Apple បើកឱ្យប្រើប្រាស់សាកល្បងមុខងារ Siri AI ថ្មីជាសាធារណៈ តាមរយៈប្រព័ន្ធប្រតិបត្តិការ iOS 27
16-07-2026 10:06
(បរទេស)៖ ក្រុមហ៊ុន Apple បានសម្រេចដាក់ឱ្យប្រើប្រាស់ជំនាន់សាកល្បងជាសាធារណៈ (Public Beta) សម្រាប់ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 27។ ការបើកចំហនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូទៅដែលមានគណនី Apple Account អាចចូលរួមសាកល្បងមុខងារថ្មីៗបានដោយសេរី និងឥតគិតថ្លៃ ដោយមិនចាំបាច់មានគណនីអ្នកអភិវឌ្ឍន៍ (Developer Account) ដូចមុនទៀតឡើយ។
ចំណុចលេចធ្លោបំផុតនៃការធ្វើបច្ចុប្បន្នភាពលើកនេះ គឺការបង្ហាញខ្លួនរបស់ «Siri AI» ដែលជាជំនួយការសំឡេងឆ្លាតវៃជំនាន់ថ្មី ត្រូវបានកែប្រែឡើងវិញទាំងស្រុងដោយផ្អែកលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Apple Intelligence)។ Siri ថ្មីនេះ អាចចងចាំខ្លឹមសារនៃការសន្ទនាមុនៗ យល់ដឹងពីបរិបទផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់និងអាចស្វែងយល់ពីអ្វីដែលកំពុងបង្ហាញនៅលើអេក្រង់ទូរស័ព្ទ។ លើសពីនេះ វាក៏មានកម្មវិធី Siri ផ្ទាល់ខ្លួន សម្រាប់រក្សាទុកប្រវត្តិនៃការសន្ទនាថែមទៀតផង។ អ្នកប្រើប្រាស់អាចបើកកាមេរ៉ាចង្អុលទៅកាន់វត្ថុ ទីកន្លែង ឬម្ហូបអាហារ រួចសួរនាំ Siri ឱ្យពន្យល់ ឬគណនាចែកវិក្កយបត្រចំណាយរវាងមិត្តភក្តិបានភ្លាមៗ។ iOS 27 ជួយឱ្យការបើកកម្មវិធី លឿនជាងមុនរហូតដល់ 30%, ការផ្ទុករូបថតថ្មីៗលឿនជាងមុន 70% និងការបញ្ជូនឯកសារតាម AirDrop លឿនជាងមុនដល់ទៅ 80%។ កម្មវិធីរូបថត ទទួលបានមុខងារលុបរូបភាពរំខាន ដែលមានប្រសិទ្ធភាពខ្ពស់ជាងមុន និងមុខងារកែតម្រូវប្លង់រូបថតក្រោយថតរួច (Spatial Reframing)។ ចំណែកឯកម្មវិធីរុករក Safari អាចបែងចែកផ្ទាំង (Tabs) ទៅតាមប្រធានបទដោយស្វ័យប្រវត្តិ។
គួរជម្រាបថា ទោះបីជា iOS 27 អាចគាំទ្រចាប់ពីទូរស័ព្ទម៉ូដែល iPhone 11 ឡើងទៅក៏ដោយ ប៉ុន្តែមុខងារ Siri AI ដ៏ទំនើបនេះ គឺតម្រូវឱ្យប្រើប្រាស់ចាប់ពី iPhone 15 Pro, iPhone 15 Pro Max ឬម៉ូដែលថ្មីជាងនេះឡើងទៅតែប៉ុណ្ណោះ។ បន្ថែមពីនេះ មុខងារ Siri AI បច្ចុប្បន្នគាំទ្រតែភាសាអង់គ្លេសប៉ុណ្ណោះ ហើយក៏មិនទាន់ដាក់ឱ្យប្រើប្រាស់នៅក្នុងបណ្តាប្រទេសនៃសហភាពអឺរ៉ុប (EU) នោះដែរ៕










