ពលរដ្ឋអាមេរិកផ្ទុះកំហឹង! គម្រោងមជ្ឈមណ្ឌលទិន្នន័យ AI យក្សតម្លៃ ១៦ពាន់លានដុល្លារ បង្ខំឱ្យអ្នកនយោបាយប្រឈមមុខនឹងសម្ពាធ
18-07-2026 11:36
(បរទេស)៖ សហគមន៍កសិកម្មដ៏ស្ងប់ស្ងាត់មួយឈ្មោះ Saline Township ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក បានប្រែក្លាយទៅជាសមរភូមិជម្លោះក្តៅគគុកថ្មីបំផុត ជុំវិញការសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI កម្រិតយក្សមួយឈ្មោះ «Stargate» ក្នុងទំហំទឹកប្រាក់រហូតដល់ ១៦ ពាន់លានដុល្លារ។ គម្រោងយក្សលាតសន្ធឹងលើផ្ទៃដីជាង ១០០ ហិកតានេះ ត្រូវបានសហការអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗដូចជា Oracle, OpenAI និងដៃគូដទៃទៀត។ ទោះជាយ៉ាងណា ការដ្ឋានសំណង់នេះកំពុងបន្តទៅមុខទាំងចម្រូងចម្រាស ដោយសាររងការប្រឆាំងយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់ ដែលបារម្ភពីផលប៉ះពាល់លើប្រភពទឹកក្រោមដី បណ្តាញអគ្គិសនី និងការបាត់បង់ដីស្រែចំការ។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ការស្ទង់មតិរួមគ្នារបស់ Reuters/Ipsos បានបង្ហាញថា មានប្រជាជនអាមេរិកត្រឹមតែ ១៤% ប៉ុណ្ណោះ ដែលគាំទ្រឱ្យមានការសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងសហគមន៍របស់ពួកគេ។ កំហឹងនិងការមិនពេញចិត្តនេះ បានក្លាយជាប្រធានបទដ៏កម្រមួយដែលអាចបង្រួបបង្រួមម្ចាស់ឆ្នោតអាមេរិកគ្រប់និន្នាការនយោបាយឱ្យមកស្របគំនិតគ្នាតែមួយ ដែលធ្វើឱ្យអ្នកនយោបាយទាំងសងខាងកំពុងរងសម្ពាធយ៉ាងខ្លាំងក្នុងការស្វែងរកតុល្យភាពរវាងការអភិវឌ្ឍន៍បច្ចេកវិទ្យា និងការការពារផលប្រយោជន៍ពលរដ្ឋ។ លោក Abdul El-Sayed បេក្ខជននយោបាយមកពីគណបក្សប្រជាធិបតេយ្យ បានថ្លែងទទួលស្គាល់ថា៖ «ជាញឹកញាប់ណាស់ សហគមន៍មូលដ្ឋានគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងសម្ពាធដែលសាជីវកម្មយក្សអាចដាក់មកលើពួកគេនោះទេ»។
សាច់រឿងកាន់តែតានតឹង បន្ទាប់ពីក្រុមប្រឹក្សាភិបាលទីប្រជុំជនបានបោះឆ្នោតបដិសេធមិនព្រមផ្លាស់ប្តូរការកំណត់តំបន់ដីធ្លីសម្រាប់គម្រោងនេះ ប៉ុន្តែត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ប្តឹងបកវិញភ្លាមៗ។ ដើម្បីចៀសវាងការចំណាយលើបណ្តឹងផ្លូវច្បាប់ដ៏មានតម្លៃថ្លៃខ្ពស់ ក្រុមមន្ត្រីមូលដ្ឋានត្រូវបានបង្ខំចិត្តយល់ព្រមសម្រុះសម្រួលផ្លូវការ ដោយអនុញ្ញាតឱ្យការសាងសង់បន្តទៅមុខជាថ្នូរនឹងកញ្ចប់ថវិកាផ្តល់ប្រយោជន៍ដល់សហគមន៍ចំនួន ១៤ លានដុល្លារសម្រាប់ការអភិរក្សដីស្រែ និងសេវាពន្លត់អគ្គិភ័យ ព្រមទាំងការរឹតបន្តឹងលើការប្រើប្រាស់ទឹក និងកម្រិតសំឡេងរំខាន។ អ្នកស្រី Tammie Bruneau អ្នកដឹកនាំការតវ៉ាក្នុងតំបន់បានលើកឡើងដោយខកចិត្តថា៖ «ពួកយើងពិតជាយល់ថាវាមិនយុត្តិធម៌សោះ ដែលក្រុមប្រឹក្សាភិបាលរបស់យើងត្រូវបានគេបង្ខំឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពបែបនេះ... ប្រជាជនភាគច្រើនមិនចាប់អារម្មណ៍នឹងការអភិវឌ្ឍន៍ដ៏ធំធេងបែបនេះនៅទីនេះទេ អ្វីដែលពួកគេចង់បាន គឺការការពារដីស្រែចំការរបស់ពួកគេ»។
ខណៈដែលសភាពាណិជ្ជកម្មក្នុងតំបន់យល់ថា ការតវ៉ារបស់ពលរដ្ឋជារឿង «គួរឱ្យឆ្ងល់» ព្រោះគម្រោងនេះជួយបង្កើតការងារសាងសង់ និងការងារអចិន្ត្រៃយ៍រាប់ពាន់កន្លែង ព្រមទាំងចំណូលពន្ធរាប់ពាន់លានដុល្លារក្តី ក៏ពលរដ្ឋនៅតែបន្តដាក់ពាក្យប្តឹងតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងនេះនៅតុលាការដដែល។ ជម្លោះអូសបន្លាយនេះ បានបង្ហាញពីទិដ្ឋភាពពីរផ្សេងគ្នានៃការរីកចម្រើនយ៉ាងគំហុករវាងបច្ចេកវិទ្យា AI និងការរស់នៅរបស់មនុស្សជាតិ ដូចដែលអ្នកស្រី Laura Dennison ពលរដ្ឋម្នាក់បានសង្ខេបយ៉ាងស៊ីជម្រៅថា៖ «វាមិនសំខាន់ទេ ទោះបីជាអ្នកជាអ្នកឈរឈ្មោះបោះឆ្នោត ឬជាអ្នកដែលរងផលប៉ះពាល់ពីវាឡើយ ព្រោះរឿងនេះវាមានអ្វីៗជាច្រើនដែលយើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ»៕













