ក្រុមហ៊ុន xAI របស់ Elon Musk ដាក់ពាក្យប្តឹងអ្នកប្រើប្រាស់ម្នាក់ ពីបទប្រើប្រាស់ប្រព័ន្ធ Grok ដើម្បីបង្កើតរូបភាពអាសអាភាសក្លែងក្លាយ
16-07-2026 11:07
(រដ្ឋតិចសាស់)៖ ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់លោក Elon Musk ដែលមានឈ្មោះថា xAI បានដាក់ពាក្យប្តឹងបុរសម្នាក់មកពីរដ្ឋ South Carolina ដែលត្រូវបានចាប់ខ្លួនកាលពីដើមឆ្នាំនេះ ពីបទកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ដោយចោទប្រកាន់ថា បុគ្គលរូបនេះបានរំលោភបំពានលើប្រព័ន្ធ AI របស់ក្រុមហ៊ុនដែលមានឈ្មោះថា Grok ដើម្បីបង្កើតរូបភាពអាសអាភាសផ្លូវភេទ និងរូបភាពមិនសមរម្យ។
នៅក្នុងពាក្យប្តឹងដែលបានដាក់ជូនតុលាការសហព័ន្ធក្នុងរដ្ឋតិចសាស់ នៅថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា ក្រុមហ៊ុន xAI បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ Terry Harwood បានរំលោភលើលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន។ ករណីនេះត្រូវបានគេចាត់ទុកថាជា ក្តីក្តាំងដំបូងបំផុតមួយ ដែលក្រុមហ៊ុន AI ផ្លូវការបានដាក់ពាក្យប្តឹងប្រឆាំងនឹងអ្នកប្រើប្រាស់របស់ខ្លួន ជុំវិញការយកបច្ចេកវិទ្យា AI ទៅបង្កើតខ្លឹមសារអាសអាភាស និងខុសច្បាប់។ ជនជាប់ចោទ Harwood បានផ្ទុក (Upload) នូវរូបភាពធម្មតារបស់មនុស្សពេញវ័យ និងអនីតិជន ទៅក្នុងប្រព័ន្ធ Grok ហើយបានព្យាយាមបញ្ជាឱ្យប្រព័ន្ធ AI នេះបង្កើតជារូបភាពអាសអាភាសក្លែងក្លាយ ដែលបង្កឱ្យមានគ្រោះថ្នាក់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះពិតប្រាកដ ព្រមទាំងធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងហានិភ័យផ្លូវច្បាប់ និងខូចខាតកេរ្តិ៍ឈ្មោះ។
នៅក្នុងឯកសារតុលាការ ក្រុមហ៊ុន xAI បានទម្លាយថា នៅក្នុងឆ្នាំ ២០២៦ នេះ ក្រុមហ៊ុនបានសម្រេចផ្អាកគណនីអ្នកប្រើប្រាស់ចំនួន ៥២,២២២ គណនី និងបានរាយការណ៍ករណីសង្ស័យពាក់ព័ន្ធនឹងខ្លឹមសារអាសអាភាសកុមារចំនួន ៧៣,៦០៤ ករណី ទៅកាន់មជ្ឈមណ្ឌលជាតិសម្រាប់កុមារបាត់ខ្លួន និងត្រូវបានកេងប្រវ័ញ្ច (NCMEC) ដែលនាំឱ្យមានការចាប់ខ្លួនជនល្មើសយ៉ាងហោចណាស់ ២៤៤ នាក់។ ក្រុមហ៊ុន xAI បានស្នើសុំឱ្យតុលាការបង្គាប់ឱ្យជនជាប់ចោទសងការខូចខាតជាទឹកប្រាក់ និងចេញដីកាហាមឃាត់ជាអចិន្ត្រៃយ៍មិនឱ្យលោក Harwood អាចប្រើប្រាស់ប្រព័ន្ធ Grok បានទៀតឡើយ។
គួរជម្រាបថា ការដាក់ពាក្យប្តឹងនេះបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ និងការពិនិត្យដិតដល់ពីសំណាក់អន្តរជាតិជុំវិញប្រព័ន្ធ Grok របស់ក្រុមហ៊ុន xAI ដែលកន្លងមកត្រូវបានគេចោទប្រកាន់ថាមានចន្លោះប្រហោង បណ្តោយឱ្យអ្នកប្រើប្រាស់អាចបង្កើតរូបភាព ឬវីដេអូអាសអាភាសក្លែងក្លាយ ដោយគ្មានការយល់ព្រមពីម្ចាស់ខ្លួន។ ករណីក្តីនេះបង្ហាញពីជំហរម៉ឺងម៉ាត់ថ្មីមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងការចាត់វិធានការច្បាប់ចំពោះអ្នកដែលយកឧបករណ៍ AI ទៅប្រើប្រាស់ក្នុងគោលបំណងឧក្រិដ្ឋកម្ម៕










