ថ្នាក់ដឹកនាំកំពូលផ្នែក AI និងជាទីប្រឹក្សាផ្ទាល់របស់ CEO ក្រុមហ៊ុន Amazon ប្រកាសចាកចេញក្រោយរួមរស់ ១៩ឆ្នាំ
16-07-2026 14:27
(បរទេស)៖ លោក Dave Brown អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Amazon Web Services (AWS) និងជាសមាជិកដ៏សំខាន់ម្នាក់នៃក្រុមទីប្រឹក្សាឆ្នើម «S-team» ដែលផ្តល់ប្រឹក្សាផ្ទាល់ដល់ CEO របស់ Amazon លោក Andy Jassy បានសម្រេចចិត្តចាកចេញពីក្រុមហ៊ុនហើយ ក្រោយបម្រើការងារអស់រយៈពេល ១៩ ឆ្នាំ។ មុនពេលប្រកាសចាកចេញនេះ លោក Dave Brown គឺជាអ្នកដឹកនាំមើលការខុសត្រូវលើផ្នែកសេវាកម្មគណនា (Compute Services) និងបច្ចេកវិទ្យា Machine Learning ដែលជាបេះដូងបច្ចេកវិទ្យាដ៏សំខាន់របស់ក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមអនុស្សរណៈផ្ទៃក្នុង លោក Dave Brown នឹងចាកចេញទៅកាន់តំណែងថ្មីនៅក្រុមហ៊ុនផ្សេងមួយទៀតនៅដាច់ខែកក្កដានេះ ប៉ុន្តែខាងអ្នកនាំពាក្យ និងក្រុមហ៊ុនមិនទាន់បានទម្លាយឱ្យដឹងថា លោកនឹងទៅបម្រើការងារនៅទីណានោះទេ។ ចំពោះតំណែងដ៏សំខាន់ដែលនៅទំនេរនេះ នឹងត្រូវជំនួសដោយលោក Dave Treadwell ដែលជាជើងខ្លាំងម្នាក់ទៀតមកពីផ្នែកមូលដ្ឋានគ្រឹះពាណិជ្ជកម្មអេឡិចត្រូនិក (Ecommerce Foundation) ចាប់ពីថ្ងៃទី ១ ខែសីហាតទៅ។
ទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំភ្លាមៗបែបនេះក្តី លោក Matt Garman ដែលជា CEO របស់ AWS បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំនៅក្នុងអនុស្សរណៈនោះថា៖ «អាជីវកម្ម និងក្រុមការងាររបស់ AWS មិនដែលស្ថិតក្នុងស្ថានភាពរឹងមាំជាងពេលនេះទេ ហើយខ្ញុំមិនដែលជឿជាក់ខ្លាំងបែបនេះទេ ចំពោះឱកាសដ៏អស្ចារ្យដែលយើងមាននៅខាងមុខ»។
គួរជម្រាបដែរថា លោក Dave Brown គឺជាមុខមាត់ដ៏សំខាន់ម្នាក់របស់ AWS ដែលតែងតែឡើងថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធីបច្ចេកវិទ្យាធំៗ។ ការចាកចេញរបស់លោក គឺជាការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍មួយ ព្រោះក្រុម «S-team» ដែលលោកធ្លាប់រួមរស់នេះ មានសមាជិកតែ ២៨ នាក់ប៉ុណ្ណោះ ហើយការបានចូលជាសមាជិកនៃក្រុមនេះ ត្រូវបានគេចាត់ទុកថាជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតមួយនៅក្នុងរង្វង់ផ្ទៃក្នុងរបស់ក្រុមហ៊ុន Amazon៕












