Microsoft រងការចោទប្រកាន់ថា បានបណ្តុះបណ្តាលបុគ្គលិកផ្នែកលក់របស់ខ្លួន ឱ្យនិយាយវាយប្រហារទម្លាក់តម្លៃ OpenAI និង Anthropic

17-07-2026 11:07

(សហរដ្ឋអាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft ត្រូវបានរាយការណ៍ថា ចាប់ផ្តើមយុទ្ធសាស្ត្រលក់បែបវាយប្រហារថ្មីមួយ ដោយបណ្តុះបណ្តាលបុគ្គលិកផ្នែកលក់របស់ខ្លួនឱ្យនិយាយបញ្ចុះបញ្ចូលអតិថិជនកុំឱ្យប្រើប្រាស់សេវាកម្ម AI ផ្ទាល់ពីក្រុមហ៊ុន OpenAI (ដែលជាដៃគូសហការដ៏ជិតស្និទ្ធរបស់ខ្លួន) និងក្រុមហ៊ុនគូប្រជែង Anthropic។ យោងតាមឯកសារផ្ទៃក្នុង និងប្រភពដែលដកស្រង់ដោយ TechCrunch យុទ្ធនាការនេះបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រយ៉ាងខ្លាំងរបស់ Microsoft ក្នុងការគ្រប់គ្រងទីផ្សារបញ្ញាសិប្បនិម្មិត (AI) សម្រាប់ស្ថាប័ន និងអាជីវកម្មខ្នាតធំ។

នៅក្នុងវគ្គបណ្តុះបណ្តាលផ្ទៃក្នុង បុគ្គលិកផ្នែកលក់របស់ Microsoft ត្រូវបានណែនាំឱ្យលើកឡើងពីចំណុចខ្សោយ និងហានិភ័យនៃដៃគូប្រកួតប្រជែងទៅកាន់អតិថិជន។ ទោះបីជា Microsoft ជាអ្នកវិនិយោគធំជាងគេលើ OpenAI ក៏ដោយ ក៏បុគ្គលិកលក់ឥឡូវនេះត្រូវប្រាប់អតិថិជនថា ការប្រើប្រាស់សេវាកម្ម API ផ្ទាល់ពី OpenAI គឺ ខ្វះសុវត្ថិភាព និងភាពឯកជនកម្រិតសហគ្រាស។ ពួកគេបានជំរុញឱ្យអតិថិជនប្តូរមកប្រើប្រាស់សេវាកម្ម Azure OpenAI Service របស់ Microsoft វិញ ដោយអះអាងថាវាមានសុវត្ថិភាពជាង និងរួមបញ្ចូលគ្នាយ៉ាងល្អជាមួយប្រព័ន្ធទិន្នន័យដែលមានស្រាប់។ ចំពោះក្រុមហ៊ុន Anthropic, បុគ្គលិកលក់ Microsoft បានណែនាំឱ្យបង្ហាញប្រាប់អតិថិជនថា ម៉ូដែល AI របស់ Anthropic មានដែនកំណត់ក្នុងការអភិវឌ្ឍន៍ទៅថ្ងៃអនាគត និងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ Cloud ផ្ទាល់ខ្លួនដ៏រឹងមាំ ដែលខុសពីប្រព័ន្ធ Azure របស់ Microsoft។

គួរជម្រាបថា យុទ្ធសាស្ត្រលក់បែបវាយប្រហារនេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យ ទំនាក់ទំនងរវាង Microsoft និង OpenAI កាន់តែមានភាពតានតឹងខ្លាំងឡើង។ ខណៈពេលដែលអ្នកនាំពាក្យរបស់ Microsoft មិនបានបដិសេធទាំងស្រុងចំពោះព័ត៌មាននេះ ដោយគ្រាន់តែបញ្ជាក់ថា ក្រុមហ៊ុនតែងតែផ្តល់នូវជម្រើសដ៏ល្អបំផុត និងសុវត្ថិភាពបំផុតសម្រាប់អតិថិជនសហគ្រាសតាមរយៈប្រព័ន្ធ Azure Cloud៕