បារាំងដើរតាមអូស្ត្រាលី! សភាសម្រេចអនុម័តបម្រាមហាមកុមារក្រោម ១៥ ឆ្នាំប្រើប្រាស់បណ្តាញសង្គម និងស្មាតហ្វូននៅសាលា
21-07-2026 10:03
(បរទេស)៖ គណៈកម្មាធិការសម្រុះសម្រួលនៃសភាជាតិបារាំង បានឈានដល់កិច្ចព្រមព្រៀងលើសេចក្តីព្រាងច្បាប់ជាប្រវត្តិសាស្ត្រមួយ ដើម្បីហាមឃាត់កុមារ និងយុវជនដែលមានអាយុក្រោម ១៥ ឆ្នាំមិនឱ្យចូលប្រើប្រាស់បណ្តាញសង្គមឡើយ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហាញជំហរយ៉ាងមុតមាំថានឹងដាក់ឱ្យបម្រាមនេះ «ចូលជាធរមាននៅដើមឆ្នាំសិក្សាថ្មីនាដើមខែកញ្ញាខាងមុខ» ខណៈដែលសេចក្តីព្រាងច្បាប់នេះក៏បានរួមបញ្ចូលទាំងការហាមឃាត់ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននៅតាមវិទ្យាល័យផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ការសម្រេចចិត្តនេះ បានធ្វើឱ្យប្រទេសបារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលដើរតាមគន្លងរបស់ប្រទេសអូស្ត្រាលី បន្ទាប់ពីអូស្ត្រាលីបានដាក់ចេញបម្រាមលើកុមារក្រោម ១៦ ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គមធំៗដូចជា Facebook, Snapchat, TikTok និង YouTube កាលពីខែធ្នូ កន្លងទៅ។ លោក Macron ដែលតែងតែប្រឆាំងនឹងផលប៉ះពាល់នៃអេក្រង់ និងបណ្តាញសង្គមលើសុខភាពផ្លូវចិត្តរបស់កុមារ ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា «អារម្មណ៍របស់កុមារ និងយុវជនមិនមែនសម្រាប់លក់ ឬទុកឱ្យបណ្តាញសង្គមធំៗរបស់អាមេរិក និងចិនបញ្ជាឡើយ»។ លោកក៏បានកៀងគរការគាំទ្រជុំវិញបម្រាមនេះនៅទូទាំងសហភាពអឺរ៉ុប ដោយទទួលបានការគាំទ្រពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ផងដែរ។
យោងតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាព័ត៌មានបារាំងនឹងរៀបចំបញ្ជីឈ្មោះបណ្តាញសង្គមដែលត្រូវហាមឃាត់ឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះ ក្រុមហ៊ុនបណ្តាញសង្គមទាំងអស់នឹងត្រូវបង្ខំឱ្យរៀបចំប្រព័ន្ធផ្ទៀងផ្ទាត់អាយុ (Age verification system) ឱ្យបានត្រឹមត្រូវ ដែលទទួលស្គាល់ និងអនុម័តដោយស្ថាប័នត្រួតពិនិត្យឯកជនភាពរបស់បារាំង ដើម្បីធានាថាគ្មានកុមារក្រោមអាយុ ១៥ ឆ្នាំអាចបង្កើតគណនីថ្មី ឬលួចប្រើប្រាស់បានឡើយ។ ទោះជាយ៉ាងណា ច្បាប់នេះនឹងមានការលើកលែងសម្រាប់បណ្តាញចែករំលែកចំណេះដឹងទូទៅ វចនានុក្រមបច្ចេកវិទ្យា និងគេហទំព័រអប់រំផ្សេងៗ៕








