ម៉ារ៉ាតុងចក្រភពអង្គរ កំពុងទាក់ទាញប្រជាពលរដ្ឋចិនជាច្រើនមកចូលរួមរត់ ដោយគ្មានក្ដីបារម្ភ នាដើមខែក្រោយ
15-07-2026 14:31
(ភ្នំពេញ)៖ នៅសល់ពេលជាង ២សប្ដាហ៍ទៀតប៉ុណ្ណោះ ទិវារត់រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី១១ នឹងចូលមកដល់ ពោលគឺនឹងប្រព្រឹត្តទៅនាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ តំបន់អង្គរ ខេត្តសៀមរាប ជាមួយកំណើនអត្តពលិកជាតិ-អន្ដរជាតិគួរឲ្យកត់សម្គាល់ ពិសេសអត្តពលិក និងប្រជាជនចិនជាច្រើនដែលនិយមចូលចិត្តកីឡារត់នេះ បានសម្ដែងនូវក្ដីរីករាយ និងការត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនារដូវកាលបៃតងនេះ។
យោងតាមវីដេអូកំពុងផ្ទុះការផ្សព្វផ្សាយយ៉ាងផុសផុលពីកម្ពុជា នៅទូទាំងប្រទេសចិន ដែលបានផលិតរួមគ្នា ស្របតាមកិច្ចព្រមព្រៀងរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងព្រឹត្តិការណ៍តាលីម៉ារ៉ាតុង របស់សាធារណរដ្ឋប្រជាមានិតចិន ប្រជាពលរដ្ឋចិន បានបញ្ជាក់ច្បាស់ៗពីការត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមទិវារត់រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី១១ នាដើមខែសីហាខាងមុខ ដោយគ្មានការព្រួយបារម្ភពីបញ្ហាសន្ដិសុខ ឬព័ត៌មានអវត្តមានអ្វីឡើយ។
តាមរយៈវីដេអូដដែលភាគីចិន កំពុងតែផ្សព្វផ្សាយ និងកៀរគរ ក៏ដូចជាផ្ដល់នូវព័ត៌មានពិតពីកម្ពុជា ដល់ប្រជាពលរដ្ឋខ្លួន ដែលនឹងទទួលបាននូវសុខសុវត្ថិភាព សម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិទាំងអស់ដែលធ្វើដំណើរមកកម្សាន្ដនៅកម្ពុជា ពិសេសការត្រៀមចូលរួមទិវារត់រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ នៅខេត្តសៀមរាប នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា «វីដេអូឯកសារនេះត្រូវបានផ្សព្វផ្សាយទូទាំងប្រទេសចិន ដែលជាសក្ខីភាពក្នុងការជួយជំរុញដល់សេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជាខ្លាំងណាស់ តាមរយៈព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ ហើយស្ដែងឲ្យឃើញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងព្រឹត្តិការណ៍តាលីម៉ារ៉ាតុងរបស់ចិន ដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីពាក់កណ្ដាលឆ្នាំ២០២៤ កន្លងទៅ»។
គួរដឹងថា ទិវារត់រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ ឆ្នាំនេះ នឹងត្រូវរៀបចំ ៤វិញ្ញាសាដូចរាល់ឆ្នាំដែរ រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ។ យោងតាមសន្និសីទសារព័ត៌មានកាលពីថ្មីៗ មានកំណើតអត្តពលិកជាតិ-អន្ដរជាតិជាច្រើនបានចុះឈ្មោះ ពិសេសសន្ទុះពលរដ្ឋខ្មែរ ចុះឈ្មោះរត់ចម្ងាយ ៤២គីឡូម៉ែត្រ។ ផ្អែកលើសន្ទុះនេះ គណៈកម្មការរៀបចំ រំពឹងការរៀបចំឆ្នាំនេះ អាចនឹងកើនអ្នករត់ខ្ទង់ ៥ ទៅ ៦ពាន់នាក់។
ចំពោះគោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ រៀងរាល់ខែសីហានេះដែរ គឺដើម្បីចូលរួមផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរក្នុងរដូវបៃតង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរផង និងជួយដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបផង។ មួយវិញទៀត ក៏ជាវេទិការផ្សារភ្ជាប់សកម្មភាពសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារ និងអង្គការផ្សេងៗផងដែរ៕















