ចក្រភពអង់គ្លេស គ្រោងដាក់បម្រាម «បិទកម្មវិធីបណ្តាញសង្គមនៅពាក់កណ្តាលអធ្រាត្រ» សម្រាប់យុវវ័យអាយុ ១៦-១៧ ឆ្នាំ
15-07-2026 14:27
(បរទេស)៖ រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសពីផែនការថ្មីមួយ ដោយត្រៀមដាក់ចេញនូវការកំណត់ម៉ោងបិទកម្មវិធីបណ្តាញសង្គមដោយស្វ័យប្រវត្តិនាពេលរាត្រី (Curfew) សម្រាប់យុវវ័យអាយុ ១៦ និង ១៧ ឆ្នាំ ដោយតម្រូវឱ្យផ្អាកការប្រើប្រាស់ចន្លោះពីម៉ោង ១២ យប់ ដល់ម៉ោង ៦ ព្រឹក លើកលែងតែពួកគេចូលទៅផ្លាស់ប្តូរការកំណត់ដោយខ្លួនឯង។ វិធានការបន្ថែមនេះ ធ្វើឡើងបន្ទាប់ពីអង់គ្លេសបានប្រកាសពីផែនការ «ហាមឃាត់ទាំងស្រុង» មិនឱ្យកុមារអាយុក្រោម ១៦ ឆ្នាំប្រើប្រាស់បណ្តាញសង្គម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
ក្រៅពីការកំណត់ម៉ោង វិធានការថ្មីនេះក៏នឹងបិទមុខងារអូសទាញផ្សេងៗតាមលំនាំដើមផងដែរ ដូចជាវីដេអូដែលចាក់ដោយស្វ័យប្រវត្តិតៗគ្នា (Autoplay) ដើម្បីការពារយុវវ័យពីផលប៉ះពាល់អវិជ្ជមាននៃការជក់អូសទស្សនាទូរស័ព្ទនៅពេលយប់ជ្រៅ។ ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាអង់គ្លេស លោកស្រី លីហ្ស ឃិនដល (Liz Kendall) បានគូសបញ្ជាក់ថា៖ «វិធានការទាំងនេះនឹងមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយឱ្យយុវជនទទួលបានការគេងដែលពួកគេត្រូវការ មានការផ្តោតអារម្មណ៍លើការសិក្សានៅសាលារៀន និងមហាវិទ្យាល័យ និងចំណាយពេលប្រកបដោយគុណភាពបន្ថែមទៀតជាមួយក្រុមគ្រួសារ និងមិត្តភក្តិ»។
ទោះជាយ៉ាងណា ច្បាប់ថ្មីដែលគ្រោងនឹងចូលជាធរមាននៅនិទាឃរដូវឆ្នាំ ២០២៧ នេះ អាចនឹងជួបប្រទះឧបសគ្គផ្នែកបច្ចេកវិទ្យា។ ជាក់ស្តែង ក្រុមការងារផ្តល់ប្រឹក្សាដល់ប្រទេសអូស្ត្រាលី ដែលជាប្រទេសដំបូងគេបង្អស់ក្នុងការហាមឃាត់កុមារមិនឱ្យលេងបណ្តាញសង្គម បានរកឃើញថា «ក្រុមហ៊ុនបណ្តាញសង្គមទាំងនោះកំពុងជួបឧបសគ្គតាំងពីជំហានដំបូងក្នុងការអនុវត្តការត្រួតពិនិត្យផ្ទៀងផ្ទាត់អាយុ ដែលធ្វើឱ្យបម្រាមនោះមិនសូវមានប្រសិទ្ធភាព»។
គួរជម្រាបថា ការរឹតត្បិតដ៏តឹងរ៉ឹងនេះបានឆ្លុះបញ្ចាំងពីក្តីបារម្ភជាសកលរបស់មាតាបិតា និងអ្នកបង្កើតគោលនយោបាយ ខណៈដែលកាលពីខែមុន ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google និង TikTok ក៏ទើបតែបានព្រមព្រៀងដោះស្រាយក្រៅប្រព័ន្ធតុលាការ ជុំវិញបណ្តឹងមួយនៅសហរដ្ឋអាមេរិក ដែលប្តឹងដោយអនីតិជនម្នាក់ ដោយសារតែប្រព័ន្ធបណ្តាញសង្គមបានបំផ្លាញសុខភាពផ្លូវចិត្តរបស់គេធ្ងន់ធ្ងរ៕







