សងសឹកបានសម្រេច! ក្រុមបាល់ទះកម្ពុជា យកឈ្នះហ្វីលីពីន ៣-២សិត ក្នុងជំនួបបើកឆាកពូល A នៃពាន SEA V-Cup 2026

15-07-2026 21:14

(ភ្នំពេញ)៖ ទីបំផុតក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានស្គាល់ជ័យជម្នះលើកដំបូង សម្រាប់ការបង្ហាញខ្លួនក្នុងពានរង្វាន់ប្រចាំតំបន់ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ដោយលទ្ធផល ៣-២សិត ក្នុងជំនួបបើកឆាកពូល A នៃពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ (SEA V-Cup) ឆ្នាំ២០២៦ នៅល្ងាចថ្ងៃទី១៥ ខែកក្កដានេះ។

សម្រាប់ការប្រកួតដំបូង ក្នុងការបង្ហាញខ្លួនលើកទី២ នៃពានរង្វាន់ខាងលើនេះ កម្ពុជា និងហ្វីលីពីន បានយកឈ្នះគ្នាទៅវិញទៅមក រហូតចំណាយពេល ៥សិត ដើម្បីកាត់សេចក្ដី។ ជំនួបដ៏ស្វិតស្វាញនេះ សិតទី១ កម្ពុជាឈ្នះ ២៥-២៣ពិន្ទុ, សិតទី២ ហ្វីលីពីនឈ្នះវិញ ៣០-២៨ពិន្ទុ គ្រាដែលសិតទី៣ កម្ពុជា បានយកឈ្នះ ២៥-២០ពិន្ទុ តែឱកាសទទួលបាន ៣ពិន្ទុ ត្រូវភ្លាតជាថ្មី ក្រោយហ្វីលីពីន យកឈ្នះនៅសិតទី៤ ក្នុងពិន្ទុ ២៥-២២ មុនកម្ពុជា វាយផ្ដាច់យកឈ្នះ ១៥-៨ពិន្ទុ នៅសិតទី៥។

នេះគឺជាសម្រេចបំណងសងសឹករបស់ក្រុមជម្រើសជាតិកម្ពុជា លើក្រុមជម្រើសជាតិហ្វីលីពីន ក្នុងព្រឹត្តិការណ៍បាល់ទះប្រចាំតំបន់នេះ ក្រោយជួបគ្នាក្នុងពាន SEA V-League កាលពីឆ្នាំ២០២៥ កម្ពុជារងបរាជ័យទាំង ២ជើង ហើយនេះក៏ជ័យជម្នះលើកដំបូង សម្រាប់ការបង្ហាញវត្តមានក្នុងព្រឹត្ដិការណ៍នេះ ដ្បិតកាលពីរដូវកាលមុន ឆ្លងកាត់ការប្រកួតសរុប ២ជើងស្មើ ៨ប្រកួត កម្ពុជាមិនស្គាល់ជ័យជម្នះម្ដងឡើយ។

ជាមួយជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា មានក្ដីសង្ឃឹមក្នុងការប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់ជើងទី១ នៃពានរង្វាន់ SEA V-Cup 2026 ដែលហ្វីលីពីនធ្វើម្ចាស់ផ្ទះនេះ។ បែបនេះក្ដី កម្ពុជានៅរង់ចាំអ៊ុតលទ្ធផល ២ប្រកួតចុងក្រោយក្នុងពូល A ពោលគឺជំនួបរវាងកម្ពុជា និងក្រុមខ្លាំងឥណ្ឌូនេស៊ី នាថ្ងៃទី១៦ ខែកក្កដាស្អែក និងជំនួបរវាងហ្វីលីពីន និងឥណ្ឌូនេស៊ី នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីកាត់សេចក្ដីរកក្រុមលេខ១ និងលេខ២ ក្នុងពូលឡើងទៅវគ្គ ៤ក្រុមចុងក្រោយ៕