កម្ពុជា ប៉ះឥណ្ឌូនេស៊ី បង្ហើយកិច្ច មុនបន្ដដំណើរទៅវគ្គ ១/២ ផ្ដាច់ព្រ័ត្រពាន ASEAN Women’s Cup 2026

16-07-2026 09:11

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី នាវេលាម៉ោង ៣៖៤៥នាទីរសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ដែលជាជំនួបបង្ហើយកិច្ចពូល B ក្នុងពានរង្វាន់បាល់ទាត់នារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Women’s Cup 2026 មុនក្រុមទាំងពីរ បន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២)។

កម្ពុជា និងឥណ្ឌូនេស៊ី សុទ្ធតែមានកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រក្នុងដៃ បន្ទាប់ពីក្រុមទាំងពីរ បានយកឈ្នះក្រុមទីម័រខាងកើតរៀងៗខ្លួន កាលពីថ្មីៗ។ យ៉ាងណាជំនួបបញ្ចប់ពូល នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីថ្ងៃនេះ គឺដើម្បីកំណត់ក្រុមឈរលេខ១ និងលេខ២ ក្នុងពូលផ្លូវការ មុនការប្រកួតខ្វែងពូលជាមួយបេក្ខភាពលេខ១ និងលេខ២ ពូល A ដែលនឹងដឹងល្ងាចនេះ។

ចំពោះបេក្ខភាពឡើងវគ្គបន្ដ ក្នុងពូលA ពេលនេះ នៅមិនទាន់រកឃើញឡើយ ក្រោយក្រុមទាំងពីរ កំពុងមានពិន្ទុប្រកៀកប្រកិតគ្នា ដោយក្រុមបាល់ទាត់នារីឡាវ ឈរលេខ១ បណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ២ប្រកួតស្មើទាំង ២ រកបាន ២ពិន្ទុ លើក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី និងសិង្ហបុរី ដែលទើបមាន ១ពិន្ទុក្នុងដៃ តែសល់មួយប្រកួត ដែលក្រុមទាំងពីរ ត្រូវជួបគ្នាដំណាលគ្នាថ្ងៃនេះ។

គួរដឹងថា ពានរង្វាន់កម្រិតទី២ ប្រចាំតំបន់នេះ មាន ៦ក្រុមចូលរួម និងបែងចែកជា ២ពូល ក្នុងនោះពូល A មានម្ចាស់ផ្ទះម៉ាឡេស៊ី ឡាវ និងសិង្ហបុរី ខណៈពូល B មានកម្ពុជា ឥណ្ឌូនេស៊ី និងទីម័រខាងកើត។ ក្រោយបញ្ចប់វិលជុំក្នុងពូល ក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនាថ្ងៃទី២២ ខែកក្កដាខាងមុខ។

ចំពោះក្រុមឈរលេខ១ ដល់លេខ៣ ក្នុងព្រឹត្តិការណ៍នេះ នឹងទទួលបានកៅអីលេងពានកម្រិតទី១ ASEAN Women’s Championship នាឆ្នាំក្រោយ៕