កម្ពុជា ត្រូវការពិន្ទុពីឥណ្ឌូនេស៊ី ក្នុងជំនួបល្ងាចនេះ ដើម្បីធានាកៅអីវគ្គ ១/២ ពានរង្វាន់ SEA V-Cup 2026

16-07-2026 11:37

(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងបន្ដជួបក្រុមខ្លាំងឥណ្ឌូនេស៊ី ក្នុងពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA V-Cup 2026 នាវេលាម៉ោង ៤៖៣០នាទីល្ងាចថ្ងៃទី១៦ ខែកក្កដានេះ (ម៉ោងនៅកម្ពុជា) នៅមជ្ឈមណ្ឌលកីឡា Candon City ប្រទេសហ្វីលីពីន។

នេះជាការប្រកួតចុងក្រោយក្នុងពូល A របស់ក្រុមជម្រើសជាតិកម្ពុជា ក្រោយប្រកួតដំបូងបានយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ដោយលទ្ធផល ៣-២សិត កាលពីម្សិលមិញ គ្រាដែលឥណ្ឌូនេស៊ី ទើបចាប់ផ្ដើមយុទ្ធនាការប្រកួតដំបូង មុនជំនួបបញ្ចប់ពូលទល់នឹងក្រុមជម្រើសជាតិហ្វីលីពីននៅថ្ងៃស្អែក។

ជាមួយការប្រកួតដ៏សំខាន់ល្ងាចនេះ ក្រុមជម្រើសជាតិកម្ពុជាត្រូវការពិន្ទុចាំបាច់ពីក្រុមម្ចាស់មេដាយមាសស៊ីហ្គេម ១២សម័យឥណ្ឌូនេស៊ី ដើម្បីធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) ក្នុងយុទ្ធនាការប្រកួតជើងទី១ នៃពានរង្វាន់ប្រចាំតំបន់ ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះខាងលើ។

សម្រាប់លក្ខខណ្ឌការប្រកួតបាល់ទះនេះដែរ ប្រសិនបើក្រុមឈ្នះ ៣-០សិត ឬ ៣-១សិត នឹងទទួលបាន ៣ពិន្ទុពេញ ខណៈក្រុមចាញ់ ពុំទទួលបានពិន្ទុឡើយ។ ប៉ុន្ដែបើក្រុមឈ្នះ ៣-២សិត គឺទទួលបានត្រឹម ២ពិន្ទុ គ្រាដែលក្រុមចាញ់ ក៏នឹងទទួលបាន ១ពិន្ទុផងដែរ។ ការណ៍នេះទោះបីរកបាន ១ពិន្ទុ ២ពិន្ទុ ឬ ៣ពិន្ទុ សុទ្ធតែជាឱកាសសម្រាប់ក្រុមកម្ពុជា ឡើងទៅវគ្គបន្ដ។

ប៉ុន្ដែករណីបើកម្ពុជា ភ្លាត់ចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដោយមិនទទួលបានពិន្ទុបន្ថែម ឱកាសឡើងវគ្គ ៤ក្រុមចុងក្រោយនៅតែមាន តែត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូល A រវាងឥណ្ឌូនេស៊ី និងហ្វីលីពីន។ ការប្រកួតនេះករណីបើឥណ្ឌូនេស៊ី ទទួលបានជ័យជម្នះ ឱកាសមាសឡើងវគ្គបន្ដ នឹងបានមកក្រុមជម្រើសជាតិកម្ពុជាតែម្ដង។

គួរដឹងថា ក្នុងពានរង្វាន់បាល់ទះកម្រិតកំពូលក្នុងតំបន់នេះ គឺមានបេក្ខភាព ៦ក្រុមចូលរួម និងបែងចែកជា ២ពូល ក្នុងនោះក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល A ជាមួយហ្វីលីពីន និងឥណ្ឌូនេស៊ី គ្រាដែលពូល B មានវៀតណាម មីយ៉ាន់ម៉ា និងថៃ ហើយក្រុមឈរលេខ១ និងលេខ២ ប្រចាំពូលនីមួយៗនឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ពាននេះដែរធ្វើការប្រកួត ២ជើង ដោយជើងទី១ ធ្វើឡើងនៅហ្វីលីពីន ពីថ្ងៃទី១៥-១៩ ខែកក្កដា និងជើងទី២ ធ្វើឡើងនៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២២-២៦ ខែកក្កដាខាងមុខ។

លើសពីការប្រកួតប្រជែងកម្រិតតំបន់តាមរយៈព្រឹត្តិការណ៍នេះ រាល់លទ្ធផលការប្រកួតរបស់ក្រុមនីមួយៗ ក៏មានឥទ្ធិពលដល់ពិន្ទុ នៅតារាងចំណាត់ថ្នាក់បាល់ទះពិភពលោកផងដែរ៕