កុំភ្លេច! កម្ពុជា ជួបឥណ្ឌូនេស៊ី វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ SEA V.Cup 2026
19-07-2026 09:02
(ភ្នំពេញ)៖ បន្ទាប់ពីបំបាក់ក្រុមថៃ រួចមក ក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងត្រូវជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ីជាថ្មី នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V.Cup 2026 ជើងទី១ នាម៉ោង ៤៖៣០នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកីឡា Candon City ប្រទេសហ្វីលីពីន។
នេះជាលើកទី២ ដែលក្រុមទាំងពីរ ត្រូវជួបគ្នាក្នុងរដូវកាលនេះ សម្រាប់ការប្រកួតជើងទី១ នៃពានរង្វាន់បាល់ទះប្រចាំតំបន់ខាងលើ បន្ទាប់ពីជួបគ្នាក្នុងពូល A ម្ចាស់មេដាយមាសស៊ីហ្គេម ១២សម័យឥណ្ឌូនេស៊ី បានយកឈ្នះកម្ពុជា ៣-០សិត កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ។
បែបនេះក្ដី អ្នកគាំទ្រនៅតែជឿជាក់លើក្រុមជម្រើសជាតិកម្ពុជា អមជាមួយសារជូនពរ និងការលើកទឹកចិត្តជាច្រើន មុនជំនួបវគ្គផ្ដាច់ព្រ័ត្រមកដល់ ដោយរំពឹងក្រុមបាល់ទះកម្ពុជា នឹងធ្វើបានកាន់តែល្អ បន្ទាប់ពីបានយកឈ្នះក្រុមថៃ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៣-១សិត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ។
គួរដឹងថា ការឈានដល់វគ្គផ្ដាច់ព្រ័ត្រនេះ គឺជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត សម្រាប់វិស័័យបាល់ទះកម្ពុជា ក្នុងការបង្ហាញខ្លួនលើកទី២ ក្នុងពានរង្វាន់បាល់ទះដ៏ធំប្រចាំតំបន់ ក្រោយការបង្ហាញខ្លួនលើកដំបូង កាលពីឆ្នាំមុន កម្ពុជាពុំស្គាល់ជ័យជម្នះសូម្បី ១ប្រកួត។ ក្រោយបញ្ចប់ការប្រកួតជើងទី១ នៅហ្វីលីពីន ព្រឹត្តិការណ៍ SEA V.Cup 2026 នឹងបន្ដការប្រកួតជើងទី២ នៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង នាថ្ងៃទី២២-២៦ ខែកក្កដាខាងមុខ៕









