទទួលបានការអនុញ្ញាតឱ្យទិញបន្ទះឈីបកម្រិតខ្ពស់ពីក្រុមហ៊ុន AMD ផងដែរ ដែលការសម្រេចចិត្តនេះបានពង្រីកបញ្ជីឈ្មោះក្រុមហ៊ុនចិនដែលអាចទទួលបានបច្ចេកវិទ្យាកំពូលនេះ ហួសពីក្រុមកំពូលក្រុមហ៊ុនអ៊ីនធឺណិត និងអ្នកចែកចាយធំៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦។

បន្ទះឈីប H200 របស់ Nvidia ដែលជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតសម្រាប់បង្ហាត់ និងដំណើរការប្រព័ន្ធ AI ខ្នាតធំ បានក្លាយជាចំណុចកណ្តាលនៃការប្រជែងគ្នាយ៉ាងស្រួចស្រាវរវាងបច្ចេកវិទ្យាសហរដ្ឋអាមេរិក និងចិន។ ចាប់តាំងពីឆ្នាំ ២០២២ មក ទីក្រុងវ៉ាស៊ីនតោនបានរឹតបន្តឹងការនាំចេញបច្ចេកវិទ្យានេះជាលំដាប់ ដោយសារក្តីបារម្ភថា «បច្ចេកវិទ្យានេះអាចគាំទ្រដល់ការធ្វើទំនើបកម្មយោធារបស់សាធារណរដ្ឋប្រជាមានិតចិន (PRC)»។ ទោះជាយ៉ាងណា រដ្ឋបាលលោក ត្រាំ បានអនុញ្ញាតឱ្យមានការលក់បន្ទះឈីប H200 នេះ ដោយអ្នកខ្លះយល់ថា ការនាំចេញនេះជួយជំរុញឧត្តមភាពបច្ចេកវិទ្យារបស់អាមេរិក ខណៈ Nvidia ខ្លួនឯងក៏ប្រឹងប្រែងរក្សាទីផ្សារចិនដ៏ធំធេងនេះដែរ។

កាលពីខែឧសភា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានរាយការណ៍ថា អាមេរិកធ្លាប់បានអនុញ្ញាតឱ្យក្រុមហ៊ុនចិនប្រហែល ១០ រួមមាន Alibaba និង Tencent បញ្ជាទិញបន្ទះឈីបទាំងនេះរួចម្តងមកហើយ ប៉ុន្តែ «មិនទាន់មានការដឹកជញ្ជូនណាមួយត្រូវបានធ្វើឡើងនៅពេលនោះទេ ដោយសារកិច្ចព្រមព្រៀងទាំងនោះនៅជាប់គាំងចន្លោះតម្រូវការអនុម័ត និងការពិនិត្យយ៉ាងដិតដល់ទាំងនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង»។ តែបច្ចុប្បន្ន ដំណើរការពិនិត្យនាំចូលពីសំណាក់អាជ្ញាធរចិនហាក់មានវឌ្ឍនភាព ព្រោះក្រុមហ៊ុន Cloud របស់ចិនមួយចំនួនបានចាប់ផ្តើមប្រាប់ដៃគូរបស់ពួកគេថា ពួកគេអាចនឹងទទួលបានបន្ទះឈីបទាំងនេះក្នុងពេលឆាប់ៗខាងមុខ។

ទោះជាជាយ៉ាងណាក៏ដោយ ភាពមិនច្បាស់លាស់នៅតែបន្តកើតមាន ដោយសារតែម្ខាងសហរដ្ឋអាមេរិកបានផ្តល់អាជ្ញាប័ណ្ណនាំចេញឱ្យក៏ពិតមែន ប៉ុន្តែម្ខាងទៀត «ប្រទេសចិនបានលើកទឹកចិត្តឱ្យមានការប្រើប្រាស់ជម្រើសក្នុងស្រុកជំនួសវិញ» ដែលធ្វើឱ្យគេមិនទាន់ច្បាស់ថា តើការលក់ដូរពាណិជ្ជកម្មបន្ទះឈីបកម្រិតខ្ពស់នេះអាចដំណើរការទៅមុខដោយរលូនទាំងស្រុង ឬយ៉ាងណានោះទេ៕