SEA V-Cup៖ កម្ពុជា នៅតែមានភាគរយខ្ពស់ឡើងវគ្គ ១/២ ទោះត្រូវចាំអ៊ុតឥណ្ឌូនេស៊ី ប៉ះហ្វីលីពីនល្ងាចនេះ
17-07-2026 10:10
(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រូវចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូល A រវាងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី និងក្រុមជម្រើសជាតិហ្វីលីពីន នាវេលាម៉ោង ៤៖៣០នាទីល្ងាចថ្ងៃទី១៧ ខែកក្កដានេះ ដើម្បីធានាបានកៅអីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) នៃពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA V-Cup 2026 ឬក៏អត់។
បែបនេះក្ដី ក្រុមបាល់ទះកម្ពុជានៅតែមានភាគរយខ្ពស់ ក្នុងដំណើរឡើងទៅវគ្គបន្ដ ដោយផ្អែកលើលក្ខខណ្ឌមួយចំនួន ពិសេសគឺលទ្ធផលដែលកម្ពុជា បានយកឈ្នះហ្វីលីពីន ៣-២សិត កាលពីថ្មីៗ។ បច្ចុប្បន្នកម្ពុជាអស់ការប្រកួតក្នុងពូលហើយដោយឈរលេខ២ និងមាន ២ពិន្ទុក្នុងដៃ តាមពីក្រោយឥណ្ឌូនេស៊ី ដែលរកបាន ៣ពិន្ទុ តែឈរលើហ្វីលីពីនមាន ១ពិន្ទុ តែក្រុមទាំងពីរសល់ ១ប្រកួតទៀត។
លក្ខខណ្ឌដែលអាចធ្វើឲ្យកម្ពុជាឡើងទៅវគ្គ ១/២ផ្ដាច់ព្រ័ត្រ គឺឥណ្ឌូនេស៊ីយកឈ្នះហ្វីលីពីន ទោះបីក្នុងលទ្ធផលបែបណា ក៏សុទ្ធតែអាចជួយកម្ពុជាធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយករណីកម្ពុជាអស់ឱកាស មានតែហេតុផលមួយគត់ គឺហ្វីលីពីនអាចយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី។
ហេតុផលនេះ ត្រូវបានអ្នកស្នេហាវិស័យកីឡាបាល់ទះក្នុងតំបន់ រួមទាំងកម្ពុជា មើលឃើញជាឱកាសដ៏ស្ដួចស្ដើងបំផុត ដែលហ្វីលីពីនអាចយកឈ្នះឥណ្ឌូនេស៊ី លើកលែងមានប្រធានស័ក្ដិកើតឡើង ដ្បិតគេយល់ថា កម្រិតសមត្ថភាពរវាងក្រុមទាំងពីរ ហ្វីលីពីនមិនអាចប្រៀបធៀបនឹងម្ចាស់មេដាយមាសស៊ីហ្គេម ១២សម័យនេះឡើយ ហើយឥណ្ឌូនេស៊ី ក៏ត្រូវបានចាត់ទុកជាក្រុមបាល់ទះលំដាប់កំពូលក្នុងមួយតំបន់។ ម្យ៉ាងហ្វីលីពីន ក៏គ្មានប្រវត្តិធ្លាប់ឈ្នះឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍នេះដែរ។
ផ្អែកលើកត្ដាទាំងអស់នេះ អ្នកគាំទ្របាល់ទះកម្ពុជាសង្ឃឹមថា ឥណ្ឌូនេស៊ី នឹងរក្សាបាននូវភាពខ្លាំងរបស់ខ្លួន ក្នុងជំនួបបញ្ចប់ពូល A ទល់ក្រុមម្ចាស់ផ្ទះហ្វីលីពីនល្ងាចនេះ ហើយក៏ជឿជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងអាចបើកទំព័រប្រវត្តិសាស្ដ្រថ្មីឈានដល់វគ្គ ៤ក្រុមចុងក្រោយ សម្រាប់ការបង្ហាញខ្លួនលើកទី២ ក្នុងពានរង្វាន់បាល់ទះកម្រិតទី១ ក្នុងតំបន់នេះផងដែរ។
គួរដឹងថា ការរង់ចាំអ៊ុតលទ្ធផលគូប្រកួតបញ្ចប់ពូល A រវាងឥណ្ឌូនេស៊ី និងហ្វីលីពីន នេះ បន្ទាប់ពីក្រុមបាល់ទះកម្ពុជា រងបរាជ័យក្នុងជំនួបទល់ក្រុមខ្លាំងឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ដោយលទ្ធផល ៣-០សិត ជាមួយពិន្ទុ ១៨-២៥, ១៨-២៥ និង ២១-២៥។ លទ្ធផលនេះនាំឲ្យកម្ពុជា ធ្លាក់មកឈរលេខ២ គ្រាដែលឥណ្ឌូនេស៊ីបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិតែម្ដង៕









