សារពីអ្នកគាំទ្រ តោបាក់ចង្កូមអង់គ្លេស ដែលត្រូវប៉ះមាន់គកបាក់ខ្នាយបារាំង ដណ្តើមមេដាយសំរឹទ្ធ ដើម្បីជាកម្លាំងចិត្តឈ្នះ World Cup 2030
18-07-2026 15:33
(ភ្នំពេញ)៖ អ្នកគាំទ្របាល់ទាត់ដ៏ងប់ងល់ និងស្មោះស្ម័គ្របំផុតមួយរូប ចំពោះអង់គ្លេសបានបង្ហោះសារលួងលោម និងជូនពរក្រុមតោកំពុងបាក់ចង្កូមធ្វើបានល្អ ពេលប្រឈមមុខនឹងមាន់គកបាក់ខ្នាយបារាំង ពីការដណ្តើមយកចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ នៅ FIFA World Cup 2026 ក្នុងនាមជាក្រុមដែលទើបចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។
ក្នុងសារដែលបង្ហាញពីអារម្មណ៍ពិតដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមរបស់លោកថា «គ្រាន់តែស្រមៃដល់ ខ្ញុំក៏សប្បាយចិត្តដែរ អង់គ្លេសឈ្នះពាននៅថ្ងៃ World Cup Anniversary 100 Years គ្រាដែលត្រូវប៉ះមាន់គកបាក់ខ្នាយបារាំង ដណ្តើមមេដាយសំរឹទ្ធនាព្រឹកថ្ងៃអាទិត្យសោះ!»។
ត្រឹមមេដាយសំរឹទ្ធ វាក៏ជាកាដូលួងចិត្តដែរសម្រាប់អង់គ្លេស ប្រសិនបើដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ៤៨ប្រទេសដែលលេង World Cup 2026 ដោយមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នា។
វាមិនអាក្រក់ពេកទេ ក្នុងនាមកូនប្រុសចាំ ១០ឆ្នាំទៀត សឹមសងសឹកក៏មិនទាន់ហួសពេលដែរ ពោលគឺ Euro 2028 ដែលខ្លួនត្រៀមធ្វើម្ចាស់ផ្ទះជាមួយវ៉េល ស្កុតឡេន និងសាធារណរដ្ឋអៀរឡង់ បន្ទាប់ពីអង់គ្លេសទើបបានខកចិត្ត ២លើកវគ្គផ្តាច់ព្រ័ត្រ ក្រោមផ្លែដាវរបស់អ៉ីតាលី និងអេស្ប៉ាញ។
បើទោះបីមិនដែលស្គាល់រសជាតិពានធំណាមួយក្នុងរយៈពេល ៦០ឆ្នាំ ក្រោយពេលដណ្តើមបានជើងឯក World Cup តែ ១លើកគត់កាលឆ្នាំ១៩៦៦ ក៏ពិតមែន ក៏ប៉ុន្តែមេដាយសំរឹទ្ធ (Bronze) ក៏អាចចាត់ទុកបានថា ជាកិត្តិយសណាស់ទៅហើយរបស់ពួកគេ ដែលឈរនៅលំដាប់លេខ៤ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកពេលនេះ ស្ថិតក្រោមដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់។
មួយវិញទៀត វាក៏អាចចាត់ទុកជាស្ពាន ឬក៏ជាកម្លាំងជំរុញចិត្តបានទៀតដែរ ក្នុងការប្រជែងជើងឯក World Cup 2030 គម្រប់ខួប ១០០ឆ្នាំ ដែលមាន ៦ប្រទេស ស្មើនឹង ៣តំបន់ ត្រៀមធ្វើម្ចាស់ផ្ទះរួមគ្នា។ វាមិនយូរពេកទេ ក្នុងរយៈពេល ៤ឆ្នាំទៅមុខ។
អ្នកគាំទ្រដែលចូលចិត្តទស្សនារាល់ការប្រកួតរបស់អង់គ្លេស មិនថាមិត្តភាព Euro ជាពិសេសវើលខាប់ជាដើមនោះ បានស្រមើស្រមៃថា «តើវាអស្ចារ្យទេ ប្រសិនបើក្រុមតោដែលកំពុងបាក់ចង្កូមនាពេលនេះ ដណ្តើ់មបានជើងឯក ក្នុងខួបគម្រប់ ១០០ឆ្នាំនៃ World Cup? (World Cup Anniversary 100 Years)»។
ជាចុងក្រោយលោកបានទទូចថា ពេលប៉ះបារាំងនាម៉ោង ៤ព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដាស្អែកនេះ សុំត្រឹមគ្រូបង្វឹក លោក Thomas Tuchel កុំទម្លាក់ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Harry Kane មកលេងការពារទៀតអី និងសូមលេងដោយមិនភិតភ័យ និងសម្រុកទៅមុខឥតស្រាកស្រាន្តទៅចុះ ទោះចាញ់ក៏មានន័យដែរ៕



