TSMC សម្រុកបោះទុនរាប់រយពាន់លាននៅអាមេរិក ឆ្លើយតបតម្រូវការ AI ដែលកំពុងកើនឡើងខ្លាំង
20-07-2026 11:33
(បរទេស)៖ ក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេបង្អស់លើពិភពលោក និងជាអ្នកផ្គត់ផ្គង់ចម្បងឱ្យក្រុមហ៊ុន Nvidia បានប្រកាសបង្កើនទុនវិនិយោគសរុបរហូតដល់ ២៦៥ ពាន់លានដុល្លារ (បន្ថែម ១០០ ពាន់លានដុល្លារ) ដើម្បីពង្រីករោងចក្រផលិតបន្ទះឈីប និងមជ្ឈមណ្ឌល R&D របស់ខ្លួននៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទទួលបានប្រាក់ចំណេញបំបែកកំណត់ត្រា ស្របពេលតម្រូវការបន្ទះឈីប AI ហក់ឡើងខ្លាំង។ លោក Wendell Huang ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) របស់ TSMC បានបញ្ជាក់ថា៖ «យើងបន្តមើលឃើញតម្រូវការយ៉ាងខ្លាំងក្លារបស់អតិថិជន ដែលជាតម្រូវការរចនាសម្ព័ន្ធរយៈពេលច្រើនឆ្នាំ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
ទោះជាយ៉ាងណា TSMC កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើននៅអាមេរិក ដូចជាការខ្វះខាតកម្មករសំណង់ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធ។ លើសពីនេះ ក្រុមហ៊ុនក៏កំពុងស្ថិតក្រោមការតាមដានយ៉ាងម៉ឺងម៉ាត់ពីរដ្ឋាភិបាលវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងការត្រួតពិនិត្យការនាំចេញបច្ចេកវិទ្យាទៅចិន ក្រោយមានរបាយការណ៍ថា បន្ទះឈីបរបស់ TSMC បានជ្រុះទៅដល់ដៃក្រុមហ៊ុន Huawei។ ឆ្លើយតបនឹងរឿងនេះ លោក Huang បានលើកឡើងថា TSMC តែងតែគោរពច្បាប់ ប៉ុន្តែលោកបានគូសបញ្ជាក់ថា៖ «នៅពេលដែលអតិថិជនលក់បន្តទៅឱ្យអតិថិជនផ្សេងទៀត យើងមិនអាចមើលឃើញបន្តទៀតឡើយ។ នោះគឺជាការពិត»។
ការប្តេជ្ញាចិត្តពង្រីកខ្លួនរបស់ TSMC ត្រូវបានចាត់ទុកជាជ័យជម្នះផ្នែកនយោបាយសម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលតែងតែជំរុញឱ្យមានការផលិតបន្ទះឈីបនៅក្នុងស្រុក និងបានប្តេជ្ញាថាអាមេរិកនឹងក្តោបក្តាប់សមត្ថភាពផលិតបន្ទះឈីប ៥០% នៃពិភពលោក។ យ៉ាងណាមិញ TSMC ក៏នៅតែបន្តសាងសង់រោងចក្រថ្មីចំនួន ១៣ ទៀតនៅលើកោះតៃវ៉ាន់ ដោយហេតុថាបច្ចេកវិទ្យាកម្រិតខ្ពស់បំផុត តម្រូវឱ្យមានកិច្ចសហការជិតស្និទ្ធរវាងក្រុមស្រាវជ្រាវ និងផ្នែកប្រតិបត្តិការនៅក្នុងស្រុកជាមុនសិន។
ទោះបីជាមានការប្រកួតប្រជែងកាន់តែស្រួចស្រាល់ពីគូប្រជែងធំៗដូចជា Samsung និង Intel ក៏ដោយ ក៏នាយកប្រតិបត្តិរូបនេះនៅតែបង្ហាញទំនុកចិត្តខ្ពស់លើជំហរឈានមុខគេរបស់ខ្លួន ដោយបានសង្កត់ធ្ងន់ថា៖ «យើងមិនមានបំណងទុកឱកាសចោលនោះទេ។ គូប្រជែងរបស់យើងពិតជាពូកែ ប៉ុន្តែយើងរឹតតែពូកែជាង»៕












