ASEAN Women’s Cup៖ កម្ពុជា បញ្ចប់នៅលេខ១ ពូល A ក្រោយស្មើឥណ្ឌូនេស៊ី ខណៈត្រូវជួបឡាវ នៅវគ្គ ១/២ ផ្ដាច់ព្រ័ត្រ

16-07-2026 19:05

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានបញ្ចប់ការប្រកួតវគ្គចែកពូល នៃពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ ASEAN Women’s Cup 2026 ដោយឈរលេខ១ ក្នុងពូល A ក្រោយវាយបកស្មើក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ១-១ នៅល្ងាចថ្ងៃទី១៦ ខែកក្កដានេះ នៅកីឡដ្ឋានគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ជំនួបដ៏ស្វិតស្វាញរវាងក្រុមទាំងពីរ វគ្គទី១ ឥណ្ឌូនេស៊ីបានបើកការនាំមុខ ១គ្រាប់ មុនចាប់ផ្ដើមវគ្គទី២ កីឡាការិនី វីបុល សេរីស៊ីថា តែតបញ្ចូលទីគ្រាប់តាមស្មើឲ្យកម្ពុជាវិញ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ក្រោយការព្យាយាមវាយសម្រុកគ្នាទៅវិញទៅមក ពិសេសក្រុមបាល់ទាត់នារីកម្ពុជា តែពុំមានក្រុមណាអាចរកគ្រាប់បាល់បន្ថែមបានឡើយ។

ការចែកគ្នា ១ពិន្ទុម្នាក់នេះ នាំឲ្យក្រុមជម្រើសជាតិនារីកម្ពុជា ឈរចំណាត់ថ្នាក់លេខ១ និងឥណ្ឌូនេស៊ី ឈរលេខ២ ដោយរកបាន ៤ពិន្ទុស្មើគ្នា មុនដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិនារីឡាវ ដែលធ្លាក់មកឈរលេខ២ ក្នុងពូល A បន្ទាប់ពីក្រុមជម្រើសជាតិសិង្ហបុរី បានទម្លាក់ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ដោយលទ្ធផល ៣-១ ដើម្បីឡើងឈរលេខ១ និងរកបាន ៤ពិន្ទុ ត្រូវជួបក្រុមឥណ្ឌូនេស៊ី ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី១៩ ខែកក្កដាខាងមុខ៕