តុលាការអឺរ៉ុបសម្រេចជាប្រវត្តិសាស្ត្រ៖ Google មិនអាចរួចខ្លួនពីរឿងវីដេអូខុសច្បាប់លើ YouTube ទៀតឡើយ

18-07-2026 09:26

(បរទេស)៖ តុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប (CJEU) ទើបតែបានចេញសាលក្រមដ៏សំខាន់មួយ ដោយសម្រេចថា ក្រុមហ៊ុន Google មិនអាចដោះដៃរួចខ្លួនពីការទទួលខុសត្រូវចំពោះវីដេអូដែលបង្ហោះដោយដៃគូពាណិជ្ជកម្មនៅលើ YouTube របស់ខ្លួននោះទេ។ ការសម្រេចក្តីនេះបានកើតឡើងបន្ទាប់ពី Google បានប្តឹងតវ៉ានឹងអាជ្ញាធរអ៊ីតាលី ដែលបានផាកពិន័យក្រុមហ៊ុនជាទឹកប្រាក់ប្រមាណ ៧៥០,០០០ អឺរ៉ូ (ជាង ៨៥ ម៉ឺនដុល្លារ) កាលពី ៤ ឆ្នាំមុន ជុំវិញករណីបណ្តោយឱ្យមានការផ្សាយពាណិជ្ជកម្មល្បែងស៊ីសងខុសច្បាប់លើទំព័រ YouTube។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

កន្លងមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក (Big Tech) តែងតែយកលក្ខខណ្ឌលើកលែងមកធ្វើជាខែលការពារខ្លួន ដោយអាងថាពួកគេគ្រាន់តែជាអ្នកផ្តល់ទីកន្លែងសម្រាប់ឱ្យភាគីទីបីបង្ហោះមាតិកាប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ករណីនេះ តុលាការកំពូលអឺរ៉ុបបានបញ្ជាក់ច្បាស់ៗថា៖ «Google អាចនឹងត្រូវផ្ទុកការទទួលខុសត្រូវចំពោះវីដេអូ YouTube របស់អ្នកបង្កើតមាតិកា ដែលខ្លួនមានទំនាក់ទំនងដៃគូពាណិជ្ជកម្មជាមួយ»។

ក្រុមចៅក្រមបានពន្យល់ថា ក្រុមហ៊ុនអនឡាញអាចរួចខ្លួនបាន លុះត្រាតែពួកគេធ្វើសកម្មភាពជាអន្តរការីបច្ចេកទេសសុទ្ធសាធ ដោយមិនបានដឹងឮ ឬជ្រៀតជ្រែកទិន្នន័យ។ ទោះជាយ៉ាងណា តុលាការបានសង្កត់ធ្ងន់ថា៖ «ករណីនោះមិនដូចគ្នាឡើយ នៅពេលដែលប្រតិបត្តិករបានធ្វើការពិនិត្យឡើងវិញលើប្រធានបទចម្បងនៃប៉ុស្តិ៍វីដេអូ (ឬ channel) វីដេអូដែលមានអ្នកមើលច្រើនបំផុត ឬវីដេអូថ្មីបំផុតរបស់ប៉ុស្តិ៍នោះ រួមទាំងទិន្នន័យសម្គាល់ (Metadata) ដែលពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីចុះហត្ថលេខាលើកិច្ចសន្យាដៃគូពាណិជ្ជកម្ម»។

ភ្លាមៗបន្ទាប់ពីទទួលដំណឹងនេះ តំណាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សខាងលើបានបង្ហាញការមិនពេញចិត្ត និងត្រៀមលក្ខណៈតតាំងតាមផ្លូវច្បាប់បន្តទៀត។ អ្នកនាំពាក្យរបស់ Google ម្នាក់បានថ្លែងថា៖ «យើងមានការខកចិត្តចំពោះការសម្រេចចិត្តរបស់តុលាការ CJEU ដែលយើងនឹងត្រូវស្វែងរកភាពច្បាស់លាស់បន្ថែមទៀតលើរឿងនេះ។ យើងនឹងលើកយកអំណះអំណាងរបស់យើងទៅតវ៉ានៅចំពោះមុខក្រុមប្រឹក្សារដ្ឋ (Council of State) បន្តទៀត»។ សាលក្រមនេះអាចនឹងក្លាយជាគំរូថ្មីមួយ ដែលបង្ខំឱ្យបណ្តាញសង្គមទាំងអស់ត្រូវរឹតបន្តឹង និងទទួលខុសត្រូវខ្ពស់ជាងមុនលើរាល់ខ្លឹមសារដែលបង្ហោះនៅលើប្រព័ន្ធរបស់ខ្លួន៕