ក្រុមហ៊ុនយក្ស Meta រងបណ្តឹងធំ៖ ជាប់ចោទពីបទប្រើ AI ស្កេនបុគ្គលិកណាមានជំងឺ ដើម្បីបញ្ឈប់ពីការងារ
15-07-2026 16:38
(បរទេស)៖ បុគ្គលិកចំនួន ២៦ នាក់របស់ក្រុមហ៊ុន Meta Platforms បានរួមគ្នាដាក់ពាក្យបណ្តឹងដ៏ប្លែកមិនធ្លាប់មានមួយ ទៅកាន់តុលាការសហព័ន្ធអាមេរិក ដោយចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះថា បានប្រើប្រាស់កម្មវិធីដំណើរការដោយ AI ដើម្បីដៅចំៗទៅលើជនមានពិការភាព ឬអ្នកសុំច្បាប់សម្រាកព្យាបាលជំងឺ នៅក្នុងការជ្រើសរើសបុគ្គលិកសម្រាប់កាត់បន្ថយចំនួនដ៏ច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
ក្រុមបុគ្គលិកបានអះអាងថា Meta បានប្រើប្រាស់ប្រព័ន្ធជំនួយការ AI ផ្ទៃក្នុងមួយចំនួន រួមទាំងប្រព័ន្ធឈ្មោះ «Metamate» និង «ខួរក្បាលទីពីរ» (Second Brain) ដើម្បីវាយតម្លៃ និងចាត់ថ្នាក់បុគ្គលិកនៅលើបញ្ជីឈ្មោះអ្នកត្រូវបញ្ឈប់ពីការងារ ដោយស្កេនសកម្មភាពតាំងពីការចុចក្តារចុច អ៊ីមែល រហូតដល់ប្រវត្តិស្វែងរក ដែលធ្វើឱ្យខូចប្រយោជន៍យ៉ាងខ្លាំងដល់អ្នកដែលខកខានមកធ្វើការ ដោយសារបញ្ហាសុខភាព ឬត្រូវថែទាំក្រុមគ្រួសារ។
ភ្លាមៗជុំវិញការចោទប្រកាន់ដ៏ក្តៅគគុកនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta បានចេញមុខបដិសេធថា ការទាមទារទាំងនេះគឺគ្មានមូលដ្ឋានទាល់តែសោះ ដោយបានថ្លែងការណ៍ការពារថា៖ «ការគ្រប់គ្រងកម្លាំងពលកម្ម និងការសម្រេចចិត្តរបស់ស្ថាប័ន គឺត្រូវបានធ្វើឡើង និងកំពុងធ្វើឡើងដោយមនុស្ស មិនមែន AI នោះទេ»។ យ៉ាងណាមិញ ដើមបណ្តឹងទាំង ២៦ នាក់ដែលបានលាក់ឈ្មោះ បានទាមទារឱ្យតុលាការរារាំងគម្រោងបញ្ឈប់ការងារដែលត្រូវចាប់ផ្តើមនៅថ្ងៃទី២២ ខែកក្កដានេះជាបណ្តោះអាសន្ន ព្រមទាំងចោទប្រកាន់ថា Meta បានរំលោភច្បាប់រដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉ក ជុំវិញការបរាជ័យមិនបានធ្វើតេស្តប្រព័ន្ធ AI របស់ខ្លួនដើម្បីរកមើលភាពលម្អៀង (Bias)។
គួរជម្រាបថា ពាក្យបណ្តឹងនេះ ត្រូវបានគេកត់សម្គាល់ឃើញថាជាបណ្តឹងដំបូងបង្អស់ប្រឆាំងនឹងក្រុមហ៊ុនខ្នាតធំរបស់សហរដ្ឋអាមេរិក ក្នុងការប្រឈមមុខច្បាប់ជុំវិញការសង្ស័យថាប្រើប្រាស់ AI ក្នុងការដេញបុគ្គលិកចេញពីការងារ។ គួររំលឹកផងដែរថា កាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុន Meta បានកាត់បន្ថយបុគ្គលិកសកលរបស់ខ្លួនរហូតដល់ ១០% ឬស្មើនឹងជិត ៨,០០០ នាក់ ដែលជាផ្នែកមួយនៃការរុះរើទ្រង់ទ្រាយធំដើម្បីបង្កើនការវិនិយោគលើផ្នែក AI ទោះបីជានាយកប្រតិបត្តិ (CEO) លោក Mark Zuckerberg ធ្លាប់បានបញ្ជាក់ថា លោកមិនរំពឹងថានឹងមានការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំទូទាំងក្រុមហ៊ុនបន្ថែមទៀតនៅក្នុងឆ្នាំនេះក៏ដោយ៕













