កម្ពុជា អាចសងសឹកហ្វីលីពីនបានទេ ក្នុងជំនួបបើកឆាកពាន SEA V-Cup 2026 ល្ងាចនេះ?
15-07-2026 11:17
(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកយុទ្ធនាការប្រកួតបាល់ទះពានរង្វាន់អាស៊ីអាគ្នេយ៍ (SEA V-Cup) ឆ្នាំ២០២៦ នាល្ងាចថ្ងៃទី១៥ ខែកក្កដានេះ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះហ្វីលីពីនមុនគេ នៅមជ្ឈមណ្ឌលកីឡា Condon City។
នេះជាការប្រកួតដំបូងក្នុងពូល A ហើយក៏ជាជំនួបសងសឹកគួរឲ្យចាប់អារម្មណ៍ផងដែរ បន្ទាប់ពីកម្ពុជារងបរាជ័យទាំង ២ជើង (ជើងទី១៖ ៣-២ និងជើងទី២៖ ៣-១) សម្រាប់ប្រវត្តិជួបគ្នា ២លើកចុងក្រោយ ក្នុងព្រឹត្តិការណ៍បាល់ទះប្រចាំតំបន់នេះ។ ដូច្នេះចាំមើលតើកម្ពុជា នឹងអាចសងសឹកហ្វីលីពីនបាន ឬទេ?
បែបនេះក្ដី មុនបរាជ័យក្នុងពានរង្វាន់ SEA V.League កាលពីឆ្នាំ២០២៥ ដែលទើបប្ដូរឈ្មោះមកជាពាន SEA V.Cup ឆ្នាំនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក៏ធ្លាប់បានយកឈ្នះហ្វីលីនចំនួន ២លើកផងដែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ក្នុងលទ្ធផល ៣-១សិត និងស៊ីហ្គេម ឆ្នាំ២០២៣ ឈ្នះដោយលទ្ធផល ៣-០សិត។
ជាមួយការវិលត្រឡប់មកវិញនូវកីឡាករាមច្បងមួយចំនួន ដែលខកខានបង្ហាញខ្លួនពីលើកមុន ពិសេសអ្នកចែកបាល់(ប៉ះសេ) សួន ចាន់ណារ៉ុន សម្រាប់បេសកកម្មលើកនេះ អ្នកគាំទ្រសង្ឃឹមថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងអាចធ្វើបានល្អ ជាមួយលទ្ធផលល្អប្រសើរជាងរដូវកាលមុនផងដែរ។
គួរដឹងថា ព្រឹត្តិការណ៍បាល់ទះ SEA V-Cup 2026 មានក្រុមខ្លាំងៗក្នុងតំបន់ ៦ក្រុមចូលរួម និងបែងចែកជា ២ពូល ក្នុងនោះកម្ពុជា ស្ថិតក្នុងពូល A ជាមួយហ្វីលីពីន និងឥណ្ឌូនេស៊ី គ្រាដែលពូល B មានវៀតណាម មីយ៉ាន់ម៉ា និងថៃ។ ចំពោះការប្រកួតបែងចែកជា ២ជើង ដោយជើងទី១ ធ្វើឡើងនៅហ្វីលីពីន ពីថ្ងៃទី១៥-១៩ ខែកក្កដា និងជើងទី២ ប្រកួតនៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២២-២៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ៕







