ឥណ្ឌូនេស៊ី កោះហៅ Luvi ត្រៀមសងសឹកកម្ពុជា តែមន្ដ្រីសហព័ន្ធ ចាត់ទុកជារឿងល្អ និងគ្មានការបារម្ភ

21-07-2026 11:42

(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានធ្វើដំណើរដល់ឥណ្ឌូនេស៊ីហើយ ដើម្បីត្រៀមការប្រកួតជើងទី២ នៃពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V.Cup ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី២២-២៦ ខែកក្កដាខាងមុខ ក្រោយបញ្ចប់បេសកកម្មប្រកួតជើងទី១ នៅប្រទេសហ្វីលីពីន ដ៏ជោគជ័យជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាបានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្មីៗ។

ដំណាលគ្នានឹងការធ្វើដំណើរដល់រដ្ឋធានីហ្សាកាតា កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដានេះ ក៏មានព័ត៌មានដ៏រសើបមួយ ជុំវិញការសម្រេចរបស់សហព័ន្ធកីឡាបាល់ទះឥណ្ឌូនេស៊ី ក្នុងការកោះហៅកីឡាករ Luvi Febrian Nugraha ឲ្យចូលរួមក្រុមជម្រើសជាតិជាលើកដំបូង ជំនួសកីឡាករ Doni ដែលត្រូវបានដឹងថា មានបញ្ហារបួស តែមានប្រភពមួយទៀតបង្ហើបថា ដោយសារអន់ចិត្តមិនសូវបានលេង នៅជើងទី១ ទើបរូបគេមិនចូលរួមនៅជើងទី២។

ជុំវិញការកោះហៅកីឡាករ Luvi ដែលមានបទពិសោធន៍ជោគជាំ និងបានរួមចំណែកយ៉ាងសំខាន់ ជួយឲ្យក្រុមបញ្ជាការដ្ឋានអង្គរក្ស គ្រងជើងឯកព្រឹត្តិការណ៍បាល់ទះតេជោលីគ ៣រដូវកាលជាប់គ្នានេះ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជាមានការចាប់អារម្មណ៍ និងបង្ហាញច្បាស់ពីការពង្រឹងក្រុមត្រៀមប្រជែងជើងឯក SEA V.Cup ជើងទី២ លើទឹកដីរបស់ខ្លួន ក៏ដូចជាដើម្បីសងសឹកក្រុមជម្រើសជាតិកម្ពុជា ដែលបានយកឈ្នះពួកគេ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រកាលពីជើងទី១ ផងដែរ។

ប៉ុន្ដែដំណឹងនេះ ត្រូវបានលោកបណ្ឌិត អាំង សេរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បញ្ជាក់ក្នុងវីដេអូផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកនេះថា គ្មានការព្រួយបារម្ភ ឬខ្លាចរអាឡើយ ផ្ទុយទៅវិញ លោកបានចាត់ទុកការកោះហៅ Luvi ចូលរួមក្រុមជម្រើសជាតិឥណ្ឌូនេស៊ី គឺជារឿងល្អទៀតផង ដោយបង្ហាញឲ្យឃើញនូវគុណតម្លៃព្រឹត្តិការណ៍តេជោលីគរបស់កម្ពុជា ដែលកីឡាករឥណ្ឌូនេស៊ីរូបនេះ ធ្លាប់បានប្រកបអាជីព តាមរយៈការលេងឲ្យក្រុមបញ្ជាការដ្ឋានអង្គរ ៣រដូវកាលកន្លងមក។

និយាយលក្ខណៈលេងសើចបន្លំមែនលោកថា «ចង់ Luvi ក្ដី ឬបិតា Luvi ក្ដី នៅលើទីលានយើងអត់ដែលខ្លាចទេ យើងត្រូវតែលេង។ មែនទៅខ្ញុំទទួលស្គាល់ Luvi គាត់ពិតជាល្អ ហើយក៏មានអ្នកល្អៗជាងគាត់ច្រើនដែរ»។ លោកបន្ថែមទៀត ធាតុពិត Luvi មិនមានឈ្មោះក្នុងបញ្ជីជម្រើសជាតិទេ តែយ៉ាងណាមន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល បានសម្ដែងការសាទរដែលរូបគេមានឱកាសជាប់ជម្រើសជាតិលើកដំបូង ក្រោយការសាងស្នាដៃក្នុងការប្រកួតេជោលីគនៅកម្ពុជា។

លោកបន្ដថា «ខ្ញុំ និងអត្តពលិករបស់ខ្ញុំ យើងសប្បាយចិត្ត ដែលអាចជួបមិត្តចាស់ (Luvi) របស់យើងក្នុងពានដ៏ធំប្រចាំតំបន់នេះ ព្រោះមិនងាយនឹងមានឱកាសចូលទេ ព្រោះឥណ្ឌូនេស៊ីមានប្រជាពលរដ្ឋជិត ៣០០លាននាក់។ ចឹងគាត់(Luvi) ប្រហែលជាភ្ញាក់ផ្អើលហើយ ព្រោះជាលើកទី១ ដែលគាត់ជាប់ជម្រើសជាតិ ដោយសារយោងហេតុផលគាត់សាងស្នាដៃនៅតេជោលីគ។ ដូច្នេះមានន័យថា តេជោលីគរបស់យើង គឺជាលីគមួយមិនធម្មតា អស្ចារ្យដែរដែលអាចផ្លាស់ប្ដូរការគិតរបស់គ្រូជម្រើសជាតិឥណ្ឌូនេស៊ី»

សូមរំឮកថា ក្រោយបង្កើតប្រវត្តិសាស្ដ្រដ៏អស្ចារ្យ ក្នុងការគ្រងជើងឯក SEA V.Cup ជើងទី១ នៅហ្វីលីពីន ក្រុមជម្រើសជាតិកម្ពុជា នឹងបន្ដបេសកកម្មប្រកួតជើងទី២ ក្រោមរូបមន្ដដូចគ្នា ដើម្បីប្រជែងជើងឯកនៅជើងទី២ ក្នុងព្រឹត្តិការណ៍កម្រិតកំពូលប្រចាំតំបន់នេះ នៅប្រទេសឥណ្ឌូនេស៊ី ដោយកម្ពុជាស្ថិតក្នុងពូល A ដដែល ហើយត្រូវប្រកួតបើកឆាកប៉ះម្ចាស់ផ្ទះឥណ្ឌូនេស៊ីមុនគេ នាថ្ងៃទី២២ ខែកក្កដា មុនជួបហ្វីលីពីន នៅថ្ងៃទី២៣ ខែកក្កដា ហើយក្រុមឈរលេខ១ និងលេខ២ តាមពូលនីមួយៗ នឹងត្រូវឡើងទៅវគ្គបន្ដបន្ទាប់៕