កម្ពុជា ត្រូវជួបសិង្ហបុរី ប្រជែងកៅអី AFF Women’s Championship ក្រោយអស់ឱកាសដណ្ដើមពានកម្រិតទី២ ក្នុងតំបន់
20-07-2026 09:49
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានអស់ឱកាសប្រជែងជើងឯកពានរង្វាន់កម្រិតទី២ តំបន់អាស៊ីអាគ្នេយ៍ AFF Women's Cup 2026 ហើយ ក្រោយភ្លាត់ចាញ់ក្រុមជម្រើសជាតិនារីឡាវ ១-០ នាល្ងាចថ្ងៃអាទិត្យនៅប្រទេសម៉ាឡេស៊ី តែកម្ពុជាសល់ឱកាសប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ដោយត្រូវជួបក្រុមជម្រើសជាតិនារីសិង្ហបុរី ជាមួយការត្រូវការឈ្នះដាច់ខាត ដើម្បីដណ្ដើមកៅអីលេងពានកម្រិតទី១ ក្នុងតំបន់ AFF Women’s Championship 2027 ទៀតផង។
ជាការសោកស្ដាយបំផុតសម្រាប់កម្ពុជាបន្ទាប់ពីរបូត ១គ្រាប់នៅនាទីទី១ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹងនារីឡាវ ដែលរកបានដោយកីឡាការិនី Anna Keo Onsy កម្ពុជាបានព្យាយាមគ្រប់គ្រងការប្រកួតរហូតមានឱកាសស៊ុតក្នុងតំបន់គ្រោះថ្នាក់ជាតិច្រើនលើក ពិសេសនៅចុងវគ្គទី២ តែមិនអាចទម្លាយរបាំងការពារឡាវបាន ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។
ការបរាជ័យនេះបានធ្វើឲ្យកម្ពុជា ខកខានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រជាថ្មី ដ្បិតកាលពីឆ្នាំមុនកម្ពុជា ទទួលបានជើងឯករងក្នុងពានរង្វាន់កម្រិតទី២ នេះ ក្រោយចាញ់ឥណ្ឌូនេស៊ីនៅវគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញកម្ពុជា នៅសល់ឱកាសសំខាន់មួយទៀត គឺការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ទល់នឹងតិនារីសិង្ហបុរី បន្ទាប់ពីគូប្រជែងបានចាញ់ក្រុមការពារជើងឯកឥណ្ឌូនេស៊ី ២-០ ក្នុងវគ្គ ៤ក្រុមនេះដែរកាលពីយប់មិញ។
សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនាថ្ងៃទី២២ ខែកក្កដា ដោយជំនួបដណ្ដើមលេខ៣ រវាងកម្ពុជា និងសិង្ហបុរី នឹងចាប់ផ្ដើមនាវេលាម៉ោង ៣៖៤៥នាទីរសៀល (ម៉ោងនៅកម្ពុជា) មុនឈានដល់គូដណ្ដើមជើងឯករវាងឡាវ និងឥណ្ឌូនេស៊ី ដែលចាប់ផ្ដើមនាម៉ោង ៧៖៤៥នាទីយប់។
ក្រុមបាល់ទាត់នារីកម្ពុជា ត្រូវការជ័យជម្នះចុងក្រោយនេះ ដើម្បីទទួលបានកៅអីចូលរួមការប្រកួតពានរង្វាន់ AFF Women’s Championship 2027 ដែលមានបេក្ខភាព ៥ក្រុមទៀតកំពុងឈរចាំ ខណៈឡាវ និងឥណ្ឌូនេស៊ី មានកៅអីស្វ័យប្រវត្តិ ដើម្បីចូលរួមប្រកួតពានរង្វាន់កម្រិតទី១ ប្រចាំតំបន់នេះនាឆ្នាំក្រោយ៕








