ថ្លៃជាងការរំពឹងទុក ១៦ដង! អាវស្បែកតំណាងខ្លួន CEO Nvidia ត្រូវគេដេញថ្លៃទិញក្នុងតម្លៃជិត ១លានដុល្លារ

20-07-2026 14:41

(បរទេស)៖ អាវស្បែកពណ៌ខ្មៅម៉ាក Tom Ford ដែលជាម៉ូដតំណាងខ្លួនដ៏ល្បីល្បាញរបស់លោក Jensen Huang នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nvidia ត្រូវបានគេដេញថ្លៃលក់ក្នុងតម្លៃរហូតដល់ ៩៦០ ម៉ឺនដុល្លារ (ជិត ១លានដុល្លារ) នៅក្នុងព្រឹត្តិការណ៍ដេញថ្លៃរបស់ Sotheby's នាទីក្រុងញូយ៉ក។

តួលេខនេះបានស្ទុះហក់ឡើងខ្ពស់ជាងការប៉ាន់ស្មានដើម (៦០,០០០ ដុល្លារ) រហូតដល់ ១៦ដង បន្ទាប់ពីមានអ្នកប្រមូលទិញចំនួន ៤៥នាក់ បានបើកការប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល់ដើម្បីទិញយកអាវមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters/CNA។

លោក Brahm Wachter ប្រធានផ្នែកវត្ថុប្រមូលទិញសម័យទំនើបរបស់ Sotheby's បានលើកឡើងថា អាវស្បែកនេះគឺជា «វត្ថុដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយបុគ្គលដ៏សំខាន់មួយរូបក្នុងយុគសម័យ AI»។ អាវស្បែកពណ៌ខ្មៅនេះបានក្លាយជា Style សម្គាល់ខ្លួនជាប្រចាំរបស់លោក Huang ដូចទៅនឹងអាវយឺតកខ្ពស់ពណ៌ខ្មៅរបស់ Steve Jobs ឬអាវយឺតពណ៌ប្រផេះរបស់ Mark Zuckerberg ដែរ ដោយលោកតែងតែពាក់វានៅស្ទើរតែគ្រប់កម្មវិធីសាធារណៈ រួមទាំងការបង្ហាញខ្លួនលើគម្របទស្សនាវដ្តី Time កាលពីឆ្នាំ២០២១។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក Jensen Huang ក្រុមហ៊ុន Nvidia បានហក់ឡើងក្លាយជាក្រុមហ៊ុនចុះបញ្ជីសាធារណៈដែលមានតម្លៃទីផ្សារខ្ពស់ជាងគេបង្អស់នៅលើពិភពលោក។ ចំពោះថវិកាជិត ១លានដុល្លារដែលទទួលបានពីការដេញថ្លៃនេះ នឹងត្រូវបរិច្ចាគទាំងស្រុងជូនអង្គការមិនស្វែងរកប្រាក់ចំណេញ Edge Institute ដើម្បីរៀបចំវគ្គបង្រៀនភាសាអង់គ្លេស និងបណ្តុះបណ្តាលជំនាញអាជីវកម្មបែបលោកខាងលិច៕